
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីឆ្នាំមុន។ ហុង មិនា
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកដែលថា រដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្សនាឆ្នាំ ២០២០ ហើយបានហៅរបាយការណ៍ដែលទើបចេញផ្សាយថាបានបង្កប់ន័យនយោបាយ ដែលមិនបង្ហាញពីភាពជាក់ស្តែងនៅកម្ពុជា ខណៈរដ្ឋាភិបាលបានខិតខំលុបបំបាត់និទ្ទណ្ឌភាព និងស្តារសិទ្ធិមនុស្ស។
ការឆ្លើយរបស់កម្ពុជានាពេលនេះ បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំលើកទី៤៥ របស់ខ្លួនកាលពីថ្ងៃ ៣០ មីនា ស្តីពីការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២០ ក្នុងនោះបានអះអាងថា ខ្លួនបានរកឃើញអំពើនិទ្ទណ្ឌភាពបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជា។ ជាមួយនេះបានចោទរដ្ឋាភិបាលកម្ពុជាថាបន្តរំលោភ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានថ្លែងកាលពីម្សិលមិញថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះគឺមាននិន្នាការនយោបាយដោយមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជាឡើយ។
លោកបានបញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជាខំប្រឹងណាស់ចំពោះការលុបបំបាត់និទ្ទណ្ឌភាព ប៉ុន្តែយើងឈរទៅលើការអនុវត្តតាមនីតិរដ្ឋ ច្បាប់ ដូច្នេះហើយទើបយើងមានកំណែទម្រង់ច្បាប់ ដើម្បីឆ្លើយតបទៅនឹងភាពថ្លៃថ្នូរនៃមនុស្សជាតិ សេរីភាព សិទ្ធិមនុស្សជាមូលដ្ឋាន»។
ចំពោះការអនុវត្តច្បាប់នាឆ្នាំ ២០២០ កន្លងមកនេះ ដែលមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំ និងជួបជុំ លោក ផៃ ស៊ីផាន បានពន្យល់ថា ទាំងនេះដោយសារកម្ពុជាបានគិតគូរពីសុខុមាលភាព សុខភាពសាធារណៈជាចម្បង ខណៈរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន បានលើកឡើងថា ការចេញរបាយការណ៍របស់អាមេរិករិះគន់បញ្ហាសិទ្ធិមនុស្សក្នុងរដ្ឋអធិបតេយ្យមួយ វាជារឿងធម្មតា និងអាចទទួលយកបានបើការរិះគន់នោះធ្វើឡើងដោយផ្អែកលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិមនុស្ស។ បញ្ហាសិទ្ធិមនុស្សគ្មានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចធ្វើជាគ្រូ និងជាគំរូសម្រាប់ប្រទេសដទៃទៀតបានដែរ ដោយសារតែបរិបទខុសគ្នា។
លោកបានបញ្ជាក់ដូច្នេះថា៖ «សូម្បីតែអាមេរិកខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សមិនតិចដែរ ហើយត្រូវបានប្រទេសដទៃទៀតរិះគន់យ៉ាងចាស់ដៃក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកន្លងមក។
លោកបានបន្តថា៖ «បើការចេញរបាយការណ៍រិះគន់នេះធ្វើឡើងដោយគ្មានមូលដ្ឋានបច្ចេកទេសនៃសិទ្ធិមនុស្ស និងដើម្បីតែធ្វើនយោបាយភារូបនីយកម្មលើបញ្ហាសិទ្ធិមនុស្សក្នុងរដ្ឋអធិបតេយ្យមួយ ដើម្បីសម្រេចបាននូវមហិច្ឆតា និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយតំបន់របស់ខ្លួននោះ រដ្ឋអធិបតេយ្យដទៃទៀតគេនឹងមិនអាចទទួលយកបាននោះទេ»។
យ៉ាងណាក្ដី នាយករងអង្គការលីកាដូលោក អំ សំអាត បានមើលឃើញថា ជារឿយៗរដ្ឋាភិបាលកម្ពុជាតែងច្រានចោលរបាយការណ៍របស់សហគមន៍អន្តរជាតិដែលបានរកឃើញបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ខណៈដែលករណីនេះគួរតែទទួលយកមតិរិះគន់ដើម្បីស្ថាបនា និងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែប្រសើរឡើង។
លោកបានកត់សម្គាល់ថា បញ្ហាសិទ្ធិមនុស្សកម្ពុជាមានការធ្លាក់ចុះកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសកាលពីឆ្នាំ ២០២០ ដែលមានការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការជួបជុំ និងសម្តែងមតិ។
លោកថា៖ «ក្នុងពេលអំឡុងកូវីដ ១៩ ស្ថានភាពសិទ្ធិមនុស្សមានការធ្លាក់ចុះបន្ថែមទៀត ហើយអ្វីដែលសហរដ្ឋអាមេរិកបានលើកឡើងទាក់ទងនឹងការផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងការស៊ើបអង្កេតរកជនដៃដល់មួយចំនួននៅមិនទាន់បានបង្ហាញលទ្ធផលនៅឡើយទេ»។
ដោយឡែកករណីចាប់ខ្លួន និងឃុំខ្លួនសកម្មជនបរិស្ថាន និងសកម្មជនអតីតគណបក្សប្រឆាំងកន្លងមកលោក អំ សំអាត បានថ្លែងថា ករណីនេះហាក់ដូចជាមិនសមហេតុផល និងធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពមូលដ្ឋានពលរដ្ឋ។
លោកថា៖ «ចំណុចនេះអាជ្ញាធរកម្ពុជាតែងបញ្ជាក់ថា ការចាប់ឃុំខ្លួននេះគឺអនុវត្តទៅតាមច្បាប់កម្ពុជា ប៉ុន្តែបើមើលទៅលើអ្នកជំនាញសិទ្ធិមនុស្ស និងបណ្តាប្រទេសសេរីមួយចំនួនគេមើលទៅថា ជាការរំលោភបំពានទៅលើសេរីភាពជាមូលដ្ឋានពលរដ្ឋដែលមានចែងក្នុងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលកម្ពុជាបានផ្តល់សច្ចាប័ន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ ២០២១ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជាក្នុងឆ្នាំ ២០២០ ផងដែរ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ដែលបានចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មាននេះបានលើកឡើងថា របាយការណ៍លម្អៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជានោះទេ។ របាយការណ៍ទាំងនេះគ្រាន់តែប្រមូលបូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះពោលគឺមិនបានសិក្សាលើមូលហេតុលម្អិតដែលនាំឱ្យកើតមានព្រឹត្តិការណ៍នីមួយៗលើទិដ្ឋភាព និងនីតិវិធីច្បាប់ និងអង្គហេតុនោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានគូសបញ្ជាក់ថា ទោះបីជាដឹងយ៉ាងច្បាស់ថា វិធានការរបស់ប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួនមកលើកម្ពុជាមានភាពលម្អៀង អយុត្តិធម៌មានស្តង់ដា ២ មកលើកម្ពុជាយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់យន្តការអន្តជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ៕
វីដេអូ៖