កណ្តាលៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីម្សិលមិញថា កម្ពុជាបានផ្ញើកំណត់ទូតទៅស្ថានទូតប្រទេសនានា បង្ហាញពីជំហររបស់កម្ពុជា និងបំភ្លឺលើការចោទប្រកាន់នានាដែលថា កម្ពុជារណបចិន និងថាមូលដ្ឋានទ័ពរាមអនុញ្ញាតឲ្យចិនប្រើប្រាស់ផ្ដាច់មុខ។
លោក ហ៊ុន សែន បានបញ្ជាក់ពីជំហរនេះសាជាថ្មី បន្ទាប់ពីមានការរុះរើអគារទីបញ្ជាការជួរមុខដែលសាងសង់ដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពរាមក្នុងខេត្តព្រះសីហនុ និងការមន្ទិលសង្ស័យថា កម្ពុជានឹងអនុញ្ញាតឲ្យយោធាចិនប្រើប្រាស់មូលដ្ឋានទ័ពរាមផ្ដាច់មុខ។
ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ម៉ាណ័រ នៅស្រុកកៀនស្វាយខេត្តកណ្តាលកាលពីម្សិលមិញលោក ហ៊ុន សែន បានថ្លែងអំណរគុណដល់ចិនដែលចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅប្រទេសកម្ពុជា។
ប៉ុន្តែលោកថា មនុស្សមួយចំនួនបែរជាថា កម្ពុជារណបចិននៅពេលចិនផ្ដល់ជំនួយសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកមានប្រសាសន៍ដូច្នេះថា៖ «អ្នកខ្លះឃើញចិនមកធ្វើផ្លូវ មកជួយធ្វើផ្លូវ ផ្ដល់ជាជំនួយឥតសំណង ផ្ដល់ជាប្រាក់កម្ចីឱ្យកម្ពុជាធ្វើផ្លូវ បែរជាថា កម្ពុជារណបចិន ជ្រើសរើសយកចិនចោលមហាអំណាចនេះមហាអំណាចនោះ។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ ខ្ញុំចង់សួរត្រឡប់ទៅវិញ បើផ្លូវនេះ ស្ពាននេះ ចិនមិនបានធ្វើទេ តើអ្នកណាមកធ្វើជួស? ខ្ញុំសួរត្រឡប់ទៅវិញ»។
លោកបញ្ជាក់ថា បើសិនមានអ្នកដែលអាចបញ្ជាក់ថា មានអ្នកផ្សេងអាចធ្វើបានជំនួសឱ្យចិន លោកសុខចិត្តចុះចេញពីតំណែង។ ទោះយ៉ាងណា លោកទទួលស្គាល់ថាជាការពិតផ្លូវ ស្ពាន មួយចំនួនត្រូវបានកសាងដោយជប៉ុន និងកូរ៉េប៉ុន្តែចិនបានសាងសង់រាប់ពាន់គីឡូម៉ែត្រ។
លោកមានប្រសាសន៍បន្តថា៖ «យកតែរឿងអាក្រក់មួយមកនិយាយថា កម្ពុជាទៅជាមួយចិនហើយ រហូតដល់ប៉ុន្មានថ្ងៃនេះចោទថា កម្ពុជាប្រគល់កំពង់ផែរាម ឱ្យចិនប្រើប្រាស់ផ្ដាច់មុខទៀតដែលបង្ខំចិត្តត្រូវចាក់ឡើងវិញនូវអ្វីដែលខ្ញុំនិយាយនៅខេត្តព្រះសីហនុតាំងពីខែ ៦ ចាក់ឱ្យស្ដាប់ បកជាភាសាអង់គ្លេសឱ្យមើលទៀត ហើយឱ្យក្រសួងការបរទេសធ្វើណោតទូតផ្ញើទៅគ្រប់ស្ថានទូតថា លោក ហ៊ុន សែន និយាយអ៊ីចេះ ម៉េចក៏ថា ចង់ធ្វើកំពង់ផែយោធារាមឱ្យទៅជាកំពង់ផែអន្តរជាតិ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ច្បាស់ថាកម្ពុជាអនុញ្ញាតឱ្យនាវាប្រទេសនានាចូលមកកំពង់ផែយោធារាមបាន ប៉ុន្តែត្រូវសុំការអនុញ្ញាតជាមុន ពីព្រោះកំពង់ផែនេះជាកំពង់ផែយោធា ឬកំពង់ផែចម្បាំងមិនមែនកំពង់ផែដឹកទំនិញទេ។ លោកថ្លែងដូច្នេះថា៖ «អ៊ីចឹងត្រូវសុំការអនុញ្ញាត មិនមែនគ្រាន់តែចិនមួយមានសិទ្ធិប្រើប្រាស់ទេ ប្រទេសដទៃសុំការអនុញ្ញាតមកចូលចតចាក់ប្រេង ឬឡើងគោក ដើម្បីសមយុទ្ធជាមួយកម្ពុជា ឬធ្វើកិច្ចការអ្វីមួយជាមួយកម្ពុជាយើងស្វាគមន៍»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងយ៉ាងខ្លីពីម្សិលមិញថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ញើកំណត់ទូតដែលមានប្រសាសន៍របស់លោក ហ៊ុន សែន ទៅស្ថានទូតទាំងអស់នៅកម្ពុជារួចហើយពីថ្ងៃអង្គារ។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បាននិយាយកាលពីម្សិលមិញថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជាមានចែងពីអព្យាក្រឹតភាពរបស់កម្ពុជាដែលក្នុងនោះមានទាំងការហាមមិនឱ្យមានវត្តមានមូលដ្ឋានទ័ព ឬកម្លាំងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួន។ ដូច្នេះវាជារឿងសមរម្យសម្រាប់រដ្ឋាភិបាលក្នុងការហៅសហប្រធាននៃសន្និសីទអន្តរជាតិទីក្រុងប៉ារីសស្ដីពីកម្ពុជា ដែលរួមមានប្រទេសបារាំង និងឥណ្ឌូនេស៊ីឱ្យបង្កើតគណៈកម្មាធិការអព្យាក្រឹតកម្ពុជា។ គណៈកម្មាធិការនេះមានភារកិច្ចត្រួតពិនិត្យលើការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងអំពីអព្យាក្រឹតភាព ដោយផ្ដោតសំខាន់លើការហាមឃាត់វត្តមានមូលដ្ឋានយោធា និងទ័ពបរទេសនៅលើទឹកដីកម្ពុជា។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា គំនិតផ្ដួចផ្ដើមនេះនឹងមានប្រសិទ្ធភាពដើម្បីនឹងបញ្ចប់រាល់ការសង្ស័យនានាអំពីបញ្ហាមួយនេះ»។
ក៏ប៉ុន្តែលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការចោទប្រកាន់លើកម្ពុជាថាផ្ដល់មូលដ្ឋានឱ្យយោធាចិននឹងនៅមានបន្តទៀត ព្រោះការចោទប្រកាន់បែបនេះ ធ្វើឡើងដោយបង្កប់នូវនយោបាយ បើទោះបីរាជរដ្ឋាភិបាលឆ្លើយតបដោយលាយលក្ខណ៍អក្សរក្ដី ឆ្លើយតបដោយផ្ទាល់មាត់ក្ដីក៏ដោយ។
លោកថ្លែងថា៖ «អ៊ីចឹងទេ ខ្ញុំយល់ថា វាមានភាពច្បាស់លាស់ គ្រប់គ្រាន់ហើយការបញ្ជាក់របស់រដ្ឋាភិបាល។ ប៉ុន្តែដោយសារតែការចោទប្រកាន់នោះវាមានលក្ខណៈនយោបាយ ទោះជាយើងមានភាពច្បាស់លាស់ និងបញ្ជាក់បែបណាក៏ដោយ ក៏មិនអាចលុបលាងការសង្ស័យ ដែលគេមាននោះទេ។ អ្វីដែលគេចង់ឃើញគឺ កម្ពុជាមិនមានទំនាក់ទំនងអ្វីសោះជាមួយចិន។ អាហ្នឹងទើបគេបាត់ការសង្ស័យ។ អ្វីដែលយើងអាចធ្វើបាន គឺនៅតែបន្តបញ្ជាក់ពីជំហររបស់យើងដដែល»។
ចំណែកលោក ជេម សុខ អ្នកវិភាគមួយរូបដែលស្ថិតនៅសហរដ្ឋអាមេរិក យល់ឃើញថា បញ្ហាភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីពាក់ព័ន្ធនឹងផែនការសេដ្ឋកិច្ច «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន។ ចិនចង់យកតំបន់នៅឈូងសមុទ្រថៃធ្វើជាមូលដ្ឋានគាំទ្រផ្នែកឡូជីស្ទីកនៃនាវារំដោះប្រជាជនចិន។ ចំណែកអាមេរិកាំងវិញមើលឃើញថា នៅតំបន់នៅភាគខាងត្បូងនៃប្រទេសវៀតណាមចាប់ពីដៃសមុទ្ររហូតដល់ឈូងសមុទ្រថៃ មានតែប្រទេសកម្ពុជាមួយទេ ដែលអាចក្លាយជាកំពង់ផែយោធាសម្រាប់កងនាវារំដោះប្រជាជនចិនចូលចត និងជួសជុល។
លោកបានថ្លែងដូច្នេះថា៖ «អាមេរិកាំងមិនសប្បាយចិត្តនឹងឱ្យចិនបង្កើត ឬជួសជុលអគារអីឱ្យកម្ពុជាទេ ដោយមើលឃើញថា វាអាចជាមូលដ្ឋានគាំទ្រផ្នែកឡូជីស្ទីកសម្រាប់កងទ័ពរំដោះប្រជាជនចិន។ ហួសពីកម្ពុជាទៅនៅក្នុងឈូងសមុទ្រថៃនៅភាគខាងលិចប្រទេសថៃ គឺសមុទ្រអាដាម៉ាន់ អាមេរិកាំងខំប្រឹងគាបសង្កត់កុំឱ្យមានមូលដ្ឋានឡូជីស្ទីកដែលមានលទ្ធភាពប្រើប្រាស់ដោយកងនាវារំដោះប្រជាជនចិន។ ចាប់ពីភាគខាងលិចប្រទេសថៃរហូតដល់ភូមា អាមេរិកាំងមិនចង់ឱ្យមានទេ»។
លោក ជេម សុខ បានបញ្ជាក់ទៀតថា ការលើកឡើងរបស់លោក ហ៊ុន សែន អំពីការអនុញ្ញាតឱ្យនាវាបរទេសចូលចតនៅកំពង់ផែយោធារាមដោយការមានការស្នើសុំនោះ គឺជាសម្ដីប្រកបដោយយុទ្ធសាស្ត្រ ប៉ុន្តែលោកមិនអត្ថាធិប្បាយលើសម្ដីនេះទេ៕