ភ្នំពេញៈ ​កម្ពុជា​នឹង​សហការ​ចាប់​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ចំនួន​ ១៧ ​ផ្សេងទៀត​នៅលើ​ពិភពលោក​ ដើម្បី​អភិវឌ្ឍ​​ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​ STEM ​ឬ​ 0.៤ ​នៅតាម​អនឡាញ​ ដើម្បី​ផ្ដល់​ដល់​យុវជន​កម្ពុជា​ជំនាន់​ថ្មី ខណៈ​ដែល​វិស័យនេះ​កំពុង​មាន​ការរីកចម្រើន​ និង​មាន​ភាពចាំបាច់​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពីថ្ងៃ​ទី​ ២១ ​ធ្នូ​ ថា កម្ពុជា​​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ ១៧ នៅលើ​ពិភពលោក​រួមមាន ប្រទេស​អាមេរិក សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម អាហ្វ្រិក អាមេរិក​ឡាទីន ប្រេស៊ីល អាហ្សង់ទីន និង​ម៉ិកស៊ិក ជាដើម​ដើម្បី​ពិភាក្សា​អំពី​បណ្តុះបណ្តាល STEM ​ឬ​ ០.៤ ​ដែល​ជា​តម្រូវការ​​ចាំបាច់​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​។

លោក សុខ ទូច បន្ថែម​ថា​កម្ពុជា​ត្រូវតែ​រៀន​បន្ថែមទៀត ព្រោះ​កម្ពុជា​មិនមែន​ជា​ប្រទេស​នៅ​តំបន់​ជនបទ​ទេ គឺជា​ប្រទេស​មួយ​នៅលើ​ពិភពលោក ដែល​ចាំបាច់​ចាប់​ដៃគូ​ជាមួយ​ប្រទេស​ដែលមាន​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​ធនធាន​មនុស្ស​។ នេះ​ជា​លើក​ទី​ ១ សម្រាប់​កម្ពុជា​ដែល​បាន​ចូលរួម​សហការ​ជាមួយ​នឹង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​សម្រាប់​វិស័យ​អប់រំ​លើ​អនឡាញ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រាន់តែ​ជំងឺ​កូវីដ​១៩​កើតឡើង​ភ្លាម យើង​អាច​ចូលរួម​ប្រជុំ​តាម​អនឡាញ​បាន​ដែល​ទាំងអស់​នេះ​គឺជា​អ្វី​ដែល​កើតឡើង​ពី​ STEM និង​ ០.៤​។ កម្ពុជា​ចាំបាច់​ត្រូវមាន​មនុស្ស​ដែល​មាន​ជំនាញ​​ និង​ចំណេះ​ដើម្បី​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​នាពេល​ខាងមុខ​នេះ​»​។

បើតាម​លោក សុខ ទូច ដើម្បី​​សម្រេច​នូវ​គោលដៅ​នេះ​កម្ពុជា​ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​គ្រូបង្រៀន​ឱ្យបាន​ច្រើន​ស្រប​ពេល​ដែល​ក្រសួង​អប់រំ​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​បណ្តុះ​ធនធាន​មនុស្ស​ផ្នែក​ STEM នេះ ដើម្បី​ជំរុញ​ STEM ​នេះ​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​បាន​។

លោក​បាន​បន្ថែមថា​៖ «​នៅ​​ក្នុង​ដំណាក់កាល​នេះ​យើង​កំពុង​ពិភាក្សា​គ្នា មិនទាន់​ជា​មាន​លទ្ធផល​អ្វី​នោះទេ ដោយ​រង់ចាំ​មើល​នៅ​ថ្ងៃទី​ ២៣ ​ធ្នូ ខាងមុខ​នេះ យើង​នឹង​ចាប់ផ្តើម​ថា​សហការ​គ្នា​ ឬ​ដោះដូរ​កម្មវិធីសិក្សា​តាម​អនឡាញ ហើយ​យើង​នឹង​ឈាន​ទៅ​រក​កម្មវិធី​រួមគ្នា​រវាង​ប្រទេស​ទាំង​ ១៧ ​នេះ​»​។

លោក ហ៊ាន សំបឿន ប្រធាន​មជ្ឈមណ្ឌល​ពហុព័ត៌មាន​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ថ្លែងថា វា​គឺជា​ការល្អ​មួយ​បន្ថែមទៀត សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការចូលរួម​ជាមួយ​នឹង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​លើ​មុខវិជ្ជា​ផ្នែក​ STEM ដែល​ត្រូវ​ធ្វើតាម​អនឡាញ​នេះ​។ ប៉ុន្តែ​​លោក​ថា មាន​មុខវិជ្ជា​មួយ​ចំនួន​ក៏មាន​ភាពងាយស្រួល និង​មួយចំនួន​ក៏​ពិបាក​ផងដែរ ព្រោះ​ត្រូវការ​អនុវត្ត​ផ្ទាល់​ជាមួយ​នឹង​ការប្រើប្រាស់​សម្ភារ​។

លោក​ថ្លែងថា​៖ «​មុខវិជ្ជា​ផ្នែក STEM មាន​ច្រើន ហើយ​មុខវិជ្ជា​មួយចំនួន​អាច​ធ្វើ​ទៅរួច ហើយ​មួយចំនួន​ទៀត​ក៏​អាច​នឹងមាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​។ នៅក្នុង​ដំណាក់កាល​នេះ អាច​ថា​មាន​ការបណ្តុះបណ្តាល​គ្រូ ហើយ​បន្ទាប់មក​យើង​បណ្តុះបណ្តាល​សិស្ស​បន្តទៀត​»​។

លោក អ៊ឹម សុធី នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ការបណ្តុះបណ្តាល​មុខវិជ្ជា STEM ​សម្រាប់​​យុវជន​ជំនាន់​ថ្មី​ជាមួយ​បណ្តាប្រទេស​នៅលើ​ពិភពលោក​ដែលមាន​ការរីកចម្រើន​លើ​វិស័យ​បច្ចេកវិទ្យា​។

ក៏ប៉ុន្តែ​លោក​ថា បើ​ជ្រើសរើស​យុវជន​ឱ្យ​ចូលរួម​សិក្សា​តាម​អនឡាញ​នេះ គួរតែ​ធ្វើឡើង​ដោយ​តម្លាភាព គណនេយ្យភាព និង​សមភាព​ឱ្យ​យុវជន​គ្រប់រូប​បញ្ចេញ​នូវ​សមត្ថភាព​ខ្លួន​ដើម្បី​មាន​លទ្ធភាព​ក្នុង​ការទទួល​បាន​បណ្តុះបណ្តាល ព្រោះ​ថា ចាប់តាំងពី​មាន​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​ ១៩ យុវជន​ភាគច្រើន​មិនទាន់​បាន​យល់​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​អនឡាញ​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​នៅពេល​ដែល​មានឱកាស​បែបនេះ​ហើយ​មាន​ការប្រកួត​ប្រជែង​រវាង​កូនអ្នកមាន និង​កូនអ្នកក្រ​ឱ្យមាន​ភាពស្មើគ្នា​ក្នុង​​ការទទួល​បាន​បណ្តុះបណ្តាល​នោះ វា​ពិតជា​ការល្អ​មួយ និង​ធ្វើឱ្យ​សង្គម​មាន​ការរីកចម្រើន​ផងដែរ​»៕