ភ្នំពេញៈ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​ថា​ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី​ ៣០ ខែ មីនា ឆ្នាំ​ ២០២១ ​កម្ពុជា​នឹងមាន​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​កើតឡើង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ពិសេស​ក្នុង​តំបន់​វាលទំនាប​កណ្ដាល​។

ការព្រមាន​អំពី​បាតុភូត​ធម្មជាតិ​ខាងលើនេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​អាកាសធាតុ​បាន​ពិនិត្យ​អង្កេត​អំពី​ការវិវត្ត​នៃ​ទ្រនុង​សម្ពាធ​ខ្ពស់​ប៉ាស៊ីហ្វិក និង​ជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ឥណ្ដូនេស៊ី​ដែល​កំពុងមាន​ឥទ្ធិពល​គ្របដណ្ដប់​លើ​បណ្ដា​ខេត្ត​មួយចំនួន​នៅ​ភាគ​ឦសាន និង ភាគនិរតី​នៃ​ប្រទេស​កម្ពុជា​។

តាមរយៈ​ការពិនិត្យ​អង្កេត​នេះ ក្រុម​ព្យាការី​ផ្នែក​អាកាសធាតុ​បាន​ព្យាករ​ថា តំបន់​វាលទំនាប​កណ្ដាល​ និង​តំបន់​មាត់សមុទ្រ​នឹងមាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​កើតឡើង​ផងដែរ​។

ចំណែក​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​ភ្លៀង​ធ្លាក់​តិចតួច​ប៉ុណ្ណោះ​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ទំនាប​ដាច់ស្រយាល​នៃ​តំបន់​ខាងលើនេះ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គររន្ទះ​ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។

យ៉ាងណាក៏ដោយ​អាកាសធាតុ​នៅក្នុង​តំបន់​មាត់សមុទ្រ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ គឺ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​មិនមាន​ខ្យល់​បក់បោក​ខ្លាំង​គួរឱ្យ​កត់សម្គាល់​នោះទេ​។

លោក​ ហេង សុភណ្ឌរិទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​លម្ហ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ​មាន​សភាព​ស្ងប់​ជាធម្មតា​។

លោក​បាន​ថ្លែងថា​៖ «​ទោះជា​បែបណា​ក៏ដោយ​ចាប់ពី​ថ្ងៃ​ពុធ​នេះ​រហូត​ដល់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ទៅ​ប្រជានេសាទ​សមុទ្រ​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ទូក​នេសាទ​នៅ​ទី​ឆ្ងាយៗ​ពី​តំបន់​ដែន​នេសាទ​សមុទ្រ ដែល​ស្ថិតនៅ​ខ្សែទឹក​ខាងក្រៅ​ក្នុង​លម្ហ​សមុទ្រ​នោះទេ ព្រោះ​អាច​ប្រឈម​ចំពោះ​ព្យុះភ្លៀង និង​រលក​សមុទ្រ​ធំៗ​កើតឡើង​ជាយថាហេតុ​»​។

ជុំវិញ​ករណីនេះ ប្រជានេសាទ​ក្នុងភូមិ​កោះ​ខ្យង​ ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ លោក គឹម ឈុន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅពេល​មាន​អាកាសធាតុ​អួអាប់​ខ្លាំង ប្រជានេសាទ​មិន​ចេញ​ទូក​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ហើយ​មាន​ភ្លៀង​ធ្លាក់​តិចតួច នោះ​អ្នកភូមិ​របស់គាត់​នៅ​តែ​ចេញ​ទូក​នេសាទ​តាម​ធម្មតា ដោយ​គ្មាន​ក្ដីបារម្ភ​ខ្លាច​នោះឡើយ​។

លោក​ថ្លែងថា​៖ «​តាម​ធម្មតា នៅពេល​ផ្ទៃមេឃ​ស្រឡះ​បែបនេះ​ទោះ​មាន​ភ្លៀង​ធ្លាក់​តិចតួច​ក្ដី វា​មិន​បង្ក​គ្រោះថ្នាក់​នោះទេ គឺ​គ្រាន់តែ​មិនអាច​ចាប់​ត្រី​បាន​ច្រើន​ប៉ុណ្ណោះ ព្រោះ​ត្រី​វា​អាច​ហែល​ទៅក្នុង​ដែនទឹក​ជ្រៅ​»៕

វីដេអូ៖