ភ្នំពេញៈ ក្រសួងការពារជាតិ នឹងរៀបចំសមយុទ្ធទ្រង់ទ្រាយធំផ្នែកសង្គ្រោះមនុស្សពីគ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថាហេតុណាមួយ ឬដោយគ្រោះធម្មជាតិ ជាមួយប្រទេសជិតខាងនាពេលខាងមុខនេះ។ នេះបើយោងតាម មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា ក្រសួងការពារជាតិនឹងរៀបចំសមយុទ្ធជាមួយប្រទេសជិតខាង មានដូចជាប្រទេស ថៃ ឡាវ និងវៀតណាម នាពេលខាងមុខដែលមានលក្ខណៈជាទ្រង់ទ្រាយធំលើផ្នែកសង្គ្រោះមនុស្សពីគ្រោះមហន្តរាយដោយធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើង។ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់លាស់ពីពេលវេលា នៃការរៀបចំសមយុទ្ធធំនេះ និងមានការចូលរួមប៉ុន្មាននាក់ពីកងកម្លាំងយោធានោះទេ។
លោក ឈុំ សុជាត បានថ្លែងថា៖ «ហើយសមយុទ្ធនេះមិនពាក់ព័ន្ធនឹងការងារប្រយុទ្ធនោះទេ។ នេះជាការងារលក្ខណៈមនុស្សធម៌»។
លោកបញ្ជាក់ថា៖ «យើងមិនទាន់បានដឹងកម្មវិធីនៅឡើយទេ ហើយខាងបញ្ជាការហ្វឹកហ្វឺនត្រូវធ្វើរបាយការណ៍ឆ្លងរដ្ឋមន្ត្រីដោយសារវាពាក់ព័ន្ធនឹងចំណូល និងចំណាយ ហើយត្រូវធ្វើផែនការទៀត។ វាត្រូវការចំណាយច្រើនដូចជាសាំង ប្រេង និងឡាន»។
បើយោងតាមសារព័ត៌មាន AKP ដែលបានដកស្រង់សម្តី លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ លើកឡើងក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នៅសាលប្រជុំថ្មីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី ៥ ខែ សីហា នោះថា កងកម្លាំងគ្រប់អង្គភាពទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយប្រទេសជិតខាង លើផ្នែកសង្គ្រោះ គ្រោះមហន្តរាយ ដោយធម្មជាតិ នាពេលខាងមុខនេះ។
លោកអះអាងថាកម្លាំងទាំងអស់បានត្រៀមលក្ខណៈសព្វបែបយ៉ាង មានសម្ភារសម្រាប់ហ្វឹកហ្វឺននិងជួយសង្គ្រោះគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ។ លោកថា ការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយនេះនឹងធ្វើឡើងលើរបៀបវារៈដូចជា ការសង្គ្រោះការលិចនាវា ធ្លាក់យន្តហោះ រលំបាក់អគារ និងគ្រោះធម្មជាតិនានាដែលអាចកើតឡើងគ្រប់វិនាទី ដែលគ្មាននរណាស្មានដល់ជាដើមនោះ។
លោកថា៖ «កងកម្លាំងនៃក្រសួងការពារជាតិយើងមិនត្រឹមតែសង្គ្រោះក្នុងប្រទេសយើងទេក៏បានត្រៀមសហការគ្នាជាមួយប្រទេសភូមិផងរបងជាមួយ មានដូចជាប្រទេស វៀតណាម ឡាវ ថៃ។ ពិសេសចុងឆ្នាំនេះ យើងត្រៀមរៀបចំសមយុទ្ធសង្គ្រោះ គ្រោះមហន្តរាយមួយនៅតំបន់ព្រំដែនខេត្តស្វាយរៀង មានលក្ខណៈទ្រង់ទ្រាយធំមិនធ្លាប់ដែលមានក្នុងពេលកន្លងមកទេ»។
ជាមួយគ្នានេះផងដែរលោកក៏បានជំរុញដល់ថ្នាក់ដឹកនាំតាមអង្គភាពពាក់ព័ន្ធនានាទាំងអស់ត្រូវបង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗឱ្យទាន់ពេលវេលា ខណៈសព្វថ្ងៃតំបន់ខ្លះជួបនឹងគ្រោះរាំងស្ងួត តំបន់ខ្លះជួបនឹងបញ្ហាជំនន់ទឹកភ្លៀង និងកន្លែងខ្លះទៀតជួបប្រទះបញ្ហាខ្យល់កន្ត្រាក់។
ទន្ទឹមនឹងនេះដែរ បើយោងតាម សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយពីថ្ងៃទី ៦ សីហា បានធ្វើការណែនាំដល់សាធារណជនទាំងអស់ថាដោយសារតែមានការផ្លាស់ប្តូររដូវកាល វាបង្កឱ្យកើតមាន ជាញឹកញាប់នូវគ្រោះធម្មជាតិ ដូចជា រលកកម្តៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួត។ សេចក្តីណែនាំបន្តថាគ្រោះមហន្តរាយ ទាំងនេះ បង្កនូវផលប៉ះពាល់ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅឋាន ប៉ះពាល់សុខភាព និងបាត់បង់អាយុជីវិតប្រជាជន។
សេចក្តីណែនាំបញ្ជាក់ថា៖ « (អំឡុងពេលមានទឹកជំនន់) មិនត្រូវចូលទៅក្នុងផ្ទះចាស់ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់បែកបង្កគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនី ដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក។ នៅពេលធ្វើដំណើរដោយជិះទូកឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាមគ្រុនចាញ់និងជំងឺផ្សេង»។
សេចក្តីណែនាំក៏ស្នើឲ្យប្រជាជនត្រូវប្រុងប្រយ័ត្នចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក។ ពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក។ នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោងឬប៊ីដុងជ័រ គ្រប់ពេលកុមារចេញពីផ្ទះ៕