រតនគិរី៖ កម្ពុជា​បាន​រក​ឃើញ​សត្វ​ពស់​​ខ្សែ​គោ​ ពណ៌​ស ដ៏កម្រ​មួយ​ប្រភេទ​ថ្មី​ទៀត នៅ​ក្នុង​តំបន់​ភូមិភាគឦសាន។ នេះ​បើ​​តាម​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។

កាល​ពី​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ លោក សាយ សំអាល់ បាន​បង្ហោះ​រូប​ពស់​ជា​ច្រើន​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ជាមួយ​នឹង​សំណេរ​យ៉ាង​ខ្លី​ថា «កំណត់ត្រា​ថ្មី​សម្រាប់​កម្ពុជា​ប្រភេទ​ពស់​ខ្សែ​គោ​ដែល​រក​ឃើញ​នៅ​ឧទ្យាន​ជាតិ​វើនសៃ» ។

តាមរយៈ​រូបភាព ​ដែល​បាន​បង្ហាញ​នៅ​លើ​ហ្វេសប៊ុក​នោះ ពស់​ខ្សែ​គោ​ដែល​រក​ឃើញ​នៅ​ឧទ្យាន​ជាតិ​វើនសៃ​នេះ មាន​ស្រកា​ពណ៌ស ភ្នែក​ធំ មើល​ទៅ​មិន​គួរ​ឱ្យ​ខ្លាច​ដូច​ប្រភេទ​ពស់​ដទៃ​ផ្សេង​ទៀត​នោះ​ទេ​។

រូបភាព​នៃ​សត្វ​ពស់​ដ៏​កម្រ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​​ជាច្រើន​ពាន់​នាក់ បាន​ចុច Like និង Share តៗ​គ្នា​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជំនាញ​ការ​សត្វ​ព្រៃ​ និង​ជីវចម្រុះ​នៃ​ក្រសួង​បរិស្ថាន​ដែល​បាន​រក​ឃើញ​នូវ​ប្រភេទ​សត្វ​ល្មូន​ដ៏​កម្រ​នេះ។

ប្រភេទពស់ខ្សែគោ ដែលរកឃើញនៅឧទ្យានជាតិវើនសៃ។ រូបថត ក្រសួងបរិស្ថាន

លោក កែន សេរីរដ្ឋា ប្រធាន​អង្គការ WCS-Cambodia បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការ​រក​ឃើញ​នូវ​ប្រភេទ​សត្វ​ពស់​ខ្សែ​គោ​ពណ៌​ស​ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​វើនសៃ​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា ជា​ដែន​ជម្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀត​រស់នៅ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ និង​សាទរ​ចំពោះ​របក​គំហើញ​ថ្មី​នេះ។ ពស់​ខ្សែ​គោ​ពណ៌​ស ដែល​រក​ឃើញ​នៅ​ឧទ្យានជាតិ​វើនសៃ​នេះ គឺ​ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា។ ទន្ទឹម​នឹង​នេះ យើង​ត្រូវ​សិក្សា​បន្ថែម​ទៀត​ពី​លក្ខណៈ​ជីវសាស្ត្រ​របស់​វា​ឲ្យ​បាន​ច្បាស់លាស់ ដោយ​មាន​កិច្ច​សហការ​ពី​ជំនាញ​ការ​ផ្នែក​សត្វ​ល្មូន​អន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នូវ​ប្រភេទ​សត្វ​ល្មូន ឬ​ពស់​ខ្សែ​គោ​នេះ ជាស​ម្បត្តិ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ប្រើ​ឈ្មោះ​វា​ជា​ភាសា​ខ្មែរ​ផង​ដែរ»៕

ប្រភេទពស់ខ្សែគោ ដែលរកឃើញនៅឧទ្យានជាតិវើនសៃ។ រូបថត ក្រសួងបរិស្ថាន

វីដេអូ៖