ភ្នំពេញៈ កម្ពុជា​កំពុង​តាមដាន​យ៉ាង​ជិតដិត​នូវ​ស្ថានការណ៍​ក្នុងប្រទេស​មីយ៉ាន់ម៉ា និង​មានការ​សោកសៅ ចំពោះ​ការកើនឡើង​នៃ​អំពើហិង្សា ប៉ុន្តែ​ត្រៀមខ្លួន​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត​ ដើម្បី​ជួយ​មីយ៉ាន់ម៉ា​ក្នុង​ការដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​ស្របតាម​មាគ៌ា​អាស៊ាន​។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​យប់​ថ្ងៃទី​ ៩ ខែមីនា បានចេញ​សេចក្ដី​ថ្លែងការណ៍​ទាក់ទង​នឹង​ការវិវឌ្ឍ​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បានបញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ក្នុង​ការចូលរួម​រក​ដំណោះស្រាយ​ដោយ​ឈរលើ​មាគ៌ា​របស់​អាស៊ាន​។

ក្រសួង​ការបទេស​បញ្ជាក់​ថា ក្នុងនាម​ជា​មិត្ត និង​ជា​សមាជិក​សហគមន៍​អាស៊ាន កម្ពុជា​ក៏ដូចជា​គ្រប់​រដ្ឋ​សមាជិក​អាស៊ាន​ឯទៀត និង​សហគមន៍​អាស៊ាន​ទាំងមូល​កំពុង​តាមដាន​យ៉ាង​ជិតដិត​នូវ​ស្ថានការណ៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​មាន​ការសោកសៅ​ដោយ​បាន​ឃើញ​នូវ​ការកើនឡើង​នៃ​អំពើហិង្សា​ដែល​បណ្តាលឱ្យ​មាន​ការបាត់បង់​ជីវិត​មនុស្ស​។

ក្រសួង​ការបរទេស​ថ្លែង​ដូច្នេះ​ថា​៖ «​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មីយ៉ាន់ម៉ា​ក្នុង​ការដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ ទោះ​ជា​តាមរយៈ​តួនាទី និង​ទម្រង់​ណាមួយ​កី្ត ដែល​ស្រប​តាម​គោលការណ៍​អាស៊ាន​ពោល​គឺ​តាម​មាគ៌ា​អាស៊ាន​របស់​យើង​ដែល​គ្រប់ភាគី​ទាំងអស់​អាច​ទទួល​យក​បាន​។

ក្រសួង​បន្តថា​៖ «​ក្នុង​ស្មារតី​នេះ​កម្ពុជា​ក៏​គាំទ្រ​ផងដែរ​ដល់​ការជួយ​សម្របសម្រួល​របស់​ប្រធាន​អាស៊ាន​ក៏​ដូចជា​អគ្គលេខាធិការ​អាស៊ាន ប្រកប​ដោយ​លក្ខណៈ​វិជ្ជមាន សន្តិភាព និង​ស្ថាបនា​»​។

កម្ពុជា​គោរព​គោលការណ៍​ស្នូល​នៃ​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន ប៉ុន្តែ​កម្ពុជា​គាំទ្រ «​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តីពី​ការវិវឌ្ឍ​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​» ចេញ​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ និង «​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តីពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​» ចេញ​នៅ​ថ្ងៃទី​ ២ ខែមីនា​។ សេចក្ដី​ថ្លែងការណ៍​ទាំង​ ២ ​ធ្វើ​ឡើង​ក្នុង​បំណង​ដ៏ស្មោះត្រង់​ដើម្បី​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន​នៅ​មីយ៉ាន់ម៉ា​។ នេះ​បើតាម​ក្រសួង​ការបរទេស​។

កាលពី​ថ្ងៃទី​ ១ កុម្ភៈ ប្រធាន​អាស៊ាន​បានចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ចសន្ទនា ការផ្សះផ្សា និង​ការវិលត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ​ស្រប​ទៅ​តាម​ឆន្ទៈ​ និង​ផលប្រយោជន៍​របស់​ប្រជាជន​មីយ៉ាន់ម៉ា​។

ស្រដៀង​គ្នា​នេះ​កាលពី​ថ្ងៃទី​ ២ មីនា ប្រធាន​អាស៊ាន​បានចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ដោយ​អំពាវនាវ​ឱ្យ​គ្រប់ភាគី​បញ្ឈប់​ការបញ្ឆេះ​អំពើហិង្សា និង​ឱ្យ​គ្រប់ភាគី​អត់ធ្មត់​ខ្ពស់បំផុត និង​ប្រកបដោយ​ភាពបត់បែន​។ គិត​ត្រឹម​ថ្ងៃទី​ ៨ មីនា មនុស្ស​យ៉ាងហោចណាស់​ ៥៤ ​នាក់​បាន​ស្លាប់ និង​ជាង​ ១ ៧០០ ​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ និង​ឃុំខ្លួន ដែល​ក្នុង​នោះ​រួមមាន​ទាំង​ក្មេងៗ​ផងដែរ គិត​ចាប់​តាំងពី​ការចាប់ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី ដោយ​យោធា​កាលពី​ថ្ងៃទី​ ១ កុម្ភៈ​។ នេះ​បើតាម​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ អ្នកវិភាគ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ថ្លែង​ថា តែ​បញ្ហា​ផ្ទៃក្នុង​មីយ៉ាន់ម៉ា​លើក​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​នឹង​បណ្ដាល​ឱ្យមាន​អស្ថិរភាព​រាលដាល​ដល់​ឆាក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារ​តែ​សង្គ្រាមស៊ីវិល​មួយ​អាច​នឹង​កើតឡើង​នៅ​មីយ៉ាន់ម៉ា​នឹង​អាច​ឈានដល់​ការប្រកាស​បំបែក​រដ្ឋ​នានា​ពី​សំណាក់​ក្រុម​ជនជាតិ​ភាគតិច​ដែល​ចង់​ផ្ដាច់​ទឹកដី ដែល​ទីបំផុត​អាច​ធ្វើឱ្យ​មីយ៉ាន់ម៉ា​ក្លាយជា​ប្រទេសមួយ​បាក់បែក​ខ្ទេចខ្ទី​ដូច​អតីត​យូហ្គោស្លាវី​។

លោក​ថ្លែងថា​៖ «​ដូច្នេះហើយ​បញ្ហា​មីយ៉ាន់ម៉ា ចង់​ឬ​មិន​ចង់​វា​ក្លាយជា​កង្វល់​របស់​អាស៊ាន​ទាំងមូល ហើយ​គោលដៅ​គឺ​ធ្វើយ៉ាងណា​ចៀសវាង​កុំឱ្យ​សង្គ្រាមស៊ីវិល​ដែលមាន​លក្ខណៈ​ទាំងស្រុង​កើតឡើង​នៅ​មីយ៉ាន់ម៉ា​។

ដូច្នេះហើយ​បានជា​អាស៊ាន​គួរតែ​សាកល្បង​ធ្វើ​អន្តរាគមន៍​បែប​ស្ងប់ស្ងាត់​ជាទីបំផុត​ក្នុង​គោលដៅ​បញ្ចុះបញ្ចូល​ឱ្យ​ពួកយោធា​បញ្ឈប់​ការវាយ​បង្ក្រាប ហើយ​ព្រម​ចរចា​ជាមួយ​ភាគី​ខាង អ៊ុងសាន ស៊ូជី រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ​។ ធ្វើយ៉ាងណា បញ្ចៀស​ប្រទេស​មីយ៉ាន់ម៉ា​កុំឱ្យ​ធ្លាក់​ក្នុង​វិនាសកម្ម​ធំធេង រ៉ាំរ៉ៃ យូរអង្វែង និង​ទាល់ច្រក​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា កម្ពុជា​ចង់​បាន​នូវ​គោលការណ៍​មួយ​គឺ​ការមិន​ជ្រៀតជ្រែក​ចូល​ផ្ទៃក្នុង​របស់ខ្លួន​ពី​សំណាក់​ប្រទេស​ដទៃ​។

លោក​បាន​ថ្លែងថា​៖ «​ជា​កាតព្វកិច្ច កម្ពុជា​ក៏​មិន​ចង់​មាន​ការពាក់ព័ន្ធ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ដើម្បី​បញ្ចៀស​ហានិភ័យ​ទៅ​ថ្ងៃក្រោយ ព្រោះ​យើង​ដឹងថា​ក្រោម​ហេតុផល​ប្រជាធិបតេយ្យ​ក្រោម​ហេតុផល​នៃ​សិទ្ធិមនុស្ស គឺ​ប្រទេស​តូចៗ​ងាយ​នឹង​ធ្លាក់​ក្នុង​អ្វីដែល​គេ​ហៅថា​ល្បែង ឬ​អន្ទាក់​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ដែល​ធ្វើឱ្យមាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់​ប្រទេស​ដទៃ​»៕