ភ្នំពេញៈ អាជ្ញាធរ​កម្ពុជា​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ស្ត្រី​ខ្មែរ​អ៊ិស្លាម​ម្នាក់ ដែល​កំពុង​រស់នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពី​នាង​បាន​អំពាវនាវ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍​យក​នាង​ត្រឡប់មក​កម្ពុជា​វិញ ក្រោយពី​នាង​ចាញ់បោក​មេខ្យល់​តាំងពី​ឆ្នាំ​ ២០១៧​។

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ លោក​ ជីវ ផល្លី ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពីថ្ងៃ​ទី​ ២៨ ធ្នូ ថា លោក​បាន​ទទួល​ដំណឹង​នេះហើយ ដោយ​មន្ត្រី​ជំនាញ​បាននិង​កំពុង​ទាក់ទង​ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​បង្ហោះ​វីដេអូ​សុំ​អន្តរាគមន៍​នេះ​។ រីឯ​មន្ត្រី​មួយក្រុម​ផ្សេងទៀត កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ និង​ក្រុមគ្រួសារ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក៏​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​នារី​រងគ្រោះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​ទាក់ទង​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ហើយ​គឺ​ទាក់ទង​រក​សាច់ញាតិ នៅ​ស្រុក​ខ្មែរ ទាក់ទង​ទៅ​ម្ចាស់​គណនី​ហ្វេសប៊ុក​ហ្នឹង ហើយ​មន្ត្រី​ស្ថានទូត​យើង​នៅ​ទីនោះ​កំពុង​សហការ​ជាមួយ​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ស្វែងរក​ដែរ​។ ប៉ុន្ដែ​យើង​នៅ​មិនទាន់​មាន​ការឆ្លើយតប​ណាមួយ​នៅឡើយ​ទេ គឺ​យើង​នឹង​នៅតែ​ព្យាយាម​ជួយសង្គ្រោះ​គាត់​ឱ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​»​។

តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ Rohimah Binti Mohamad Aly ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ ខែធ្នូ​ថា នារី​រងគ្រោះ​ឈ្មោះ លីរ៉ ហីម៉ាស់ អាយុ​ ២៦ ​ឆ្នាំ​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បង្ហោះ​វីដេអូ​បង្ហាញថា​រូបនាង​កំពុង​រងគ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់​បាន​នាំមក​លក់​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ ​មក​រហូតដល់​ពេលបច្ចុប្បន្ន​។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ លីរ៉ ហីម៉ាស់ បច្ចុប្បន្ន​នាង​កំពុង​រស់នៅ និង​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ពី​ម្សិលមិញ មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការស្នើ​សុំឱ្យ​អន្តរាគមន៍​ត្រឡប់មក​កម្ពុជា​វិញ​នោះទេ​។

ប៉ុន្ដែ​នាង​បាន​និយាយ​ក្នុង​វីដេអូ​ខ្លី​មួយ​កាលពី​ថ្ងៃទី​ ២៨ ធ្នូ​ថា​៖ «​នាង​ខ្ញុំ​កំពុង​រស់នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​ការចាញ់បោក​មេខ្យល់​នាំយក​ខ្ញុំ​មក​លក់​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ ចាប់តាំងពី​ឆ្នាំ​ ២០១៧ ​រហូត​ដល់​បច្ចុប្បន្ន ដោយ​សព្វថ្ងៃនេះ​មិន​មាន​អាជ្ញាធរ និង​អង្គការ​ណា​អន្តរាគមន៍​ជួយ​ខ្ញុំ​ចេញពី​ប្រទេស​នេះ​ទេ​»​។

ស្ត្រី​រូបនេះ​បន្តថា​៖ «​ដូច្នេះ​ខ្ញុំ​មានតែ​លើកដៃ​សំពះ​សុំ​អង្វរ​គោរព​ជូន​សម្ដេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​នានា​មេត្ដា​ជួយ​នាង​ខ្ញុំ​ដែល​កំពុង​រងគ្រោះ​ផង​»​។

នាង​រៀបរាប់​ថា​៖ «​ក្នុង​ជីវភាព​រស់នៅ​សព្វថ្ងៃ​នៅ​ទីនេះ​ម្ចាស់​ផ្ទះ​បាន​វាយ​ធ្វើបាប​នាង​ខ្ញុំ​ស្ទើរ​រៀងរាល់​ថ្ងៃ​ដោយ​មិនមាន​ការជួយ​សង្គ្រោះ​ពី​អ្នកដទៃ​ទេ​។ ម្ចាស់ផ្ទះ​បាន​ដកហូត​ឯកសារ​ផ្សេងៗ​ពី​ខ្លួន​នាង​ខ្ញុំ​ទាំងអស់ ហើយ​ក៏​គ្មាន​គិត​ប្រាក់ខែ ឬ​ឱ្យ​លុយ​សម្រាប់​ចំណាយ​ផ្ទាល់ខ្លួន​ដែរ​។ លើសពីនេះ​ពួកគេ​ហាម​ខ្ញុំ​មិនឱ្យ​ចេញ​ទៅ​ជួប​នរណាម្នាក់​នៅ​ខាងក្រៅ​ទេ​»​។

ស្ត្រី​រងគ្រោះ​បន្តថា​៖ «​នាង​ខ្ញុំ​ជា​កូនកំព្រា​ឪពុកម្ដាយ ដោយ​រស់នៅ​ជាមួយ​ជីដូន​ចាស់​ និង​ប្អូនៗ​ ២ ​នាក់​ទៀត​។ ខ្ញុំ​បាន​ចាកចេញ​ពី​ផ្ទះ​តាំងពីក្មេង ដើម្បី​រកលុយ​ចិញ្ចឹម​គ្រួសារ ដោយ​មិន​នឹកស្មានថា គេ​យក​ខ្ញុំ​មក​លក់​បែបនេះ​សោះ​»​។

លោក​ មឿន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុស្ស​ថ្លែង​ថា ប្រទេស​មួយចំនួន​ដែល​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ទីនោះ​មិន​សូវ​គោរព​សិទ្ធិ និង​ឱ្យ​តម្លៃ​លើ​នារី​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​នៅតែ​មិនទាន់​យល់ថា​មាន​ប្រទេស​ខ្លះ​យើង​អត់​មាន​ MoU ​បញ្ជូន​ ឬ​ទទួល​ពលករ​ទៅធ្វើការ​នៅ​ទី​នោះទេ ប៉ុន្ដែ​ហេតុអ្វី​បានជា​គេ​អាច​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការងារ​នៅ​ទីនោះ​មាន​ទាំង​ស្របច្បាប់​ និង​មិន​ស្របច្បាប់​។ និយាយ​រួម​គឺ​មិន​មាន​គោលការណ៍​ច្បាស់លាស់​ទេ ហើយ​រឿងនេះ​នៅតែ​កើតមានឡើង​»​។

លោក​ តុលា ជំរុញ​ឱ្យ​រដ្ឋាភិបាល​តាមរយៈ​ក្រសួងការបរទេស​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ប្រញាប់​ជួយ​នារី​រងគ្រោះ​ឱ្យបាន​ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​ចៀសវាង​មាន​ហិង្សា​។

ពី​ម្សិលមិញ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ កុយ គួង ប្រាប់ថា​លោក​មិន​បានដឹង​រឿងនេះ​ទេ ហើយក៏​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ដែរ​។ លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​ការបរទេស​ និង​ស្ថានទូត បាននិង​កំពុង​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​ទីតាំង និង​វិធី​អន្តរាគមន៍​ជួយ​គាត់​ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ​៕