ភ្នំពេញៈ ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន ថ្លែងថាលោកនឹងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹងជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាលោក Mikami Masahiro ដើម្បីឱ្យលោកសម្រេចនូវបេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ ខណៈលោកក៏ប្រាប់មន្ត្រីទូតជប៉ុនជាន់ខ្ពស់រូបនេះថា កម្ពុជានៅតែបន្តកិច្ចសន្ទនាជាមួយសហភាពអឺរ៉ុបលើប្រព័ន្ធអនុគ្រោះពន្ធ EBA។
ក្នុងជំនួបជាមួយលោក Mikami Masahiro កាលពីថ្ងៃចន្ទ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បានប្រាប់មន្ត្រីទូតថ្មីនេះថា ប្រជាជនកម្ពុជាទាំងមូលកំពុងទទួលបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ពីព្រោះប្រជាជនប្រមាណ ៨៣ ភាគរយបានចេញទៅបោះឆ្នោតកាលពីឆ្នាំមុន។
ប្រជាជនប្រមាណ ៧៧ ភាគរយ បានគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទៀតផង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលស្រង់សម្តីលោក ប្រាក់ សុខុន កាលពីថ្ងៃអង្គារ។
តាមសេចក្តីប្រកាសព័ត៌មានលោក ប្រាក់ សុខុន បានថ្លែងទៀតថាកម្ពុជាតែងតែរក្សាជំហរគាំទ្រជប៉ុនក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ លោក បញ្ជាក់ថា៖ «អាស៊ានក៏មានចក្ខុវិស័យស្តីពី Indo-Pacific នេះផងដែរ ដែលទាំងកម្ពុជា និងអាស៊ានចង់ឃើញគំនិតផ្តួចផ្តើមទាំងនេះ បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងមិនប្រឆាំងគ្នា»។
ប្រមុខការទូតរូបនេះក៏បានប្រាប់ទូតជប៉ុនដែរថា កម្ពុជានៅបន្តកិច្ចសន្ទនាដៃគូជាមួយសហភាពអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA)។ ប៉ុន្តែថាកម្ពុជាក៏បានគូសបន្ទាត់ក្រហមដែលមិនអាចឆ្លងបានដែរគឺ «ដែនអធិបតេយ្យរបស់កម្ពុជា»។
លោក ប្រាក់ សុខុន បន្តថាកំណើនពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០១៩ មានទំហំជាង ២ ពាន់លានដុល្លារអាមេរិក ក្រោយពីការតភ្ជាប់ជើងហោះហើរត្រង់។ ជើងហោះហើរត្រង់នេះបានជំរុញដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម និងវិនិយោគផងដែរ។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេកាលពីម្សិលមិញ។
លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានថ្លែងថា ជប៉ុនជាមិត្តជិតស្និទ្ធរបស់កម្ពុជា។ ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ បន្ទាប់ពីកម្ពុជាបានធ្វើការបោះឆ្នោតក្នុងឆ្នាំ ១៩៩៣ មកជប៉ុនជាម្ចាស់ជំនួយធំទី ១។ ការវិនិយោគជប៉ុនក៏មានទំហំមួយធំគួរសមដែរនៅក្នុងប្រទេសកម្ពុជា។
លោក គិន ភា បានបន្ថែមថាជានិច្ចកាលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា ជានយោបាយការបរទេសអព្យាក្រឹតដែលមិនព្យាយាមដាក់សម្ពាធ ឬក៏ប្រើប្រាស់ឥទ្ធិពលការទូត ឬក៏ឥទ្ធិពលនយោបាយ ឬសេដ្ឋកិច្ចណាមួយបង្ខំឱ្យកម្ពុជាដើរតាមរបៀបវារៈរបស់ខ្លួនទេ ជាអ្វី ដែលលោក គិន ភា ហៅថាជា «ទំនាក់ទំនងដែលមានភាពស្មោះត្រង់»។
លោកថ្លែងថា៖ «ការគាំទ្ររបស់កម្ពុជាចំពោះជប៉ុន គឺយើងអាចទទួលបាននូវផលប្រយោជន៍ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ហើយជាពិសេសគឺជប៉ុនតែងតែផ្តល់ការគាំទ្រកម្ពុជាក្នុងកិច្ចការតំបន់ និងអន្តរជាតិដូចគ្នាដែរ»។
លោក Mikami Masahiro បានបង្ហាញចំណាប់អារម្មណ៍ក្រោយពីលោកមកដល់ប្រទេសកម្ពុជា ២ សប្តាហ៍ ដោយលោកថា កម្ពុជាមានការរីកចម្រើនខ្លាំង បើប្រៀបធៀបកាលពី ១៧ ឆ្នាំមុន ដែលលោកធ្លាប់មកដល់ទឹកដីកម្ពុជា។ ផ្សារទំនើបអ៊ីអន (AEON) នៅកម្ពុជាធំ និងមានភ្ញៀវច្រើនជាងនៅប្រទេសជប៉ុន។ នេះបើតាមការថ្លែងរបស់លោកក្នុងវីដេអូដែលបានបង្ហោះក្នុងហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជាកាលពីថ្ងៃ ១៧ ខែកញ្ញា៕