ភ្នំពេញៈ លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នឹង​ដឹក​ម៉ាស់​ជាង ២ ​លាន​ ១០ ​ម៉ឺន​ម៉ាស់ និង​សម្ភារ​វេជ្ជសាស្ត្រ​ផ្សេងទៀត​ទៅ​ជួយ​មីយ៉ាន់ម៉ា​​នៅ​ថ្ងៃទី​ ២៦ ​វិច្ឆិកា​ ស្អែក​នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បរិច្ចាគ​ម៉ាស់ និង​សម្ភារ​ទាំងនេះ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ ជា​អ្វីដែល​មន្ត្រី​រដ្ឋាភិបាល​ថា ជា​ទឹកចិត្ត​ក្នុង​ការជួយ​គ្នា​ទៅវិញ​ទៅមក​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៤ វិច្ឆិកា បាន​សរសេរ​ក្នុង​លិខិត​មួយ​ដោយ​សម្រេច​បរិច្ចាគ​ម៉ាស់​ជាង​ ២ ​លាន​ ១០ ​ម៉ឺន និង​សម្ភារ​វេជ្ជសាស្ត្រ​ចំនួន​ ១០ ​ប្រភេទ​ផ្សេងទៀត​ទៅឱ្យ​មីយ៉ាន់ម៉ា​​ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

នៅក្នុង​លិខិត​នោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏យូរអង្វែង​ក៏ដូចជា​ការរួមដៃ​គ្នា​ជាមួយ​លោកជំទាវ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ តាងនាម​រាជរដ្ឋាភិបាល​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស់​ចំនួន​ ២ ០០០ ០០០ (​ពីរលាន​) ​និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន​ទៀត​ដូច​មាន​ក្នុង​បញ្ជីរាយនាម​ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មីយ៉ាន់ម៉ា​»​។

លោក ហ៊ុន សែន បន្តថា​ លោក​បាន​ចាត់តាំង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នាំយក​អំណោយ​ទាំងនេះ​ទៅ​រដ្ឋធានី​ណៃពិដោរ​នៅ​ថ្ងៃទី​ ២៦ ខែ​វិច្ឆិកា តាម​យន្តហោះ​ពិសេស​។ ​លោក​មានជំនឿ​ថា កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ​អាច​នាំមក​នូវ​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​ការងើបឡើង​​វិញ​យ៉ាងរឹងមាំ​ជាមួយ​គ្នា​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អបអរសារទរ​ចំពោះ​លោកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​ទទួល​ជ័យជម្នះ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការបោះឆ្នោត​សកល​នៅ​មីយ៉ាន់ម៉ា​កាលពី​ពេល​ថ្មីៗ​នេះ​។ លោក​ថា ជ័យជម្នះ​នេះ ឆ្លុះបញ្ចាំង​ពី​ភាព​ជា​អ្នកដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព​ក្នុង​ការដឹកនាំ​មីយ៉ាន់ម៉ា​ឆ្ពោះ​ទៅ​រក​ភាពរីកចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ចផ្សះផ្សា និង​កសាង​ជាតិ​។

លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ខ្ញុំ​ក៏​សូម​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកជំទាវ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​កាន់តែច្រើន​ថែមទៀត​សម្រាប់​ប្រទេស​យើង​ទាំង​ ២ និង​វិបុលភាព​ដ៏ធំធេង​សម្រាប់​សហគមន៍​អាស៊ាន​»​។

កាលពី​សប្ដាហ៍​មុន កម្ពុជា​បាន​បរិច្ចាគ​ម៉ាស់ ២ ​លាន​ ១០ ​ម៉ឺន​ម៉ាស់ និង​សម្ភារ​វេជ្ជសាស្ត្រ​ ១២ ​មុខ​ផ្សេងទៀត​ដល់​ប្រទេស​​ឡាវ​ដែល​នៅ​ជិតខាង​ផងដែរ​។

ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​​ដើម្បី​បញ្ជាក់​ពី​ចំនួន​ម៉ាស់​ដែល​កម្ពុជា​កំពុងមាន​ក្នុង​ស្តុក​បានទេ កាលពី​ម្សិលមិញ​។

ប៉ុន្តែ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ថ្លែងថា ការបរិច្ចាគ​ម៉ាស់​ទៅ​ប្រទេសជិតខាង​គឺ​បង្ហាញ​ពី​ទឹកចិត្ត និង​បេះដូង​របស់​កម្ពុជា​ក្នុង​ការជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​​គ្រា​មាន​អាសន្ន​។ ​ការជួយ​គ្នា​នេះ​បង្ហាញ​ពី​ភាពល្អូកល្អិន​ជាមួយ​គ្នា និង​ការសហប្រតិបត្តិការ​ជាមួយ​គ្នា​ទៅវិញទៅមក​។

លោក​ថា​៖ «​ជាមួយនេះ​កម្ពុជា​​បានបង្ហាញ​ពី​វប្បធម៌​មនុស្សធម៌​មិនមែន​សម្រាប់តែ​អ្នក​ជិតខាង​ទេ​ សូម្បី​ពិភពលោក​ក៏​កម្ពុជា​​បាន​បង្ហាញ​បេះដូង​មនុស្ស​របស់​កម្ពុជា​ផងដែរ​...»​។

បើតាម​លោក ផៃ ស៊ីផាន កម្ពុជា​មាន​ម៉ាស់​គ្រប់គ្រាន់​ក្នុង​​ការត្រៀម​ប្រើប្រាស់ ដោយសារ​តែ​រដ្ឋាភិបាល​អនុវត្ត​គោលការណ៍​មួយ​គឺ​ដក​ ១ ​លាន​ម៉ាស់​​ពី​ស្តុក ដាក់ចូល​វិញ ១ ​លាន​ម៉ាស់​។

បើតាម​អង្គការ​សុខភាព​ពិភពលោក​ប្រទេស​មីយ៉ាន់ម៉ា​ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​​ ១៩ ជិត​ ១ ​ម៉ឺន​នាក់ និង​ស្លាប់​ ១ ៧៣៩ ​នាក់ គិត​ត្រឹម​ថ្ងៃទី​ ២៣ ​វិច្ឆិកា​៕