ភ្នំពេញៈ កម្ពុជាបានដាក់ឯកសារបច្ចុប្បន្នភាពស្ដីពីវិធានការលើការប្រែប្រួលអាកាសធាតុទៅអង្គការសហប្រជាជាតិ និងទទួលបានការសាទរ ខណៈដែលប្រទេសនៅលើពិភពលោកជាងពាក់កណ្ដាលបានខកខានមិនបានដាក់ឯកសារបែបនេះឲ្យបានទាន់ពេលវេលាកំណត់នៅចុងឆ្នាំ ២០២០។
ប្រទេសកម្ពុជាកាលពីមុនដំណាច់ឆ្នាំ ២០២០ បានដាក់ដោយជោគជ័យនូវឯកសារមានចំណងជើងថា «ឯកសារបច្ចុប្បន្នភាពនៃការចូលរួមចំណែកថ្នាក់ជាតិក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស» ស្ដីពីការប្រែប្រួលអាកាសធាតុ។ ឯកសារនេះមានកម្រាស់ ១៥៨ ទំព័រ រៀបរាប់ពីទិដ្ឋភាពទូទៅពីវិធានការ និងគោលដៅនៃការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ការចូលរួម និងទិដ្ឋភាពជាច្រើនទៀត។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានថ្លែងក្នុងអារម្ភកថានៃឯកសារនេះថា ការដាក់ឯកសារនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងសេចក្ដីត្រូវការនៅក្នុងរយៈពេល ១ ទសវត្សរ៍ទៀត ក្នុងការបង្ហាញពីទស្សនវិស័យនៃសង្គមដែលបញ្ចេញកាបោនទាប និងមានភាពធន់។
លោកថ្លែងថា ឯកសារនេះត្រូវបានរៀបចំឡើងដោយមានការប្រឹក្សាយោបល់អស់រយៈពេលជាង ៩ ខែ តាមរយៈការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រទេស ដែលរួមមានក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធ អ្នកតំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន។
លោកថ្លែងដូច្នេះថា៖ «កម្ពុជាតែងតែជាអ្នកគាំទ្រយ៉ាងខ្លាំងមួយនៃសកម្មភាពជាលក្ខណៈពហុនិយមទៅលើការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាប្រទេសដែលរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ យើងយល់ពីភាពបន្ទាន់នៃសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតាហើយយើងតម្រង់ឆ្ពោះទៅសកម្មភាពទាំងនោះដោយការបង្ហាញឧទាហរណ៍»។ ទាំងនេះវាស្របតាមសមត្ថភាព និងការទទួលខុសត្រូវរបស់កម្ពុជាស្ថិតក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ។
លោកលើកឡើងថា ឯកសារបច្ចុប្បន្នភាពនេះត្រូវបានធ្វើឲ្យកាន់តែល្អប្រសើរជាងមុនតាមរយៈវិធីសាស្ត្រ ៤ ចំណុចដែលទី១ គឺការបន្ថែមគោលដៅនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម និងសំណល់ និងទី២ គឺការកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីដើម្បីកាត់បន្ថយការបំផ្លាញព្រៃឈើឲ្យបានពាក់កណ្ដាលនៅឆ្នាំ ២០៣០។
វិធីសាស្ត្រទី៣ គឺថា ឯកសារនេះផ្ដោតការយកចិត្តទុកដាក់លើក្រុមយេនឌ័រ និងងាយរងគ្រោះដើម្បីធានាថា សកម្មភាពសម្របខ្លួន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុរួមចំណែកយ៉ាងច្រើនដល់សង្គម និងប្រកបដោយបរិយាប័ន្ន។ មួយវិញទៀត កិច្ចប្រឹងប្រែងជាពិសេសត្រូវបានយកចិត្តទុកដាក់លើការបង្កើតក្របខ័ណ្ឌរឹងមាំសម្រាប់វាស់វែង ធ្វើរបាយការណ៍ និងផ្ទៀងផ្ទាត់ដើម្បីបង្កើតបាននូវភ័ស្តុតាងស្ដីពីការរីកចម្រើន និងបញ្ហាប្រឈម។
បើតាមទីភ្នាក់ងារព័ត៌មាន AFP គិតត្រឹមថ្ងៃទី ១ មករា ឆ្នាំ ២០២១ មួយថ្ងៃបន្ទាប់ពីកាលបរិច្ឆេទកំណត់បានហួសនៅថ្ងៃទី ៣១ ធ្នូ ២០២០ មានប្រទេសប្រមាណ ៧០ ប៉ុណ្ណោះក្នុងចំណោមជិត ២០០ ដែលបានដាក់ឯកសារនេះ ដោយប្រទេសខ្លះបន្ទោសលើបញ្ហាកូវីដ ១៩។ ប្រទេសទាំងអស់កាលពីឆ្នាំ ២០១៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយប្ដេជ្ញាធ្វើឲ្យកម្ដៅផែនដីនៅក្រោម ២ អង្សាសេធៀបទៅនឹងកម្រិតមុនសម័យឧស្សាហកម្ម។
លោកស្រី Patricia Espinosa លេខាធិការប្រតិបត្តិនៃលេខាធិការដ្ឋាននៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបានថ្លែងនៅលើហ្វេសប៊ុករបស់លោកស្រីថា៖ «សូមអបអរសាទរចំពោះប្រទេសកម្ពុជាដែលបានដាក់ជូនឯកសារលើកទី១ ស្ដីពីការចូលរួមចំណែកថ្នាក់ជាតិដ៏លម្អិត»។
លោក Nick Beresford តំណាងអង្គការយូអិនឌីភីប្រចាំកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១០ ខែធ្នូ ថា ឯកសារដែលកម្ពុជាបានដាក់គឺជាឯកសារលម្អិត ដែលរួមមានធាតុចូលពីតួអង្គសំខាន់ៗធ្វើការរឿងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោកថ្លែងដូច្នេះថា៖ «នេះជាលើកទី ១ ហើយ ដែលយើងឃើញនូវគោលដៅកាត់បន្ថយការបំភាយជាផ្លូវការដែលផ្ដោតលើបញ្ហានានាដូចជា ថាមពលកកើតឡើងវិញ ស័ក្ដិសិទ្ធិភាពនៃថាមពល ឬការគ្រប់គ្រងសំណល់។ គោលដៅក្នុងការកាត់បន្ថយឲ្យបានពាក់កណ្ដាលនៃការបំផ្លាញព្រៃឈើនៅឆ្នាំ ២០៣០ គឺវាស្របទៅនឹងយុទ្ធសាស្ត្រ REDD+ ថ្នាក់ជាតិដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះ»។
បើតាមលោក Beresford ឯកសារស្ដីពីការចូលរួមថ្នាក់ជាតិនេះបញ្ជាក់ពីគោលដៅចម្បងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីដើមខែធ្នូ។ នេះជាចំណុចវិជ្ជមាន និងបង្ហាញនូវការទទួលស្គាល់កាន់តែខ្លាំងថា ថាមពលបៃតងនឹងក្លាយជាកត្តាជំរុញដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ខាងមុខ ហើយក៏បញ្ជាក់ថា កម្ពុជាត្រូវតែចាប់យកឱកាសនេះ។
លោកបញ្ជាក់ថា៖ «នៅក្នុងវិស័យថាមពល យើងជឿជាក់ថា ស្របជាមួយនឹងនិន្នាការបច្ចេកវិទ្យា និងតម្លៃនាពេលបច្ចុប្បន្ននេះ កម្ពុជានឹងអាចធ្វើបានលើសពីគោលដៅដែលខ្លួនបានកំណត់នៅឆ្នាំ ២០៣០។ យើងទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋាភិបាល និងវិស័យឯកជនដើម្បីសម្រេចបាននូវមហិច្ឆតាកម្រិតខ្ពស់នេះ»៕