ភ្នំពេញៈ នៅក្នុង​ទិវា​ពិភពលោក​កម្ចាត់​ជំងឺរបេង​កាលពី​ម្សិលមិញ​ក្រោម​ប្រធានបទ «​ដល់​ពេលដែល​ត្រូវ​បង្កើនល្បឿន​ការឆ្លើយតប ដើម្បី​បញ្ចប់​ជំងឺរបេង​» លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា​កម្ពុជា​ត្រូវ​បង្កើនល្បឿន​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​អត្រា​អ្នក​ឈឺ​ និង​ស្លាប់​ដោយសារ​ជំងឺរបេង​ឱ្យបាន​កាន់តែ​ច្រើន​ថែមទៀត​ ខណៈ​ដែល​កម្ពុជា​នៅមាន​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ខ្ពស់​នៅ​ឡើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​មួយចំនួន​ទៀត​។

តាមរយៈ​សារលិខិត​ចុះ​ថ្ងៃទី ២០ ខែ​មីនា​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​កម្ចាត់​ជំងឺរបេង​ដែល​ត្រូវ​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​បាន​សម្រេច​គោលដៅ​អភិវឌ្ឍន៍​នៃ​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង នៅមុន​ពេល​កំណត់​ ៤ ​ឆ្នាំ​ហើយ​ជោគជ័យ​របស់​កម្ពុជា​ដែល​បាន​កម្ចាត់​ជំងឺរបេង​នេះ​គឺជា​ស្នាដៃ​មួយ ដែល​មាន​ប្រទេស​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​អាច​សម្រេចបាន​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ទោះបី​ជា​យើង​ទទួលបាន​ជោគជ័យ​យ៉ាងនេះ​ក៏ដោយ​ក៏​ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា​ខ្ញុំ​យល់ថា ប្រទេស​កម្ពុជា​យើង​នៅ​មាន​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​ខ្ពស់​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ និង​នៅមាន​មនុស្ស​ច្រើន​នៅ​ឡើយ​ដែល​ពុំទាន់​បាន​ទទួល​សេវា​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា​៖ «​បញ្ហា​នេះ​តម្រូវ​ឱ្យ​យើង​ត្រូវ​បង្កើនល្បឿន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​នូវ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភពលោក​»​។

បើតាម​លោក​ ហ៊ុន សែន អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​នៅ​កម្ពុជា​មាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ច្រើន​ជាង​ប្រទេស​ដទៃ​។ ក្នុងនោះ​អត្រា​ស្លាប់​បាន​ថយចុះ​ពី ៤២ ​ករណី​ ក្នុង​ចំណោម​ប្រជាជន ១០០ ០០០ ​នាក់​ នៅ​ឆ្នាំ​ ២០០០ មក​នៅត្រឹម​ ១៨ ​ករណី ​ក្នុងចំណោម​ប្រជាជន​ចំនួន​ដដែល​នេះ​នៅក្នុង​ឆ្នាំ​ ២០១៨ (​ស្មើ​ ៥៧ ​ភាគរយ​)​។ ចំណែក​អត្រា​កើតមាន​ជំងឺ​ថ្មី​ (​អាំងស៊ីដង់​) ​បាន​ធ្លាក់ចុះ​ពី ៥៧៥ ករណី​ ក្នុង​ចំណោម​ប្រជាជន​ចំនួន​ដដែល​នេះ​នៅ​ឆ្នាំ​ ២០០០ ​មកដល់​ ៣០២ ករណី​ នៅក្នុង​ចំណោម​ប្រជាជន​ចំនួន​ដដែល​នេះ​នៅ​ឆ្នាំ​ ២០១៨ (​ស្មើ​ ៤៧ ​ភាគរយ​)​។

លោក ហ៊ុន សែន ថ្លែង​ទៀតថា​៖ «​យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​បន្ត និង​រួមគ្នា​ជំរុញ​បន្ថែម​ការយក​ចិត្តទុកដាក់​លើ​បញ្ហា​ជំងឺរបេង​ដោយ​យើង​មិនអាច​មើលរំលង​នូវ​ចំណុច​សេសសល់​នេះ​បាន​ឡើយ​ដើម្បី​បន្ត​លើកកម្ពស់​សុខភាព​គុណភាព​នៃ​ការរស់នៅ​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​យើង​»​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​លោក ​ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់សិន​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បានទេ​កាលពី​ថ្ងៃ​អង្គារ​។

បើតាម​របាយការណ៍​ឆ្នាំ​ ២០១៨ របស់​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា កម្មវិធី​ជាតិ​កម្ចាត់​រោគរបេង​នៅតែ​រក្សា​ការ​គ្របដណ្តប់​នៃ​សេវា​ដូតស៍ (DOTS) បាន​ ១០០ ​ភាគរយ ​នៅ​គ្រប់​មន្ទីរពេទ្យ​បង្អែក​មណ្ឌល​សុខភាព​ និង​ប៉ុស្តិ៍​សុខភាព​ទាំងអស់​ទូទាំង​ប្រទេស និង​មាន​បណ្តាញ​មន្ទីរពិសោធន៍​របេង​ចំនួន​ ២១៧ ​កន្លែង​។ របាយការណ៍​បន្តថា ក្នុង​ឆ្នាំ​ ២០១៨ មណ្ឌល​សុខភាព​ចំនួន ៦៤៤ បាន​អនុវត្ត​ការងារ​ដូតស៍​សហគមន៍ ចំណែកឯ​ការងារ​អនុវត្ត​សកម្មភាព​របេង​អេដស៍​មាន​នៅ​គ្រប់​ស្រុក​ប្រតិបត្តិ​ទាំងអស់​។

របាយការណ៍​ដដែល​បន្ត​ថា កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ ៣០ ដែល​មាន​ផ្ទុក​ជំងឺរបេង​ខ្ពស់​នៅក្នុង​ពិភពលោក​។ កម្មវិធី​ជាតិ​កម្ចាត់​រោគរបេង​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវបំពេញ​ទៅ​ថ្ងៃ​អនាគត ជាពិសេស​ដើម្បី​រួមចំណែក​សម្រេចបាន​ទិសដៅ​វិស័យ​សុខាភិបាល​នៅ​ឆ្នាំ​ ២០២០ ក៏ដូចជា​សំដៅ​ឆ្ពោះ​ទៅ​កាន់​ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ឆ្នាំ​ ២០៣០៕