ភ្នំពេញៈ អ្នក​នាំពាក្យ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិ​យម លោ​ក ចាន់ យុត្ថា បាន​ប្រាប់ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា រដូវ​វស្សា​ឆ្នាំ​នេះ​ កម្ពុជា​នឹង​មាន​​ព្យុះ​កើតឡើង​រហូត​ដល់​ ២៦​ ព្យុះ ប៉ុន្តែព្យុះ​ដែល​មាន​ឥទ្ធិព​ល​ និង​បង្ក​ឲ្យ​មាន​ជាជំ​នន់​​​ទឹក​ភ្លៀ​ង និង​ជំនន់​ទឹក​ទន្លេ​មេគង្គ​នៅ​កម្ពុជា​នោះ គឺមាន​តែពី​ ៥ ​ទៅ​ ៦​ ព្យុះ​ប៉ុណ្ណោះ។​

លោក យុត្ថា បាន​និយាយ​ទៀត​ថា ជាទូទៅ​ព្យុះទាំង​នោះ ភាគ​ច្រើន កើត​ឡើង​នៅ​លើ​​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក ហើយ​ដំណើរ​របស់​វា​​ច្រើន​​​ឆ្លង​ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង មុន​ឆ្ពោះ​ទៅ​កាន់​តំបន់​ផ្សេង​ទៀត។ ប៉ុន្តែ​ព្យុះ​ដែល​អាច​មាន​ឥទ្ធិពល មក​លើ​ប្រទេស​កម្ពុជា និង​តំបន់​អាង​ទន្លេ​មេគង្គ ភាគ​ច្រើនកើត​ឡើង​ក្នុង​តំបន់​ភាគ​ខាងត្បូង​ឈូង​សមុទ្រ​ចិន។

លោក​បញ្ជាក់​ថា៖ «ជាទូទៅ​ព្យុះ​ដែល​​កើត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ច្រើន​កើត​មាន​ចាប់​​ពីពាក់​កណ្ដាល​ខែសីហា​​ដល់​ពាក់​កណ្ដាល​ខែ​តុលា។ បើតាម​ការព្យាករ​អាកាសធាតុ ក្នុង​អំឡុង​ខែសីហាដល់​ខែតុ​លា ប្រទេស​ កម្ពុជា អាច​នឹ​ង​ប្រឈម​គ្រោះ​ជំនន់​ទឹកភ្លៀង ឬជំនន់​ទឹក​ទន្លេ​មេគង្គ ដោយ​សា​រ​ឥទ្ធិ​ពលនៃ​ព្យុះ​ចំនួន ៥-៦ ដែល​នឹង​កើត​មាន​នៅក្នុង​តំបន់​ភាគ​ខាងត្បូង​ឈូង​សមុទ្រចិន»។

លោក​បន្តថា យ៉ាង​ណា​ក៏ដោ​យ ក្នុង​អំឡុង​ពេល​នេះបា​តុ​ភូ​​ត​​អែល​​នីណូ ដែល​មាន​ឥទ្ធិពល​ខ្លាំង​មកលើ​កម្ពុជា កាលពី​ក្នុង​រដូវ​ប្រាំង​កន្លង​មក​នោះ បាន​ចុះ​ថម​ថយ​ឥទ្ធិពល​ជាលំដាប់ ខណៈ​បាតុភូត​ធម្មជាតិ​នៃវ​ស្សា​ន​​​រដូវ ដូច​ជា​ខ្យល់មូសុង​និរតី​ប្រព័ន្ធ​សម្ពាធ​ទាប​ក៏បាន​និង​កំពុង​កើត​ឡើង និង​បង្កើន​ឥទ្ធិ​ព​ល​ជា​បន្ត​បន្ទាប់ បានធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេសក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ដែល​អនុគ្រោះ​​ដល់​ការងារ​បង្កបង្កើន​ផល​របស់​ប្រជា​កសិករ។

ប៉ុន្តែ​បើយោង​តាម​សេចក្ដី​ជូនដំណឹង ស្តីពីការ​ព្យាករ​អាកាស​ធាតុ​សម្រាប់​រដូវ​វស្សាឆ្នាំ ​២០១៩ របស់​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម ចុះថ្ងៃទី​ ១៧ ​ខែ មិ​ថុនា ឆ្នាំ​ ២០១៩ ដែល​​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិ​ល​មិញ កូន​រដូវប្រាំង​អាច​នឹង​កើត​មាន​នៅ​ចន្លោះ​ពី​ចុង​ខែ​កក្កដា ដល់​ដើម​ខែសីហាដែ​ល​អាច​បង្ក​ឲ្យមាន​បញ្ហា​ប្រឈ​ម​តិច​តួច​ផង​ដែរដល់​ការងារ​ដាំ​​ដុះ និងថែទាំ​ដំណាំ​របស់​ប្រជា​កសិករ។

ទាក់ទិន​បញ្ហា​នេះ លោក​​ យុត្ថា បាន​និយាយ​ថា ក្រសួង​ក៏ដូច​ជាមន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បាន​ត្រៀម​បម្រុង​រួចជា​ស្រេច​សម្រាប់​​កិច្ច​អន្តរាគ​មន៍​ជួយដល់​ប្រជា​កសិករ ក្នុងគ្រា​ដែល​តំបន់​ណា​មួយ​ជួប​បញ្ហាប្រឈមទៅ​នឹង​កង្វះទឹ​ក​ស្រោចស្រព។

លោក​បាន​បញ្ជាក់​ថា៖ «កូន​រដូវ​ប្រាំង​​ក្នុង​រដូវវស្សាអាច​មានក្នុង​ចន្លោះ​ពី ​១០ ថ្ងៃ​ ទៅ ​១៥ ​ថ្ងៃ ប៉ុន្តែខ្យល់​អាកាស​មិន​ក្ដៅ​ហួតហែង​នោះ​ទេ ដោយ​សារ​នៅ​ដើម​រដូវ​វស្សា​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ធ្វើ​ឲ្យ​បរិមាណ​ទឹក​មាន​នៅប្រព័ន្ធ​អាង ​​ឬ​ទំនប់​បិទ​ទឹក​មួយ​ចំនួន ដូ​ច​ជា​ ស្ទឹង បឹង ព្រែក ទន្លេ មាន​នៅ​ច្រើន​បង្គួរ»។

លោក​​បន្ត​ថា តាមការ​ព្យាករ ភ្លៀង​នឹង​បន្ត​ធ្លាក់​ រហូត​ដល់​ពាក់​កណ្ដា​ល​ខែ​កក្កដា ខាងមុខ​នេះ៕