ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ អ៊ិត សំហេង ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តីពី​កិច្ចសន្ទនា​សង្គម​សម្រាប់​ការងារ​នាពេល​អនាគត​កាន់តែ​ប្រសើរ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ចុង​សប្តាហ៍​មុន ដែល​រៀបចំ​ដោយ​ដៃគូ​កិច្ចព្រមព្រៀង​សកល​ប្រទេស​បារាំង ដោយ​មាន​អ្នកចូលរួម​មកពី​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​។

ការដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​រយៈពេល​ ១ ​សប្តាហ៍​នេះ ដោយសារ​តែ​កម្ពុជា​កំពុង​ប្រើប្រាស់​យន្តការ​កិច្ចសន្ទនា​សង្គម​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​តាមរយៈ​ការបង្កើត​ឲ្យ​មាន​យន្តការ​កិច្ចសន្ទនា​សង្គម​ត្រីភាគី និង​ត្រីភាគី​បូក​ជាច្រើន​សម្រាប់​ដោះស្រាយ​បញ្ហា​ក៏ដូចជា​កង្វល់​នានា​ដែល​កើតមាន​ឡើង​នៅក្នុង​ប្រទេស​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា សន្និសីទ​នេះ​គឺជា​វេទិកា​មួយ​សម្រាប់​ដៃគូ​នៃ​កិច្ចព្រមព្រៀង​សកល​ដើម្បី​ចែករំលែក​គំនិត បញ្ហា​ប្រឈម ដំណោះស្រាយ និង​បទពិសោធ​ល្អៗ​ក៏ដូចជា​គោលនយោបាយ​នានា​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កិច្ចសន្ទនា​សង្គម ដើម្បី​លើកកម្ពស់​ការងារ​សមរម្យ និង​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន និង​ដើម្បី​ចូលរួម​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ថ្មីៗ​ក្នុង​ទីផ្សារ​ការងារ​នាពេល​អនាគត​។

តាម​ទំព័រ​ហ្វេសប៊ុក​ដដែល​បន្តថា​៖ «​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅ​ទីក្រុង​ប៉ារីស មាន​ការអញ្ជើញ​ចូលរួម​បើក​ពី​សំណាក់​លោក ស្តេហ្វាន ទ្បហ្វវិន​ (Stefan Lofven) ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ ស៊ុយអែត និង​មាន​ការថ្លែង​សុន្ទរកថា​ដោយ​លោកស្រី អាន់ណា ហាល់ប៊ឺក (Anna Hallberg) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បរទេស​នៃ​ប្រទេស​ស៊ុយអែត លោក​ ហ្គាយ រ៉ាយឌឺរ (Guy Ryder) ​អគ្គនាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​លោក​ អែនជែល ហ្គូរៀ (Angel Gurria) អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ (OECD)»​។

ថ្លែង​ក្នុង​បទអន្តរាគមន៍​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៤ ខែ​កុម្ភៈ​នៅ​ទីស្នាក់ការ​អង្គការ OECD ទីក្រុង​ប៉ារីស ប្រទេស​បារាំង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បញ្ជាក់​ថា កម្ពុជា​បាន​ចាត់ទុក​យន្តការ​កិច្ចសន្ទនា​សង្គម​នៃ​កិច្ចព្រមព្រៀង​សកល​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការដោះស្រាយ​រួមគ្នា​នូវ​បញ្ហា​ប្រឈម​នានា​នៅក្នុង​ទីផ្សារ​ការងារ​។

លោក​បន្ថែម​ថា កិច្ចសន្ទនា​សង្គម​នេះ​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​មនុស្ស​គ្រប់រូប​អាច​ទទួល​បាន​ផល​ពី​សកលភាវូបនីយកម្ម​។ កិច្ចសន្ទនា​ក៏​បាននិង​កំពុង​រួមចំណែក​ធ្វើឱ្យ​ដៃគូ​របស់​ខ្លួន​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​នៃ​របៀបវារៈ ឆ្នាំ​ ២០៣០ របស់​អង្គការ​សហប្រជាជាតិ​។ នេះ​ជាហេតុ​នាំឲ្យ​កម្ពុជា​ក្លាយ​ជា​ដៃគូ​ដំបូង​គេ​នៃ​សមាជិក​អាស៊ាន​ដែល​បានផ្តល់​ការគាំទ្រ​កិច្ចព្រមព្រៀង​នេះ​។

លោក​បញ្ជាក់ថា​៖ «​ចាប់តាំងពី​ពេលនោះ​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​គាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល​។ កម្ពុជា​បាន​ដាក់​ចេញ​នូវ​ការប្តេជ្ញាចិត្ត​ដោយ​ផោ្តត​សំខាន់​ទៅលើ​ការធានា​សិទ្ធិ និង​លក្ខខណ្ឌ ការងារ​កាន់តែ​ល្អប្រសើរ​»​។

លោក​បន្តថា​៖ «​លើក​កម្ពស់​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​កិច្ចគាំពារ​សង្គម​តាមរយៈ​ការអនុម័ត និង​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទប្បញ្ញត្តិ​នានា​ដែល​ឆ្លើយតប​ទៅ​នឹង​គោលដៅ​របស់​កិច្ចព្រមព្រៀង​សកល​ដូចដែល​បាន​រំលេច​នៅក្នុង​របាយការណ៍​របស់​កិច្ចព្រមព្រៀង​សកល​ស្តីពី​ “​ការកសាង​ទំនុកចិត្ត​ក្នុង​ពិភព​ការងារ​ដែល​កំពុងតែ​ប្រែប្រួល​ឆ្នាំ​ ២០១៨»​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ក្នុង​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​សម្តែង​នូវ​ការសាទរ​ចំពោះ​សមិទ្ធផល​សម្រេច​បាន​ក្រោម​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល​។ រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការលើកកម្ពស់​កិច្ចសន្ទនា​សង្គម​ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន​ដែល​នោះ​ជា​ចក្ខុវិស័យ​របស់​កិច្ចព្រមព្រៀង​សកល​ឆ្ពោះ​ទៅ​រក​ការសម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​របៀបវារៈ​ឆ្នាំ​ ២០៣០ ​របស់​អង្គការ​សហប្រជាជាតិ​។

ក្រសួង​ការងារ​បណ្តុះបណ្តាល វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ចំនួន​ ១៣ រួមទាំង​អនុសញ្ញា​ស្នូល​ទាំង​ ៨ ដែល​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​សមិទ្ធផល​ជាច្រើន​ក្នុង​ការអភិវឌ្ឍ​វិស័យ​ការងារ​។ ជាពិសេស​តាមរយៈ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (ILO-BFC)៕