ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា លោក​​ ប្រាក់ សុខុន បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ថា ប្រទេស​កម្ពុជា​នឹង​មិន​ដោះដូរ​អធិបតេយ្យ​ជាតិ ដើម្បី​ជំនួយ​ដាច់​ខាត ព្រោះ​ខ្លួន​បាន​ឆ្លង​កាត់​ភាព​លំបាក​ពី​អតីត​កាល​រួច​មក​ហើយ ជាមួយ​គ្នា​នេះ លោក​ក៏បាន​បង្ហាញ​ការ​សោក​ស្តាយ​ទៅ​លើ​ការ​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុបនា​ពេល​ថ្មីៗ​នេះ ដែល​បាន​ដាក់​ចេញ​នូវ​វិធានការ​ការពារ​ចំពោះ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា។

តាម​សេចក្តីប្រកាស​ព័ត៌មាន ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាល​ពី​ថ្ងៃ​ទី ១៧-១៨ មករា នៅ​ខេត្ត​ឈៀងម៉ៃ ប្រទេស ​ថៃ រដ្ឋមន្ត្រី​ការបរទេស និង​សហ​ប្រតិបតិ្តការ​អន្តរជាតិ លោក​ ប្រាក់ សុខុន បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ស្តង់ដា ២ សម្រាប់​ជ្រើសរើស​យក​តែ​ចំណុច​ណាដែល​សម​ស្រប និង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ដែល​ខ្លាំង​ជាង។ ទន្ទឹម​នឹង​នេះ លោក​ ប្រាក់ សុខុន ក៏បាន​សង្កត់​ធ្ងន់​ថា៖ «ប្រទេស​ កម្ពុជា នឹងមិន​ដោះដូរ​អធិប​តេយ្យ​ជាតិ ដើម្បី​ជំនួយ​ជា​ដាច់​ខាត កម្ពុជា​បាន​ឆ្លង​កាត់​ភាព​លំបាក ពី​អតីតកាល​រួច​ហើយ»។

លោក​ប្រមុខ​ការទូត ក៏បាន​បង្ហាញ​ការសោកស្តាយ​ផងដែរ​ទៅលើ​ការសម្រេច​ចិត្ត​របស់​គណៈ​កម្មការ​អឺរ៉ុប​នា​ពេល​ថ្មីៗ នេះ ចំពោះ​ការ​ដាក់​ចេញ​នូវ​វិធានការ​ការពារ​ចំពោះ​ការ​នាំចូល​អង្ករ​ពី​ប្រទេស​ កម្ពុជា និង​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី ១៦ ខែ​មករា ឆ្នាំ ២០១៩។

សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់ ក្នុង​ការ​បន្ត​ពង្រឹង​មជ្ឈភាព​អាស៊ាន និង​តួនាទី​នាំមុខ​អាស៊ាន​នៅ​ក្នុង​និម្មាបន​កម្ម​តំបន់ ដែល​កំពុង​វិវឌ្ឍ និង​ទំនាក់​ទំនង​ជាមួយ​ភាគី​ខាង​ក្រៅ។ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ទទួល​ស្គាល់​ពី​ការ​ប្រកួត​ប្រជែង​ដែល​កើន​ឡើង​រវាង​មហា​អំណាច​ធំៗ​នៅ​ក្នុង​តំបន់ និង​ផល​ប៉ះពាល់ ដែល​អាច​មាន​ដល់​មជ្ឈភាព​អាស៊ាន។

លោក ​ប្រាក់ សុខុន ក៏បានសម្តែង​ការស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នានា ដែល​រួម​ចំណែក​ដល់​ការ​ពង្រឹង​ការ​ឯកភាព និង​មជ្ឈភាព​អាស៊ាន​និង​ការ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​នៃ​ភាព​បើក​ចំហនវានុវត្តន៍ និង​ការ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​បានចង្អុលបង្ហាញ​ថា អាស៊ាន​គួរ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ក្នុងការ​កសាង​សហគមន៍​អាស៊ាន ជាមួយ​គ្នា​នេះ​ដែរ​ត្រូវ​បន្ត​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ខាង​ក្រៅ​របស់​អាស៊ាន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដ៏​ល្អ​ប្រសើរ​នៃ​សន្តិភាព និង​វិបុលភាព​រួម​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ។

ទាក់ទង​នឹង​ការពង្រឹង​ការ​បំពេញ​បន្ថែម​រវាង​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ ២០២៥ និង​របៀប​វារៈ​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ ២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព លោក​​ ប្រាក់ សុខុន យល់​ឃើញ​ថា ភាព​រឹងមាំ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន គឺ​ពឹង​ផ្អែក​លើ​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ក្នុងការ​សម្រប​គោល​នយោបាយ​អភិវឌ្ឍន៍​ថ្នាក់​ជាតិ ឲ្យ​ស្រប​នឹង​របៀប​វារៈ​នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​បំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​អំពី​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​គំនិត​ផ្តួចផ្តើម​ប្រកប​ដោយ​នវា​នុវត្តន៍​របស់​ថៃ​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ការ​សិក្សា និង​កិច្ចសន្ទនា​ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​ក្នុង​ឆ្នាំ​នេះ។

លទ្ធផល​កិច្ចប្រជុំ​ក៏បាន​បង្ហាញថា រដ្ឋមន្ត្រី​អាស៊ាន​ទទួលស្គាល់​អំពី​សារៈ​សំខាន់​នៃ​ការ​បង្កើត​វិធីសាស្ត្រ​រួម​អាស៊ាន​ស្តីពី​ទស្សនទាន​ឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្អែក​លើ​គោល​ការណ៍​សំខាន់ៗ​រួម​មាន​បរិយាប័ន្ន តម្លាភាព និង​ការ​បំពេញ​បន្ថែម។ រដ្ឋមន្ត្រី​ទាំង​អស់​សម្រេច​ឲ្យ​ឧត្តម​មន្ត្រី​អាស៊ាន​ពិភាក្សា​បន្ថែម​លើ​ទស្សនទាន​នេះ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី​ទាំងអស់ បាន​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ រួម​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​ហិង្សា​ជ្រុល​និយម រដ្ឋ​រ៉ាក់ឃីន ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងត្បូង។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​ថ្លែងថា នៅ​តំបន់​អាស៊ាន​មាន​ការ​ប្រកួត​ប្រជែង​ចូល​មក​របស់​ប្រទេសមហា​អំណាច​ដូចជា សហរដ្ឋ​អាមេរិក ប្រទេស ​រុស្ស៊ី សហគមន៍​អឺរ៉ុប និង​ប្រទេស ​ចិន ដោយសារ​ប្រទេស​អាស៊ាន​មិន​មាន​ឆ្អឹងខ្នង ដើម្បី​ដោះស្រាយ​បញ្ហា​នានា ហើយ​ដោយសារ​អាស៊ាន​មាន​ភាព​ទន់​ខ្សោយ និង​មិនមាន​ឯកភាព​ផ្ទៃ​ក្នុង ដែល​ធ្វើ​ឲ្យ​ប្រទេស​មហា​អំណាច​ងាយ​ស្រួល​ក្នុង​ការ​ជ្រៀត​ជ្រែក។

លោក​បញ្ជាក់ថា៖ «យើង​ត្រូវ​រៀបចំ​គោលនយោបាយ​មុន​ជាស្រេច ដោយសារ​ធម្មតា​សេដ្ឋកិច្ច​អែប​នឹង​នយោបាយ។ បើ​គេ​ចង់​បាន​នយោបាយ​អ្វីមួយ គេ​នឹង​ដាក់​សម្ពាធ​ហើយ។ យើង​មិន​ដូរ​អធិបតេយ្យ​ភាព​នឹង​ជំនួយ​ប៉ុន្តែ​យើង​ត្រូវ​ត្រៀម​ខ្លួន​ថាបើ​យើង មិន​ដូរ​យើង​ត្រូវ​ពឹង​អី ហើយ​យើង​ត្រូវ​ចាប់​ប្រទេស​ណា​ដែល​មាន​ទិសដៅ​ដូចគ្នា​ដូចជា​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន រុស្ស៊ី និង​សហព័ន្ធ​អារ៉ាប់»។

អ្នកវិភាគ​នយោបាយ លោក មាស នី ថ្លែងថា សហរដ្ឋអាមេរិក និង​ប្រទេស ​ចិន បាន​និង​កំពុង​តែ​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី។

លោក​ថា៖ «ពេលដែល​យើង​មាន​សម្ពាធ​ពី​ក្រុម​មួយ​ហើយ​រត់ទៅ​រក​ក្រុម​មួយទៀត វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់​ទំនង​រវាង ប្រទេស​មួយ​ទៀត»៕