ភ្នំពេញៈ កម្ពុជា​កំពុង​សាងសង់​អគារ​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ចំនួន ១៦ ប៉ុស្តិ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ-ឡាវ​ស្ថិត​នៅ​ទិស​ភូមិភាគ​ទី​ ៤ និង​ទី​ ៥ ក្នុង​ខេត្តព្រះវិហារ ពោធិ៍សាត់ ឧត្តរមានជ័យ ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​នៅ​តាម​ច្រកចេញ​ចូល​ព្រំដែន​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​ ១៣ ​ខែ​កក្កដា​ថា ការចំណាយ​សម្រាប់​ការសាងសង់​ប៉ុស្ដិ៍​នេះ​គឺជា​ថវិកា​របស់​រដ្ឋ​។ ការសាងសង់​នេះ​គឺ​ធ្វើឱ្យ​មាន​ផលប្រយោជន៍​ច្រើន​គឺ​ពហុប្រយោជន៍​នៅ​តាម​បន្ទាត់​ព្រំដែន និង​ដើម្បី​ការពារ​ច្រកចេញចូល បម្រើ​ការងារ​ដោះដូរ​ទំនិញ​ផ្សេងៗ​នៅ​ច្រកព្រំដែន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការសាងសង់ ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​នេះ​ក៏​ដោយសារ​ប៉ុស្ដិ៍​ចាស់ៗ​បាន​ខូចខាត​អស់​ទៅ​ហើយ ដូច្នេះ​រដ្ឋាភិបាល​បានផ្ដល់​ថវិកា​ដើម្បី​សាងសង់​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​នេះ​ជា​បណ្ដើរៗ​ជា​រៀងរាល់​ឆ្នាំ​នៅ​តាម​ខេត្ដ​ជាប់​ព្រំដែន​»​។

លោក​បានឱ្យ​ដឹង​ថា ការសាងសង់ ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​នេះ​គឺ​ធ្វើជា​លក្ខណៈ​ប៉ុស្ដិ៍​គំរូ​ដូចជា​ការសាងសង់​សាលាឃុំ​នៅ​តាម​បណ្ដា​ខេត្ដ​នានា​ដូចគ្នា​ដែរ​។

លោក វូ ហាក់ ប្រធាន​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ព្រំដែន​នៃ​ក្រសួងមហាផ្ទៃ​ថ្លែង​កាលពី​ថ្ងៃទី​​ ១៣ ខែកក្កដា​ដែរ​ថា ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក ចំនួន ១៦ ​ប៉ុស្តិ៍ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ-ឡាវ​ស្ថិត​នៅ​ទិស​ភូមិភាគ​ទី​ ៤ និង​ទី​ ៥ នៅក្នុង​ខេត្តព្រះវិហារ ពោធិ៍សាត់ ឧត្តរមានជ័យ​។

លោក ហាក់ បញ្ជាក់​ថា​៖ «​កាលពី​ថ្ងៃទី​ ១០ ​ខែ​កក្កដា​ខ្ញុំ​បាន​ចុះ​ពិនិត្យ​ក្រុមការងារ​ក្នុង​ការសាងសង់​ប៉ុស្ដិ៍​តាម​ព្រំដែន​នេះ​តាម​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាលជាតិ ដើម្បី​ឱ្យ​ក្រុម​ជាង​ខិតខំ​យកចិត្ត​ទុកដាក់​ក្នុង​ការសាងសង់​ឱ្យ​បាន​រួចរាល់​មុន​រដូវភ្លៀង​មកដល់ ដើម្បី​ធានា​គុណភាព​សំណង់​ប្រើប្រាស់​បានយូរ​អង្វែង​»​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា គម្រោង​សាងសង់​អគារ​ប៉ុស្តិ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ-ឡាវ​នេះ​ គឺជា​ការល្អ​សម្រាប់​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សាទរ​ចំពោះ​ការធ្វើ​ប៉ុស្តិ៍​ និង​គម្រោង​អភិវឌ្ឍន៍​នៅតាម​បន្ទាត់​ព្រំដែន​បែប​នេះ​។ ការធ្វើ​នេះ​អាច​រឹតបន្តឹង​ទាំង​សុខ​សុវត្ថិភាព និង​ចូលរួម​អភិវឌ្ឍ​តំបន់​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​យើង​ផងដែរ​។ បើ​មាន​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​នៅ​តាម​ព្រំដែន​ប្រជាជន​អាច​ប្រកប​អាជីវកម្ម និង​អាច​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​​ប្រទេស​ជិតខាង​។ វា​ជា​មធ្យោបាយ​មួយ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការការពារ​ថែរក្សា​ព្រំដែន​កម្ពុជា និង​អភិវឌ្ឍ​នៅ​តំបន់​ព្រំដែន​ឱ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ និង​សង្គម​រឹតតែ​ផុសផុល​ផងដែរ​»​។

បើ​តាម​លោក វូ ហាក់ អគារ​ប៉ុស្ដិ៍​ដែល​គ្រោង​សាងសង់ រួមមាន ប៉ុស្ដិ៍​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​ពោធិ៍សាត់​របស់​វរសេនាតូច​ការពារ​ព្រំដែន​គោក​លេខ ៨២៥ ចំនួន ២ ​ប៉ុស្តិ៍​។ ខេត្តព្រះវិហារ​ចំនួន ១០ ​ប៉ុស្តិ៍ វរសេនាតូច​លេខ​ ៧៩៥ ចំនួន ១ ​ប៉ុស្តិ៍​វរសេនា​តូច​លេខ​ ៧៩៣ ចំនួន ២ ​ប៉ុស្តិ៍ វរសេនា​តូច​លេខ​ ១០៥ ចំនួន ៧ ​ប៉ុស្តិ៍​។ ខេត្ត​ឧត្តរមានជ័យ​ចំនួន​ ៤ ប៉ុស្តិ៍ វរសេនាតូច​លេខ​ ៩០៥ ចំនួន ២ ​ប៉ុស្តិ៍ វរសេនា​តូច​លេខ​ ៧០២ ​ចំនួន ២ ​ប៉ុស្តិ៍​៕