ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​​ ទៅ​នឹង​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ដែល​បន្ត​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា ក្នុង​ស្ថានភាព​អាក្រក់​នៃ​​ការ​មិន​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​ដោយ​មិន​បាន​បំពេញ និង​មិន​បាន​តាំង​ចិត្ត​​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​ជា​អ្វី​ដែល​​ក្រុមមន្ត្រី​កម្ពុជា​បាន​​ច្រាន​ចោល​ដោយ​ថា កម្ពុជា​មានការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​មានការ​ប្តេជ្ញា​ខ្ពស់​ណាស់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។

លោក យឹម វិ​រៈ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (គ.ជ.ប.ជ) ​ថ្លែងថា រហូត​មក​ដល់​ថ្ងៃអាទិត្យ​ម្សិលមិញ​ កម្ពុជា មិនទាន់​ទទួលបាន​របា​យ​ការ​ណ៍​របស់​អាមេរិក ដែល​លើកឡើង​ពី​បញ្ហា​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​ជា​ផ្លូវការ​នោះទេ បន្ទាប់​​ពី​សហរដ្ឋអាមេរិក បានចេញ​ផ្សា​យ​របាយការណ៍​នេះ កាលពី​ថ្ងៃ​សុក្រ។ ទោះ​យ៉ាងណា លោក វិ​រៈ មិនបាន​ច្រាន​ចោល​ទាំងស្រុង ​ចំពោះ​របាយ​ការណ៍​នេះ​ទេ ដោយ​លោកគ្រាន់តែ​ថ្លែង​ថា វា​ហាក់​មាន​ភាព​លម្អៀង​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជាដែ​ល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការ​​ងារ​របស់ខ្លួនក្នុងការ​ទប់ស្កាត់ ការជួញដូរ​មនុស្ស​ ប៉ុន្តែ​បែរជា​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​​អាក្រក់​​បែបនេះ​ទៅវិញ។

លោក​បញ្ជាក់ថា៖ «ការវាយ​តម្លៃ​របស់​ស​ហ​រដ្ឋ​អាមេរិក​ជា​រៀងរាល់ឆ្នាំ គឺ​ផ្អែកលើ​គោល​​ការណ៍​បទដ្ឋាន​អប្បបរ​មា​នៃ​ការ​វាយ​តម្លៃ​របស់គេ។ ប៉ុន្តែ​ជា​សិទ្ធិសេរីភាព​ក្នុងការ​ពិនិ​ត្យ​ឃើ​ញ​ជ្រុង​ណាមួយដូចដែល​រដ្ឋា​ភិបា​​ល របស់​យើងមិនទាន់​មាន​​ការខិ​ត​​ខំ​ប្រឹងប្រែងនោះ​យើង​មិនទាន់​ដឹ​ង​មានការ​ជាក់លាក់​នៅ​ឡើយ​ទេ»។

លោកបន្តថា៖ «ការខិតខំ​ប្រឹង​ប្រែងរ​បស់​យើងមានកា​ប្តេជ្ញា​ខ្ពស់​ណាស់ ក្នុងការ​ប្រយុ​ទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​ដោយ​សារ​តែ​អំពើ​ជួញដូរ គឺជា​ការ​​រំលោភសិទ្ធិ​ដ៏​ធ្ងន់ធ្ងរ​របស់​បុគ្គល ដែល​យើង​ត្រូវតែ​ការពារ​ដាច់​ខាត។ អ្វីដែល​ជាការ​ព្រួយ​បារម្ភ គឺ​ការវាយតម្លៃ​នេះ គឺ​ចូល​ជាង ១០ ឆ្នាំហើយ​ ដែល​កម្ពុជាធ្លាប់​ទទួលបាន TIER 2 watch list ហ្នឹង ក្នុង​រយៈ​ពេល ២ ឆ្នាំ ជាប់​គ្នា​ក៏មានដែរ ហើយ​ក្រោយមកយើង​ខិតខំ​ប្រឹងប្រែង​ គេ​ដា​ក់មក TIER 2 វិញដែល​ទើបតែ​ឆ្នាំនេះយើ​ង​​​វិល​មក TIER 2 watch list វិញ។ ​ការខិតខំ​របស់​យើងបាន​ច្រើនណាស់គាត់​មិនបាន​មើ​ល​ឃើញ​ទេ ទៅជា​រឿងរ៉ាវ​ដែល​គាត់​គិតថាយើង​មិន​បានធ្វើ ហើ​​យ​របាយការណ៍​វា​ទៅ​ប​ញ្ច្រា​​ស់​​​គ្នានឹ​ង​ការខិតខំ​របស់​យើង​ទៅវិញ»។

កាលពី​ថ្ងៃ​សុក្រ អាមេរិកបា​ន​​ចេញ​ផ្សាយ​របាយការណ៍​មួយ​ ស្ដីពី​ការជួញដូរ​មនុស្ស​ក្នុង​ពិភព​លោក​ ក្នុង​នោះ​ក៏មាន​ប្រទេស​កម្ពុជា​ និង​ប្រទេស​នៅ​តំបន់​អាស៊ាន​ចំនួន ៤ ផ្សេង​ទៀតមា​ន ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី និង​វៀតណាម ស្ថិតនៅ​ចំណាត់​ថ្នា​ក់​ប្រទេស​ដែល​មិនបាន​បំព​ញ​បទដ្ឋាន​គ្រប់គ្រាន់​ ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។

របាយការណ៍​នោះ​បង្ហាញថា ចំណាត់ថ្នាក់​កម្ពុជា​នៅ​ឆ្នាំនេះ បាន​បន្ត​ធ្លាក់ចុះ​មួយកម្រិត​ទៀត​ពោលគឺ​កាលពី​ឆ្នាំ ២០​១​៨ មាន​ចំណាត់ថ្នាក់​លេខ ២ ហើ​យ​​​ធ្លាក់​មក​នៅ​ចំណាត់ ថ្នាក់ លេខ ២ ក​ន្លះ​ដែល​កៀក​នឹង​ចំណាត់​ថ្នាក់លេខ ៣ ដែល​​ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រទេស​មាន​ស្ថាន​ភាព​អាក្រក់​បំផុត​ក្នុង​អំពើ​ជួញដូរ​មនុស្ស។

តាម​របាយការណ៍​រប​ស់​អាមេរិកបាន​លើកឡើងថា ដើម​ច​ម​ដែល​កម្ពុជាធ្លាក់​ក្នុង​ចំណា​ត់​ថ្នាក់​នេះ​ក៏​ព្រោះតែ​អាជ្ញាធរ​កម្ពុ​ជា មិនបាន​បង្កើន​សកម្ម​ភាព​រប​ស់​ខ្លួន​ ឲ្យ​ខ្លាំងក្លា​ជាង​មុន​នោះទេ ក្នុង​ការ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស ខណៈដែល​បញ្ហា​អំពើ​ពុករលួយ និង​ការ ស៊ើបអង្កេត​ពី​ការជួញដូរ​មនុស្ស​គ្មាន​តម្លាភាព។ បន្ថែម​ពីនេះ រដ្ឋាភិបាល​កម្ពុជាក៏បាន​ប្រើប្រាស់​ច្បាប់​ទាំ​ង​បំពាន​ប្រឆាំង​ទៅនឹង​គណបក្សប្រឆាំង និង​អ្នក​មួយចំនួន ដែល​ហ៊ាន​បង្ហាញ​រូបភាព​ផ្សេ​ង​ៗ​ជុំវិញ​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ផងដែរ។

របាយការណ៍​ថា​៖ «​រដ្ឋាភិបាល​កម្ពុជា​ មិនអាច​បំពេញ​តាម​បទ​​​ដ្ឋាន​អប្បបរមា​សម្រាប់​ឈាន​ដល់​ការលុបបំបាត់​ការជួញដូរ​មនុស្ស​នោះទេរដ្ឋាភិបាល​កម្ពុ​ជា ​មិនបាន​បង្ហាញ​ការកើន​ឡើង នៃ​ការខិតខំ​ប្រឹងប្រែង បើ​ប្រៀប​ធៀ​ប​នឹង​រយៈពេល​ការធ្វើ​របា​យការណ៍​មុន។ អាជ្ញាធរ​មិនបាន​ប្រមូល​ឬ​ចែករំលែក​ព័ត៌មាន​សំខាន់ៗ អំពី​កិច្ច​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើ​យ​ទេ ហើយ​អំពើ​ពុករលួយ​នៅតែ​បន្ត​រារាំង​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​ដំណើរការ​នីតិវិធី​ព្រហ្មទណ្ឌ និង​ការ​ផ្តល់​សេវា​ជូន​ជន​រងគ្រោះ»។

របាយ​ការណ៍​ដដែល​ ក៏បាន​លើកឡើង​ផងដែរ​ថា រាជ​រដ្ឋា​ភិបាល​មិនបាន​ស៊ើបអង្កេត​ពី​ភាពជឿជាក់​បាន​នៃ​បទល្មើស​ទាក់ទង​នឹងការ​​ឈ្មួញ​ជួញដូរ​ធំៗ ដែល​បណ្ដាល​ឲ្យ​បុរស ស្ត្រី និង​កុមារ​រាប់ពាន់នាក់​នៅ​ទូទាំ​ង​ប្រទេស ក្លាយជា​ជនរងគ្រោះ ​នៃ​ការជួញដូរ​តាមរយៈ​បំណុល ជាពិសេស​ក្នុង​វិស័យ​ឡឥដ្ឋ។

ប៉ុន្តែលោក ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​​ថ្លែង​កាល​ពី​ម្សិលមិញ​ថា កម្ពុជាមិ​ន​ខ្វល់​នឹង​ការដាក់​ចំណាត់ថ្នា​ក់​​ក្នុង​កម្រិត​ណា​របស់​អាមេរិក​ពេលនេះ​នោះទេ ព្រោះ​កន្លងមក កម្ពុជាបាន​ចូលរួម​សក​ម្ម​​ភាព​ជាច្រើន ដូចជា​ការរៀបចំ​ច្បាប់ និង​យន្តការ​គ្រប់​ជាន់​ថ្នា​ក់ ដើម្បី​ឆ្លើយតប និង​ប្រយុទ្ធ​ប្រ​ឆាំ​ង នឹង​អំពើ​ជួញដូរ​មនុស្ស។

ជាមួយគ្នានេះលោក ស៊ី​ផាន ក៏​អះអាង​ដែរ​ថា កម្ពុជាធ្វើ​សកម្មភាព​ទាំងនេះ ក៏​មិនមែន​ឆ្លើយតប ឬ​ដើម្បី​ទទួលបាន​កា​រ​សរ​សើរ​ពី​សហរដ្ឋ​អាមេរិក​នោះ​ដែរ​ព្រោះ​សកម្មភាព​របស់​កម្ពុ​ជា គឺធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តបនឹង​អំពើ​អមនុស្សធម៌​ទាំងនេះដែ​ល​​ក្នុង​នាម​ជារដ្ឋាភិបាល​​កម្ពុជា ត្រូវតែ​ចាត់​វិធានការ។

លោក​បញ្ជាក់ថា៖ «អាហ្នឹង​គឺជាការ​​វាយតម្លៃ​របស់គេប៉ុន្តែ​រាជ​រដ្ឋា​ភិបាល​កម្ពុជាមិនសូវ​ជា​យកចិត្តទុកដាក់​ចំពោះ​ការ​វាយ​​តម្លៃ ចំណាត់ថ្នាក់​យ៉ាង​ម៉េច​យ៉ាង​ម៉ា​របស់​អាមេរិក​នោះទេ យើង​មិន​បាន​ធ្វើការ​ងារ​នេះដើម្បី​បំពេ​ញ​​ចិត្ត​សហរដ្ឋអាមេរិក​នោះទេ។ ក៏ប៉ុន្តែ​ជា​ក្រមសីល​ធម៌ និង​វប្ប​ធម៌​របស់​កម្ពុជា គឺ​យើង​បាន​ប្តេ​ជ្ញា​ប្រឆាំង​នឹង​អំពើ​ជួញដូរ​នេះ»។

លោកស្រី មាស សា​អ៊ី​ម អនុ​​ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​នៃ​សមា​គម​អាដហុក ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស និង​ចំណាកស្រុក បាន​ថ្លែង​ថា រដ្ឋាភិបាល បាន​ខិតខំ​ទប់ស្កាត់​បញ្ហា​នេះហើយ ប៉ុន្តែ​គ្រាន់តែ​អ្វីដែល​ពួកគាត់បានធ្វើ​គឺ​ហាក់​មិន​ចំ​គោលដៅ និង​មិនបាន​ឆ្លើ​យ​​​តប​ទៅនឹង​ទិដ្ឋភាព​ជាក់​ស្តែង​ក្នុង​សង្គម​កម្ពុជា​តែប៉ុណ្ណោះ។

លោកស្រី​បញ្ជាក់​ថា៖ «បើ​គាត់​មាន​ឆ​ន្ទៈក្នុងការ​ដោះស្រាយ ហេតុអ្វី​មេខ្យល់​ធំ (ជួញដូរ​មនុស្ស) មិន​ត្រូវបាន​ចាប់ខ្លួន បែរជា​ចាប់​បានតែ​មេខ្យល់​តូច​ៗ ដែល​ពេលខ្លះជា​ជនរងគ្រោះ​ផង។ ខ្ញុំ​អាច​និយាយថា មន្ត្រី​រដ្ឋាភិបាលមួយចំនួនធំ គាត់​មានការ​ប្រឹងប្រែងប៉ុន្តែ​ការ​ប្រឹងប្រែង​មួយចំនួន​នោះមិន​ចំ​គោ​ល​​ដៅ និង​ឆ្លើយតប​ទៅ​នឹង​​ការស្វែងរក​យុត្តិធម៌​របស់​ជន​រង​គ្រោះ​នឹង​ការជួញដូរ​នោះ​ទេ»។

របាយការណ៍​របស់​អា​មេ​រិ​ក ក៏បានផ្តល់​អនុសាសន៍​មួយ​ចំនួ​​ន ដោយ​ជំរុញ​ឲ្យ​កម្ពុជា​ អនុវត្តឲ្យ​បាន​ដោយ​ការ​បង្កើ​ត​ភ្នាក់ងារ​ស៊ើបអង្កេត​សម្ងាត់ និង​មន្ត្រី​តាមមើល​ដំណើរការ​តុលាការ កំណត់​មុខសញ្ញា​ជន​ងាយ​រងគ្រោះ ដោយ​ការ​កែ​​សម្រួល​ច្បាប់​ដើម្បី​ឲ្យ​មាន ការ សងជំងឺ​ចិត្ត​ដល់​ជនរង​គ្រោះ បង្កើន​ការយល់ដឹង​ជា​សា​ធា​​រណៈ​ពី​ការធ្វើ​ចំណាកស្រុក និង​ពង្រឹង​ការត្រួត​ពិនិត្យ​លើ​ភ្នាក់ងារ​ជ្រើសរើស​ពលករ។

ជាពិសេស​នោះ​រដ្ឋាភិបាល ត្រូវ​បង្កើន​ការស្ដារ​នីតិសម្បទា​ដល់​ជនរង​គ្រោះ និង​ត្រួតពិនិត្យ​លើ​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ឯកជន​ ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នៃ​បំណុលដែលជា​ដើម​ហេតុ​ក្នុងការ​លើក​ទឹក​ចិត្ត​ដល់​ជន​រង​គ្រោះ​​ឲ្យ​ធ្វើ​ចំណាកស្រុក ទាំង​នៅ​ក្នុង និង​ទៅ​ក្រៅ​ប្រទេ​ស ដែល​អនុសាសន៍​​ទាំងនេះ​ត្រូវ​បាន​ លោក យឹម វិ​រៈ ​អះ​អាង​ថា កម្ពុជានឹង​ពិនិត្យ​មើល​ឡើងវិញ៕