ភ្នំពេញៈ កម្ពុជា​បាន​បញ្ជូន​ទាហាន​កងវិស្វកម្ម​ពហុជំនាញ​ចំនួន​ ៩២ ​នាក់​បន្ថែមទៀត​ទៅ​កាន់​ប្រទេស​លីបង់ ដែល​ធ្វើឱ្យ​កងកម្លាំង​របស់​កម្ពុជា​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​ ១៨៤ ​នាក់ ដើម្បី​ចូលរួម​បំពេញ​បេសកកម្ម រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​លីបង់​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​។

លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​ទាហាន​វិស្វកម្ម​ទាំងនោះ​មកពី​កងអនុសេនាតូច​លេខ ៩២៨​។ ពួកគេ​បានចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅកាន់​ប្រទេស​លីបង់​កាលពី​ល្ងាច​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២១ តាម​ជើងយន្តហោះ UN លេខ ET8801​។

លោកស្រី​ថ្លែងថា​៖ «​នៅពេល​ទៅដល់​ប្រទេស​លីបង់ ពួកគេ​នឹងត្រូវ​ទទួល​ភារកិច្ច​ដូចជា​កម្លាំង​កង​ទាហាន​វិស្វកម្ម​មុនៗ​ផងដែរ​គឺ​ត្រូវបំពេញ​ភារកិច្ច​ក្នុងការ​សាងសង់​សំណង់​លើ​ផ្ទៃរាប​ និង​បញ្ឈរ​ដូចជា​របង​ការពារ​ព្រំដែន​សន្តិភាព​នៃ​ប្រទេស​លីបង់ និង​អ៊ីស្រាអែល​រួមទាំង​ការបោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​ស្ថិតនៅតាម​បណ្ដោយ​ជួរ​បន្ទាត់​ព្រំប្រទល់​នៃ​ប្រទេស​ទាំង​ ២»​។

បើតាម​លោកស្រី ម៉ាលីនដា វត្តមាន​របស់​ពួកគេ​បាន​ធ្វើឱ្យកង​កម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បន្ត​បេសកកម្ម​ការងារ​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ នៅក្នុង​ប្រទេស​លីបង់​នាពេល​នេះ​កើនឡើង​ដល់​ ១៨៤ ​នាក់​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ ៣០ ​នាក់​។ ក្រៅពី​ការងារ​សាងសង់​របង​ព្រំដែន​សន្តិភាព​ និង​បោសសម្អាត​មីន ពួកគេ​មួយចំនួន​ក៏បាន​ចូលរួម​នៅក្នុង​កម្មវិធី​សង្គ្រោះ​បឋម ដល់​យុទ្ធជន​នៃ​បណ្ដា​ប្រទេសមួយ​ចំនួន​ដែល​បាន​ចូលរួម​បំពេញ​បេសកកម្ម​ការងារ​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​នេះ​។

ចាប់តាំងពី​ផ្ទុះ​ករណី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​ជា​សកល​ជា​លើកដំបូង​រហូតមកទល់​ពេលនេះ ប្រទេស​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទាហាន​មួកខៀវ​តាម​ការស្នើសុំ​របស់​អង្គការសហប្រជាជាតិ​ចំនួន​ ៣ ​លើក​ក្នុង​នោះ​លើក​ទី​ ១ នៅ​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២០ បាន​បញ្ជូន​ក្រុម​កម្លាំង​កងអនុសេនាធំ​វិស្វកម្ម​ព្រលានយន្តហោះ និង​កងអនុសេនាធំ​កម្ទេច​គ្រាប់​សរុប​ចំនួន​ ២១៨ ​នាក់​ទៅកាន់​ប្រទេស​ម៉ាលី និង​លើក​ទី​ ២ នៅ​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ​ ២០២០ បាន​បញ្ជូន​កម្លាំង​ពហុជំនាញ​វិស្វកម្ម​ចំនួន​ ៧៣ ​នាក់​ទៅកាន់​ប្រទេស​ស៊ូដង់​ខាងត្បូង ហើយ​លើក​ទី​ ៣ នៅ​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២១ ​ទៅ​កាន់​លីបង់​ចំនួន​ ៩២ ​នាក់​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​ ២៩ ខែ ឧសភា ឆ្នាំ​ ២០២០ កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ ១ ​រូប​បាន​ស្លាប់​បន្ទាប់ពី​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​ម៉ាលី​។ ទាហាន​ដែល​បានទទួល​មរណភាព​នេះ គឺ​លោក​ឧត្តមសេនីយ៍ទោ ស សាវី អាយុ​ ៦៣ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​៕