ភ្នំពេញៈ ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ជំរឿន​ប្រជា​ជន​​ដោយ​ចំណាយ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ លើក​ទី​ ១ ដោយ​ចាប់​​ផ្តើម​ពី​​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​​ទី​ ១៣ ខែ​​មីនា ខាង​មុខ​នេះ ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន សែន ប្រកាស​ថា ជំរឿន​​នេះ​ មិន​ពាក់​ព័ន្ធ​នឹង​​រឿង​នយោ​បា​យ​​​ទេ និង​បាន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ចូល​រួម​សហការ​នៅ​ក្នុង​ការ​ធ្វើ​ជំរឿន​នេះ។

យោង​តាម​សារ​អំពាវ​នាវ​រប​ស់​លោក​នាយក​រដ្ឋ​ម​ន្ត្រី ចុះ​ថ្ងៃ​ទី​ ១០ ខែ​មករា ឆ្នាំ ​២០១៩ ដែល​ទើប​ទទួល​បាន លោក ​ហ៊ុន សែន បាន​​ថ្លែង​ថា ​​វា​ជា​លើក​ទី ​១ ​ហើយ​ដែល​ប្រើ​ប្រាស់​ថវិកា​ជាតិ​ បន្ទាប់​ពី​កម្ពុជា​ បាន​ក្លាយ​ជា​ប្រទេស​មួយ​ មាន​ចំណូល​មធ្យម​កម្រិត​ទាប។ លោកបាន​បញ្ជាក់​ថា​ ពលរដ្ឋ​​ម្នាក់ៗ​ មាន​កាតព្វកិច្ច​ចូល​រួម​សហការ​ក្នុង​ការ​ធ្វើ​ជំរឿន​ ដូច​ដែល​ច្បាប់​បាន​កំណត់។

លិខិត​របស់​លោក​បាន​សរ​សេរ​​ថា៖ «ការ​ធ្វើ​ជំរឿន​ប្រជា​ជ​ន​ជា​ការងារ​ដ៏​ធំ​ របស់​ប្រទេស​ជាតិ ​មាន​សារៈ​សំខាន់​ណាស់​ ហើយ​ជា​ការងារ​ស្ថិតិ​ពិត​ប្រាកដ​។ ការ​ធ្វើ​ជំរឿន​ប្រជា​ជន​ ​ជា​ការងារ​ដែល​ប្រទេស​ទាំងអស់​ នៅ​លើ​ពិភពលោក​គេ​ធ្វើ​គ្រប់ៗ​​គ្នា»។

លោកពន្យល់​ថា ការ​ធ្វើ​ជំរឿន​អាច​ផ្ដល់​​នូវ​ទិន្នន័យ​ប្រជា​សាស្ត្រ​ពិត​ប្រាក​ដ​ របស់​ប្រទេស​ និង​ជួយ​ឲ្យ​រដ្ឋា​ភិបាល​អាច​រៀប​ចំ​តាក់​តែង​គោល​នយោបាយ​បាន​ត្រឹម​ត្រូវ ព្រមទាំង​ការ​អនុវត្ត​កម្មវិធី​ផ្សេងៗ​ ឲ្យ​ទទួល​បាន​តុល្យភាព​នៃ​ការអភិវឌ្ឍ​សម្រា​ប់​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស។ ទិន្នន័យ​បាន​ពី​ការ​ធ្វើ​ជំរឿន​ នឹង​ផ្ដល់​ជា​សូច​នាករ​ តាម​ដាន ត្រួត​ពិនិត្យ​ ការសម្រេច​បាន​នូវ​​ផែន​ការ​យុទ្ធ​​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​និង​គោ​ល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភា​ព​នៃ​របៀបវារៈ​ឆ្នាំ​ ២០១៦​-​២០​៣០ ដោយ​មិន​ទុក​ចោល​អ្នក​ណា​ម្នាក់​ឡើយ។

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា៖ «ជំរឿន​ទូទៅ​ប្រជាជន​នេះ មិន​ទាក់​ទង​នឹង​រឿង​នយោ​បា​យ និង​បម្រើ​ផល​ប្រយោជន៍​គណ​បក្ស​ណា​មួយ​ មិន​ធ្វើ​ឲ្យ​ប្រជាជន​ខាត​បង់​ប្រាក់​កាស​ទេ តែ​ជា​ការងារ​ដើម្បី​អនាគត​ដ៏​សម្បូ​រសប្បាយ​ ភាព​រីកចម្រើន​របស់​ប្រជា​ជន​កម្ពុជា»។

លោក​បាន​ស្នើ​ឲ្យ​​ពលរដ្ឋ​ចូល​រួម​ការ​ងារ​នេះ​ ដោយ​រីក​រាយ និង​ផ្ដល់​ព័ត៌មាន​ត្រឹម​ត្រូវស្មោះ​ត្រង់​ដ​ល់​​មន្ត្រី​ជំរឿន​​ដើម្បី​ជា​ប្រយោ​​ជ​ន៍​ដល់​ប្រទេស​ជាតិ។

ចាប់​តាំង​ពី​ក្រោយ​របប​ខ្មែរ​ក្រហមមក​​​​កម្ពុជា​បាន​ធ្វើ​ជំរឿ​ន​​រៀង​រាល់ ១០ ឆ្នាំ​ម្ដង ដោយ​លើក​ទី ១ ​ធ្វើ​នៅឆ្នាំ ១៩៩៨ លើក​ទី​ ២ នៅឆ្នាំ ២០០៨។ កាល​ពី​ចុង​ឆ្នាំ ​២០១៧ លោក ឆាយ ថន រដ្ឋ​មន្ត្រី​ផែន​ការ​ បាន​​ឲ្យ​ដឹង​ថា ថវិកា​ជាតិ​សម្រាប់​ធ្វើ​ជំរឿន​នេះ​ត្រូវ​ចំណាយ ​៨​ លា​ន​ដុល្លារ។ លោក​ប៉ាន់​ប្រមា​ណ​ថា ចំនួន​ប្រជា​ជន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​អាច​កើន​ដល់​ ១៦ ​លា​ន​នាក់​ នៅឆ្នាំ ​២០១៩​ នេះ។

លោក​ ឆាយ ថន ​បញ្ជាក់​ថា ការ​ពន្យារ​ការ​ធ្វើ​ជំរឿន​ពី​ឆ្នាំ​ ២០១៨ មក​ដើម​ឆ្នាំ​ ២០១៩​ នេះ ដោយ​សារ​តែ​កម្ពុជា​ មាន​ការ​​ម​មាញឹក​នឹង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ ​២០១៨។ ការ​ធ្វើ​ជំរឿន​ឆ្នាំ​នេះ នឹងប្រើ​​ប្រា​ស់​មនុស្ស​ប្រមាណ ៤៧ ០​០០​​ នា​ក់​ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្នែក​សម្ភារពី​ប្រទេស​ចិន។

លោក​ មាស នី អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ថា ​ព័ត៌មាន​​បាន​ពី​ការ​ជំរឿន ​មាន​សារៈ​សំខា​ន់​ ក្នុង​ការ​អភិវឌ្ឍ​ជាតិ ប្រសិន​បើ​ព័ត៌មាន​ទាំង​នោះ ​ត្រូវ​បាន​បង្ហា​ញ​ដោយ​ស្មោះ​ត្រង់។ លោ​ក​បាន​រំឭក​ថា កាល​ពី​ជំរឿន​លើក​មុន ដែល​មាន​ការ​គាំ​ទ្រ​បច្ចេក​​ទេស​ពី​ UNFPA និង​ប្រទេស​ផ្សេង​ទៀត​បាន​បង្ហាញ​លទ្ធផ​ល​​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ប៉ុន្តែ​ព័ត៌មាន​ទទួល​បាន​ផ្នែក​ខ្លះ​ មិន​ត្រូវ​បាន​បញ្ចេញ​ទូលំ​ទូលាយ។

លោក​ស្វាគមន៍​ដល់​ការ​ប្រើ​ប្រាស់​ថវិកា​ផ្ទាល់​របស់​រដ្ឋាភិ​បា​ល និង​ជំនួយ​ខ្លះ​ពី​ប្រទេស​ចិន​។ ប៉ុន្តែ​លោក​ថា​ អ្វី​ដែល​លោករង់​ចាំ​មើល ​គឺ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ទៅ​លើ​អ្វី​ដែល​រក​ឃើញ​​ដោយ​ការ​ធ្វើ​ជំរឿ​ន និង​​ភាព​ប្រាកដ​​និយម​នៃ​ទិន្នន័​យ​ ដែល​ប្រមូល​បាន ហើយ​រដ្ឋាភិបាល​​ ទទួល​យក​ព័ត៌មាន​ពិត​ជា​មូលដ្ឋាន ​នៃ​ផែនការ​អភិវឌ្ឍន៍​ជាតិ។

លោក​ថ្លែង​ថា៖ «កន្លង​មក​​ទិន្នន័យ​ពិត​ដែល​រក​ឃើញ ​ច្រើន​តែ​មិន​ត្រូវ​ចិត្ត​រដ្ឋាភិបាល​ ដែល​គាត់​ពេល​ខ្លះ ​បដិសេធ​ថា​ រឿង​នោះ​ ជា​រឿង​មិន​ពិត។ សូម្បី​តែ​ករណី​ពល​រដ្ឋ​ដែល​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ​ក៏​នៅ​តែ​មានភាព​ចម្រូង​ចម្រាស ដោយរដ្ឋាភិបាល​ថា​ នៅ​ទាប តែ​អ្នក​ដែល​រក​ឃើញ​ថា​ មិន​ទាន់​ទាប​ដូច​រដ្ឋាភិបាល​បាន​អះអាង។ ដូច្នេះ​ទិន្នន័យ​យក​មក​ ហើយ​យក​មក​បំភ្លៃ​ថែម​ទៀត​នោះ អ្នក​រងគ្រោះ​មុន​គេ​គឺ​រដ្ឋាភិបាល​​ខ្លួន​ឯង​ទៅ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​អាចធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​ស្មុគស្មាញ​ថែ​ម​​ទៀត​ដល់​សេដ្ឋកិច្ច​របស់​សង្គម»។

លោក​ថា ជា​ទូទៅ​បញ្ជី​សំណួរ​សម្រាប់​ជំរឿ​ន​គឺ​មា​ន​គ្រប់​ទិដ្ឋភាព​សង្គម ហើយ​កម្រ​ង​សំណួរ​ មិន​ខុស​គ្នា​ទេ​ ​ពី​ជំរឿន​មួយ​ទៅ​ជំរឿន​មួយ​ទៀត។ ប៉ុន្តែ​លោក​និយាយ​​ថាកម្រង​សំណួរ​​គួរ​ដាក់​បញ្ចូល​បញ្ហា​ដីធ្លី និង​ធនធាន​ធម្មជាតិ​ ដោយ​សារ​តែ​​កម្ពុជា ​កំពុង​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ និង​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ បាត់​បង់​ជំនឿ​ពី​ពលរដ្ឋ។

យោង​តាម​របាយ​ការណ៍​រប​ស់​ក្រសួង​មហា​ផ្ទៃកម្ពុជា​ធ្លាប់​ទទួ​ល​​បាន​ការ​គាំទ្រ​ទាំង​ស្រុង​ ពី​មូល​​និធិ​សហ​ប្រជាតិ​សម្រាប់​ប្រជា​ជន​ UNFPA សម្រាប់​ការ​​ធ្វើ​ជំរឿន​ឆ្នាំ​ ១៩៩៨។ ចំពោះជំរឿ​ន​ឆ្នាំ ២០០៨ កម្ពុជា​ទទួ​ល​​បាន​ការ​​ចូលរួម​ឧបត្ថម្ភគាំទ្រ​ពី​ UNFPA អង្គការ JICA រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋា​ភិបាល​សាធា​​រ​រដ្ឋ​សហព័ន្ធ​អាល្ល​ម៉ង​៕