ភ្នំពេញ: កម្ពុជាបានប្តេជ្ញាដោះមីនឲ្យអស់នៅត្រឹមឆ្នាំ ២០២៥ នៅលើផ្ទៃដីដែលមានការគំរាមដោយសារមីននៅសល់ចំនួន ៨៩០ គីឡូម៉ែត្រក្រឡាទៀត ខណៈអាជ្ញាធរមីនបានដាក់ផែនការសម្រាប់រយៈពេល ២ ឆ្នាំខាងមុខក្នុងការចុះស្រាវជ្រាវនៅ ៧៣ ស្រុក ដែលនៅសេសសល់ដោយនឹងត្រូវការថវិកាចំនួន ៣៧៧ លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការបោសសម្អាតមីន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន។
សេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃការចូលរួមសន្និសីទពិនិត្យឡើងវិញលើកទី ៤ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនហៅកាត់ថា អាជ្ញាធរមីនឲ្យដឹងពីម្សិលមិញថា កម្ពុជានៅសល់ផ្ទៃដីចំនួន ៨៩០ គីឡូម៉ែត្រក្រឡា ដែលមានការគំរាមដោយសារមីន និងត្រូវបោសសម្អាតឲ្យអស់នៅត្រឹមឆ្នាំ ២០២៥។
អាជ្ញាធរមីនបន្តថា កម្ពុជាមានផែនការជាក់លាក់សម្រាប់រយៈពេល ២ ឆ្នាំខាងមុខគឺស្រាវជ្រាវនៅ ៧៣ ស្រុកដែលនៅសេសសល់ដោយជំរុញឲ្យកងយោធពលខេមរភូមិន្ទចូលរួមក្នុងការងារបោសសម្អាតមីនមនុស្សធម៌ និងបន្តស្វែងរកនូវវិធីសាស្ត្រថ្មីៗ ដើម្បីដាក់ឲ្យប្រតិបត្តិករអនុវត្តឈានទៅកាត់បន្ថយផ្ទៃដីដែលមានការគំរាមបានកាន់តែឆាប់ទាក់ទាញម្ចាស់ជំនួយពីប្រភពផ្សេងៗ និងបន្តបោសសម្អាតផ្ទៃដីដែលមានការគំរាមដោយសារមីន ៨០៦ គីឡូម៉ែត្រក្រឡា។
អាជ្ញាធរមីនបន្តថា៖ «ចាប់ពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៥ ក្នុង ១ ឆ្នាំកម្ពុជា ត្រូវបោសសម្អាតតំបន់ដែលមានគ្រាប់មីន ១១០ គីឡូម៉ែត្រក្រឡាតំបន់ដែលមានគ្រាប់បែកចង្កោម ៦២ គីឡូម៉ែត្រក្រឡា និងតំបន់ដែលមានយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៤២ គីឡូម៉ែត្រក្រឡាដែលនឹងត្រូវការថវិកាសម្រាប់បោសសម្អាតចំនួន ៣៧៧ លានដុល្លារក្នុងនោះ ១៦៥ លានសម្រាប់តំបន់មីន ១២១ លានសម្រាប់តំបន់គ្រាប់បែកចង្កោម ៣៩ លានសម្រាប់ដោះស្រាយលើតំបន់ដែលមានយុទ្ធភណ្ឌមិនទាន់ផ្ទះ និង ៥២ លានសម្រាប់ការងារគ្រប់គ្រង»។
លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការអាជ្ញាធរមីនបានថ្លែងក្នុងសន្និសីទនៅទីក្រុងអូស្លូ ប្រទេសន័រវែស នោះថា គិតចាប់ពីឆ្នាំ ១៩៩២ ដល់ខែតុលា ឆ្នាំ ២០១៩ នេះមានជនរងគ្រោះស្លាប់ និងពិការ ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះនៅកម្ពុជាមានចំនួន ៦៤៨៤៩ នាក់។
លោកបន្តថា កម្ពុជាបានរៀបចំវេទិការជាច្រើនពាក់ព័ន្ធនឹងការងារជួយជនរងគ្រោះ និងបានចងក្រងច្បាប់សេចក្តីណែនាំ និងគោលនយោបាយស្តីពីការការពារសិទ្ធិជនពិការដោយបានផ្សព្វផ្សាយក្នុងលក្ខណៈទូលំទូលាយ។ ជាក់ស្ដែងលោកបានរាយការណ៍ជូនកិច្ចប្រជុំពេញអង្គពីវឌ្ឍនភាពការងារចំនួន ៣ គឺទី១- សំណើសុំពន្យារពេលបោសសម្អាតមីនលើកទី ២ (២០២០-២០២៥) ទី២- សកម្មភាពការងារជួយសង្គ្រោះជនរងគ្រោះ ដោយសារមីន និងទី៣- កិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីម្សិលមិញថ្លែងថាផ្ទៃដីដែលនៅសង្ស័យមានបញ្ហាគ្រាប់មីន និងដីមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលគេបានដឹងមានប្រមាណជាង ១៨០០ គីឡូម៉ែត្រក្រឡា។ CMAC បានដាក់គម្រោងនឹងចូលរួមបោសសម្អាតដីចម្ការគ្រាប់មីនឲ្យបានប្រមាណ ៧០ ភាគរយ នៃចំនួនដែលនៅសេសសល់នេះរហូតដល់ឆ្នាំ ២០២៥ ខាងមុខ។
លោកបន្តថា៖ «យើងមិនបានកំណត់ចំពោះតំបន់ណាមួយជាក់លាក់ទេ ប៉ុន្ដែបេសកកម្មយើងភាគច្រើនត្រូវបានផ្ដោតលើភូមិសាស្ត្រតាមបណ្ដាខេត្តមួយចំនួននៃតំបន់ព្រំដែនកម្ពុជាថៃ។ ដោយយើងមានការលំបាកច្រើន ព្រោះតំបន់គោលដៅទាំងអស់នោះសុទ្ធតែជាកន្លែងដាច់ស្រយាលមានមីនច្រើន និងមានភ្នំ ព្រៃឈើច្រើនដែលធ្វើឲ្យគ្រឿងចក្រមួយចំនួនមិនអាចចូលទៅដល់ ដែលធ្វើឲ្យយើងប្រើកម្លាំងមនុស្សផ្ទាល់តែម្ដង»។
លោកថា ចំពោះថវិកាសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពកម្ចាត់មីនរបស់អង្គភាព CMAC ក៏កំពុងខ្វះខាតដែរ ប៉ុន្ដែក៏មានដៃគូអភិវឌ្ឍន៍មួយចំនួននៅបន្តប្ដេជ្ញាចិត្តជួយគ្រាំទ្រដូចជា ប្រទេសជប៉ុន, UNDP, អូស្ត្រាលី, សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាដើមដែលពួកគាត់កំពុងសហការជាមួយ CMAC យ៉ាងសកម្ម។
លោក ឈុន បូរ៉ា មន្ត្រីត្រួតពិនិត្យសកម្មភាពបោសសម្អាតមីន និងកម្ទេចយុទ្ធភណ្ឌនៃអង្គការដោះមីនកម្ពុជាបានថ្លែងថា កិច្ចការងារក្នុងវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងមានបញ្ហាប្រឈមធំជាងគេគឺបញ្ហាថវិកាសម្រាប់គាំទ្រសកម្មភាពរុករក និងបោសសម្អាតគ្រាប់មីនឲ្យសម្រេចតាមផែនការ។
លោក បូរ៉ា ថ្លែងបន្តថាចំពោះបញ្ហាបច្ចេកទេស និងធនធានមនុស្សក៏ដូចជាសម្ភារប្រើប្រាស់នានាដែលបម្រើឲ្យការបោសសម្អាតមីន គឺមិនសូវចោទជាបញ្ហាធំទេ។
លោកបញ្ជាក់ថា៖ «គឺយើងខ្វះតែលុយទេ ប្រសិនយើងខ្វះលុយមកគាំទ្រសកម្មភាពយើង គឺការងារយើងនឹងមិនអាចឈានទៅសម្រេចតាមផែនការនៅឆ្នាំ ២០២៥ បានទេ ប៉ុន្ដែបើយើងមានលុយការងារនេះនឹងរលូនទៅមុខ ហើយអាចសម្រេចមុនផែនការទៀតផង។ ដូច្នេះ ខ្ញុំសូមអំពាវនាវឲ្យម្ចាស់ជំនួយបន្តគាំទ្រលើវិស័យបោសសម្អាតមីនទៀតជាក់ស្ដែងដូចសហរដ្ឋអាមេរិកក៏ដោយ គឺសូមបន្តជួយកម្ពុជាបន្ថែមទៀត»៕
វីដេអូ៖