ភ្នំពេញៈ កម្ពុជា​ត្រូវ​បាន​វាយតម្លៃ​លើ​សមត្ថភាព​ខ្ពស់​ដែល​អាច​គ្រប់គ្រង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​ផលប៉ះពាល់​ពី​ជំងឺ​នេះ​ក្នុង​ចំណាត់ថ្នាក់​ល្អ​ជាងគេ​នៅលើ​ពិភពលោក​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៦៦ និង​ជាប់​លេខ​ ១ ​នៅ​អាស៊ី​។ នេះ​បើ​តាម​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​សេណេហ្គាល់​។

តាមរយៈ​ការិយាល័យ​ចក្ខុវិស័យ សេដ្ឋកិច្ច​នៃ​ប្រទេស​សេណេហ្គាល់​ (Le Bureau de Prospective Economique) ​លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២១ វិច្ឆិកា ថា ការិយាល័យ​ចក្ខុវិស័យ​នេះ​បាន​ធ្វើការ​សិក្សា​ផ្អែកលើ​ទិន្នន័យ ដែល​មាន​ដាក់​ការផ្សាយ​ជាប្រចាំ​ពី​អង្គការ​សុខភាព​ពិភពលោក​ក៏ដូចជា​ទិន្នន័យ​ពី​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​។

ការវាយតម្លៃ​នេះ​បាន​ស្រង់​យក​ទិន្នន័យ ដែល​អាច​យក​មក​ប្រើប្រាស់​បាន​ពី​បណ្តា​ប្រទេស​ចំនួន​ ១៦៦ ​លើ​ពិភពលោក​។ ក្នុងនោះ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ៣ ​ក្នុង​ពិភពលោក​ក្នុង​ចំណោម​​ប្រទេស​ ១៦៦ និង​លេខ ​១ នៅ​អាស៊ី​ជា​ប្រទេស​មាន​ស្ថានភាព​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ និង​ផលប៉ះពាល់​ពី​ជំងឺ​បាន​ល្អ​ជាងគេ​។

លោកស្រី​ថ្លែងថា​៖ «​ការវាយតម្លៃ​នេះ​គឺ​វាយតម្លៃ​ដោយ​ផ្អែកទៅលើ​ស្ថានភាព​នៃ​ការ​ចម្លងជំងឺ​នៅក្នុង​ប្រទេស​។ និយាយ​ឱ្យចំ​គឺ​ចំនួន​អ្នកជំងឺ​ដែល​ឆ្លង​កូវីដ​ ១៩​ លទ្ធភាព​នៃ​ការព្យាបាល​ជាសះស្បើយ ហើយ​ និង​ការពិនិត្យ​ទៅលើ​ចំនួន​អ្នកស្លាប់​នៅតាម​បណ្តា​ប្រទេស​នីមួយៗ​»​។

អ្នកនាំពាក្យ​រូបនេះ​បន្តថា ទន្ទឹម​នឹង​នោះ​ក៏​មាន​ការវាយតម្លៃ​ទៅលើ​ភាពធន់ទ្រាំ​បាន​ក្នុង​យុទ្ធនា​ការប្រតិបត្តិការ​ដែល​បាន​ដាក់​ចេញ​នៅតាម​បណ្តា​ប្រទេស​នីមួយៗ ហើយ​ជាពិសេស​ក៏​គេ​ធ្វើការ​ពិនិត្យ​ទៅលើ​ភាព​ជា​អ្នកដឹកនាំ​នៅតាម​បណ្តា​ប្រទេស​ផងដែរ​។

បើ​តាម​លោកស្រី​គឺ​ប្រទេស​កម្ពុជា​ក៏មាន​ការលើកឡើង​ក្នុង​អត្ថបទ​របស់គេ​ផងដែរ នោះ​គឺពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ៣ ​វិច្ឆិកា ​នេះ ​តែម្តង​ដោយ​របាយការណ៍​នេះ​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មាន​ការចាត់ចែង គ្រប់គ្រង​បាន​ល្អ​ប្រសើរ​។ ថ្នាក់ដឹកនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល លោក​មាន​ភាពវៃឆ្លាត និង​ភាពរឹងមាំ ដោយ​បាន​ចាត់ចែង​រៀបចំ​បាន​ល្អ​ប្រសើរ ហើយ​ការឆ្លើយតប​បាន​លឿន​ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​ទៅលើ​ព្រឹត្តិការណ៍​ ៣ ​វិច្ឆិកា​នេះ​បានល្អ​ជាទីបំផុត​។

លោកស្រី​ ឱ វណ្ណឌីន ថ្លែង​ទៀតថា​៖ «​នេះ​គឺជា​មោទនភាព​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ប្រមុខ​ដឹកនាំ គឺ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​លោក​មាន​ទស្សនវិស័យ និង​បេះដូង​ធំ​ទូលាយ​ពិតប្រាកដ ហើយ​ក៏​ជា​បេះដូង​មនុស្សធម៌​។ លោក​តែងតែ​គិតគូរ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​បាន​ដាក់ចេញ​នូវ​វិធានការ​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​ផងដែរ​»​។

ជាមួយ​គ្នា​នេះ​ផងដែរ​លោក​វេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ (Dr. Takeshi Kasai) ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក និង​លោកស្រី​វេជ្ជបណ្ឌិត​ លី អាយលែន​ (Dr. Li Ailan) ​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្ញើ​សារ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ Twitter របស់ខ្លួន​ចូលរួម​អបអរសាទរ និង​កោតសរសើរ​កម្ពុជា​ដែល​បាន​ឆ្លើយតប​បាន​យ៉ាង​ល្អប្រសើរ​ចំពោះ​ «​ព្រឹត្តិការណ៍​ ៣ ​វិច្ឆិកា​» ​កន្លង​ទៅ​នេះ​។

លោក​វេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ បាន​សរសេរ​ថា សុខភាព​សមូហភាព​គឺ​ផ្អែកលើ​ការដឹកនាំ​រឹងមាំ និង​សកម្មភាព​របស់​បុគ្គល​ផ្ទាល់​នីមួយៗ​។

លោក​សរសេរ​ថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ប្រទេស​កម្ពុជា​ចំពោះ​សកម្មភាព​សម្រេចចិត្តរ​បស់​ខ្លួន​ក្នុង​ការគ្រប់គ្រង​ក្រុម​ចង្កោម​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​ការទូត​ ៣ ​វិច្ឆិកា និង​មេដឹកនាំ​រដ្ឋាភិបាល​សម្រាប់​ជា​គំរូ​ល្អ​ក្នុង​ការអនុវត្ត​សុខភាព​សាធារណៈ​»​។

ចំណែក​លោកស្រី​វេជ្ជបណ្ឌិត​ លី អាយលែន ក៏បាន​អបអរសាទរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​គ្រប់គ្រង​ស្ថានការណ៍​នៃ​ព្រឹត្តិការណ៍ ៣ ​វិច្ឆិកា​បាន​យ៉ាង​ល្អ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ប្រទេស​កម្ពុជា​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ដល់​លោក​វេជ្ជបណ្ឌិត តាក់កឺស៊ី សម្រាប់​ការអបអរសាទរ​នេះ​។ លោក​សង្ឃឹមថា អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​នឹង​ផ្តល់​ការគាំទ្រ​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​សុខភាព​ដែលជា​គុណប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​។

បើ​យោងតាម​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូរ៉ូណា​លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​អាយុ​ ២៧ ​ឆ្នាំ​ដែល​មាន​អាសយដ្ឋាន​ក្នុងស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ បុរស​រូបនេះ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​មកដល់​ប្រទេស​កម្ពុជា​ថ្ងៃទី​ ២៦ ខែ ​តុលា ឆ្នាំ​ ២០២០​។

ក្រសួង​ក៏បាន​បញ្ជាក់ថា លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើ​បុរស​រូបនេះ​ជាការ​ធ្វើតេស្ត​លើក​ទី​ ៤ នៅ​ថ្ងៃទី​ ១៣ នៃ​ការធ្វើ​ចត្តាឡីស័ក​របស់គាត់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​រូបនេះ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ ប្រទេស​កម្ពុជា​ មាន​អ្នកមាន​វីរុស​កូរ៉ូណា​ចំនួន​ ៣០៦ ​នាក់​ (​ស្រី​ ៦០ ​នាក់​) ដែល​ក្នុងនោះ​អ្នកព្យាបាល​ជាសះស្បើយ​ចំនួន​ ២៩៥ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ១១ ​នាក់​៕

វីដេអូ៖