ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង ហ្សឺណែវ ចេញ​ប្រតិកម្ម​ភ្លាមៗ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី រ៉ូណា ស្ម៊ីត ពាក់​ព័ន្ធ​នឹង​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៅ​កម្ពុជា ដោយ​ថា ការ​វាយ​តម្លៃ​នេះ ពុំ​មាន​តុល្យភាព និង​បង្ក​ឲ្យ​ការ​ភ័ន្តច្រឡំ​ក្នុង​ចំណោម​សាធារណៈ​មតិ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​សុក្រ ទី៨ វិច្ឆិកា បាន​បង្ហាញ​ការ​សោកស្ដាយ​ជា​ខ្លាំង នៅ​ពេល​បាន​ទទួល​ដំណឹង​អំពី​ការ​ចេញ​ផ្សាយ​ព័ត៌មាន​របស់​អ្នកស្រី ស្ម៊ីត អ្នក​សរសេរ​​របាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោកស្រី ស្ម៊ីត កាល​ពី​ម្សិលមិញ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ដោយ​បាន​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បង្ក្រាប​ខាង​នយោបាយ​ដែល​មាន​លក្ខណៈកាន់តែ​ខ្លាំង​ឡើងៗ​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​ប្រកាស​ពី​ការ​វិលត្រឡប់​លោក​នៅថ្ងៃទី ៩ ខែ​វិច្ឆិកា។

អ្នកស្រី​បាន​ថ្លែង​បន្តថា នៅ​ពេលនេះ ការ​កើនឡើង​យ៉ាង​ឆាប់​រហ័ស​នូវ​ចំនួន​នៃ​ការ​ចាប់​ខ្លួន និង ការ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សមាជិក​គណបក្ស សង្គ្រោះជាតិ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន ហើយ​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​គ្រប់​ភាគី​ទាំង​អស់ កាត់​បន្ថយ​នូវ​ស្ថានភាព​តាន​តឹង ហើយ​ស្វែង​រក​ការ​សន្ទនាគ្នានៅក្នុង​បរិយាកាស​ប្រកប ដោយ​សន្តិវិធី។

អ្នកស្រី ស្ម៊ីត បាន​បញ្ជាក់​ថា៖ «គេ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ទាំង​ឡាយ ដោយ​គ្រាន់​តែ​ផ្អែកលើ​មូលហេតុ​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ តាម​រ​យៈការ​ថ្លែង​សារ​នយោបាយ និង​ការ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​កិច្ចការ​សាធារណៈ​ឡើយ។ ប្រទេស​កម្ពុជា​ត្រូវ​តែ​គោរព​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន»។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នោះ បាន​ធ្វើ​ការ​កត់​សម្គាល់ និង ធ្វើ​ការ​បកស្រាយ​ជុំវិញ​ការ​លើក​ឡើង​របស់ អ្នកស្រី ស្ម៊ីត ថា វា​បាន​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ក្នុង​ចំណោម​សាធារណៈ​មតិ ដែល​ទាម​ទារ​ឲ្យ​ខ្លួន ត្រូវ​តែ​មាន​ការ​បកស្រាយ​ទាំង​អង្គហេតុ និង​អង្គច្បាប់ សម្រាប់​ការពារ​ខ្លួន។

ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បញ្ជាក់​ថា៖ «អាជ្ញាធរកម្ពុជា ដែល​អនុវត្ត​តាម​កាតព្វកិច្ច​អន្តរជាតិ​ខាង​លើ និង​ច្បាប់​ជាតិ​ពាក់​ព័ន្ធ បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស និង អ្នក​សម​គំនិត ដែល​ប៉ុនប៉ង​ផ្ដួល​រលំ​រដ្ឋាភិបាល​តាម​មធ្យោបាយ​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ និង ការ​ញុះញង់​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោក​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​ប្រជាជន»។

បន្ថែម​ពីនេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ក៏​បាន​ធ្វើ​ការ​បក​ស្រាយ​ទៀត​ថា ក្នុង​បរិបទ​ដែល​មាន​ការ​បំពាន​ច្បាប់ វិធានការ​ផ្លូវ​ច្បាប់​របស់​អាជ្ញាធរ​ចំពោះ​ទង្វើ​ខុស​ច្បាប់ មិន​អាច​បក​ស្រាយ​ថា ជា​ការ​បង្ក្រាប​ផ្នែក​នយោបាយ​បាន​ទេ។ ហើយ​ថា ការ​អនុវត្​តបែប​នេះ​ពុំ​មាន​អ្វី​ខុស​ប្លែក​គ្នា​ក្នុង​បណ្ដា​សង្គម​ប្រជាធិបតេយ្យ​ទាំង​អស់ ព្រោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ពុំ​បាន​ដាក់​គោលដៅ​លើ​ក្រុម​ជាក់​លាក់​ណា​មួយ​ឡើយ គឺ​អនុវត្ត​លើ​បុគ្គល​ដែល​បំពាន​ច្បាប់​ទាំង​អស់។

ក្នុង​លិខិត​នោះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «អាណត្តិ​របស់​អ្នក​សរសេរ​របាយការណ៍​ពិសេស គឺ​ជួយ​កម្ពុជា​ក្នុង​ការ​លើក​ស្ទួយ និង ការពារ​សិទ្ធិ​មនុស្ស តាម​រយៈ​កិច្ចសន្ទនា និង កិច្ច​សហប្រតិបត្តិការ ពុំ​មែន​ចេញ​ផ្សាយ​ព័ត៌មាន​សាធារណៈ​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ភាន់​ច្រទ្បំ និង ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អំពើ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​យុត្តាធិការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​នោះ​ទេ»។

ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ក៏​បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​ការ​ប្រើ​ប្រាស់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង ការ​ទទួល​ខុស​ត្រូវ​ពិសេស ដោយ​ពិចារណា​ទៅ​លើ​ដែន​កំណត់​ចែង​ដោយ​ច្បាប់ ខណៈ​ចាត់​ទុក​ថា ការ​សេចក្តី​ថ្លែង​ការណ៍​នយោបាយ និង ការ​បញ្ចេញ​មតិ​លើ​កិច្ចការ​សាធារណៈ​ដែល មាន​ការ​ប្រមាថ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា ប្រកាន់​ជាតិ​សាសន៍ និង អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ពុំ​មាន​តម្លៃ​ស្មើ​នឹង​សេរីភាព​បញ្ចេញ​មតិ​ឡើយ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​រាយការណ៍​ពិសេស អ.ស.ប ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចេញ​ផ្សាយ​ពី​ទីក្រុង ហ្សឺណែវ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​សីហា មានម​នុស្ស​យ៉ាង​តិច​ចំនួន ៨៩ នាក់ ត្រូវ​បា​​នចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់ ប្រឆាំង​នឹង​រដ្ឋ» ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន ៥២ នាក់ ត្រូវ​បាន​ចាប់​ខ្លួន នៅ​តាម​បណ្តា​ខេត្ត​ចំនួន ២០ ដែល​ព្រឹត្តិការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ករណី​នៃ​ការ​យាយី ធ្វើ​ទុក្ខ​បុក​ម្នេញ និង ចំណាត់​ការ​តាម​ផ្លូវ តុលាការ​ប្រឆាំង​នឹង​សមាជិក ឬ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ជាង ២០០ ករណី រាប់​ចាប់​តាំង​ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩៕