ភ្នំពេញៈ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា កម្ពុជា​នឹង​ផ្ញើ​សាលដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​សហការ​ចាប់​ខ្លួន​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ ខណៈ​ដីកាចាប់ខ្លួន​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​ភាគី​ថៃ និង​ឡាវ​រួចរាល់​ហើយ​។

ការថ្លែង​របស់​លោក​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ សម រង្ស៊ី ប្រធានស្ដីទី​អតីត​បក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ «​អំណាច​ពលរដ្ឋ​» ក្នុងការ​ចូលរួម​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​នៅ​ថ្ងៃទី ៩ វិច្ឆិកា​ខាង​មុខ​នេះ​។

លោក​ ហ៊ុន សែន ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា ជាមួយ​នាយករដ្ឋមន្ដ្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត នៅ​វិមាន​សន្ដិភាព​កាលពី​ថ្ងៃទី​ ១២ ខែ​កញ្ញា ថា​មាន​អ្នកវិភាគ​ម្នាក់​ដែល​បាន​អះអាង​ថា លោក​សម រង្ស៊ី អាច​នឹង​ប្រើប្រាស់​ទឹកដី​ឡាវ​ដើម្បី​ឆ្លង​ចូល​កម្ពុជា​ហើយ​លោក​បានស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ​ធ្វើការ​បញ្ជាក់​ទៅលើ​ការលើក​ឡើង​របស់​អ្នកវិភាគ​រូបនោះ​។

លោក​បញ្ជាក់ថា​៖ «​គេ​នឹង​ចាត់ទុកថា​ក្រុម​នោះ (​សម រង្ស៊ី​) ​នឹង​អាច​ប្រើប្រាស់​ដី​ឡាវ ដើម្បី​ចូលមក​កម្ពុជា ខ្ញុំ​ចង់​ឲ្យ​ឯកឧត្តម​នាយករដ្ឋមន្ដ្រី​បញ្ជាក់​ទៅ​ពួកគេ​អំពី​គោលការណ៍​អាស៊ាន​អំពី​គោលការណ៍​របស់​ឡាវ​ដែល​មិន​ផ្ដល់​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន ប្រឆាំង​ប្រទេស​កម្ពុជា ឬ​ប្រឆាំង​ជាមួយ​ប្រទេស​ជិតខាង​»​។

លោក​បន្ថែមថា​កម្ពុជា​បាន​ផ្ញើ​សាលដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ឲ្យ​ប្រទេស​ ថៃ និង​ឡាវ​ រួចរាល់​ហើយ​។ ​កម្ពុជា​ក៏​នឹង​ផ្ញើ​ដីកា​ចាប់​ខ្លួន​ទៅ​សមាជិក​អាស៊ាន​ផ្សេងទៀត​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏​សូមបញ្ជាក់​ជូន​ផងដែរ​ថា មិនមែន​គ្រាន់​តែឡាវ​ទេ ទាំង​ថៃ រដ្ឋាភិបាល​ថៃ​បាន​ទទួល​រួចមក​ហើយ​នូវ​សាលដីកា​តុលាការ ដើម្បី​ចាប់ខ្លួន​ជន​ណា​ដែល​មាន​សាលដីកា​តុលាការ​។ យើង​ក៏​នឹង​បញ្ជូន​សាលដីកា​តុលាការ​នោះ ទៅ​កាន់​ប្រទេស​ទាំងអស់​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​របស់​យើង​។ អ៊ីចឹង​សូម​អញ្ជើញ​ធ្វើតាម​ចំណង់​របស់​ខ្លួន​ទៅ​ចុះ​» ។

ជា​ការឆ្លើយតប​លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី​ឡាវ​ថ្លែង​ថា​ក្នុង​នាម​ជា​អ្នកភូមិ​ផង​របង​ជាមួយ​គ្នា​ក៏​ដូចជា​ស្ថិតនៅ​ក្នុងប្រទេស​ជា​សមាជិក​អាស៊ាន ប្រទេស​ឡាវ មិន​ឲ្យ​បុគ្គល សម រង្ស៊ី ប្រើប្រាស់​ទឹកដី​ឡាវ ឆ្លង​ចូល​មក​កម្ពុជា​ឡើយ​។

ការដែល​លើកឡើង​ថា​លោក​ សម រង្ស៊ី អាច​នឹង​ប្រើប្រាស់​ទឹកដី​ឡាវ ដើម្បី​ឆ្លង​ចូល​កម្ពុជា​គឺជា​ព័ត៌មាន​ក្លែងក្លាយ ជា​ព័ត៌មាន​មិន​ពិត ដែលមាន​បំណង​បង្កើត​ការបែកបាក់​រវាង​ប្រទេស​ទាំង​ ២ ​កម្ពុជា-ឡាវ ។

លោក​ថ្លែង​តាមរយៈ​អ្នក​បកប្រែ​ថា​៖ «​ខ្ញុំ​ទើប​បាន​ព័ត៌មាន​ពី​សម្ដេចតេជោ​ ហ៊ុន សែន មុននេះ​។ ខ្ញុំ​សូមបញ្ជាក់​ថា បុគ្គល​ណា​ដែល​មាន​ទោស​មក​ឆ្លង​ប្រទេស​ឡាវ សញ្ជាតិ​ណា​ក៏ដោយ ដើម្បី​យក​ឡាវ​ជា​កន្លែង​ឆ្លងកាត់ ដើម្បី​ទៅ​បំផ្លាញ​ប្រទេស​ផ្សេង​នោះ យើង​នឹង​ធ្វើការ​យ៉ាង​ហ្មត់ចត់ មិន​ឲ្យ​កើត​បញ្ហា​នេះឡើយ​» ។

ទន្ទឹម​នឹង​នេះ​នាយករដ្ឋមន្ត្រី​ឡាវ​ក៏​បាន​ផ្តាំផ្ញើ​ទៅ​អ្នកវិភាគ​ដែល​និយាយថា លោក​ សម រង្ស៊ី ឆ្លង​មក​ចូល​ឡាវ​នោះ កុំ​និយាយ​បន្ត​ទៀត​ដែល​ធ្វើ​ឲ្យ​កម្ពុជា-ឡាវ មិន​ចុះសម្រុង​នឹង​គ្នា ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន ថ្លែង​ថា​កម្ពុជា​បាន​ផ្ញើ​សាលដីកា​ស្ថាពរ​របស់​តុលាការ​ដើម្បី​ចាប់ខ្លួន​លោក សម រង្ស៊ី មួយ​ចំនួន​ទៅកាន់​ប្រទេស​ដែល​ជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​រួចទៅហើយ​។ ប្រសិន​បើ​ប្រទេស​ទាំងនោះ​មាន​កិច្ចសហប្រតិបត្តិការ​ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កម្ពុជា ប្រទេស​ទាំងនោះ​នឹង​ចាប់​ខ្លួន​លោក សម រង្ស៊ី ហើយ​បញ្ជូន​មក​កម្ពុជា​ដើម្បី​ធ្វើការ​អនុវត្ត​ច្បាប់ ។

លោក​បញ្ជាក់ថា​៖ «​ការផ្ញើ​ដីកាចាប់ខ្លួន​នេះ​គឺជា​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ដែល​មាន​កាតព្វកិច្ច​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការអវត្ត​ច្បាប់ ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។ ការជួយ​គ្នា​ទៅវិញ​ទៅមក​ផ្នែក​ច្បាប់ ការធ្វើ​បត្យាប័ន​នេះ​ជា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ផ្អែកលើ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ គេ​អាច​ចាប់​បញ្ជូន​នូវ​ទណ្ឌិត​ទាំងឡាយ​ណា​ដែល​បំពាន​ច្បាប់​នៅ​ប្រទេស​យើង​ដើម្បី​បញ្ជូន​មក​អនុវត្ត​ច្បាប់​នៅ​ប្រទេស​យើង​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ស្រប​ចំពោះ​ការថ្លែង​ខាងលើ​នេះ​ដោយ​លើកឡើង​ថា បន្ទាប់ពី​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​បាន​ទទួល​ដីកា​ចាប់​ខ្លួន​ពី​ភាគី​កម្ពុជា ប្រទេស​ទាំងនោះ​នឹង​ធ្វើការ​ឃាត់ខ្លួន​លោក​ សម រង្ស៊ី តាម​ការស្នើសុំ​របស់​កម្ពុជា​ដោយសារ​ប្រទេស​នោះ​មាន​កិច្ចសហប្រតិបតិ្តការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ក្នុង​ការពង្រឹង​សន្តិសុខ​ក្នុង​តំបន់ ។

លោក​បញ្ជាក់​ថា​៖ «​ទំហំ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​។ ខ្ញុំ​ជឿថា​ប្រទេស​ទាំងអស់​នឹង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​ការអនុវត្ត​ច្បាប់ ដោយសារ​តែ​យើង​កំពុង​តែ​រួមគ្នា​ពង្រឹង​គោលការណ៍​សន្តិសុខ​ជាតិ​»​។

លោក​ កេត សោផាន់ ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពាក់ព័ន្ធ​ករណីនេះ​បាន​ទេ​ពី​ម្សិលមិញ​។

ជាមួយ​គ្នា​នេះ​លោក​ព្រះរាជអាជ្ញារង សេង ហៀង កាលពី​ថ្ងៃទី ៤ ខែ​កញ្ញា បាន​បង្គាប់​ឲ្យ​ឈ្មោះ​ សម រង្ស៊ី ឈ្មោះ​ ហូរ វ៉ាន់ និង ឈ្មោះ​ កាក់ កុម្ភារ ឱ្យចូល​ទៅកាន់​សវនាការ​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ២ តុលា ឆ្នាំ​ ២០១៩ ពាក់ព័ន្ធ​នឹង​ករណី​ប្រមាថ និង​ញុះញង់​ឱ្យមាន​បទឧក្រិដ្ឋ ជា​អាទិ៍​ក្នុង​អំឡុង​ខែ​មេសា​ដល់​ខែ​តុលា ឆ្នាំ​ ២០១៨​។

ដីកា​បញ្ជាក់ថា​៖ «​បង្គាប់​ឲ្យ​ឈ្មោះ​ សម រស្ស៊ី ភេទ​ប្រុស កើត​ឆ្នាំ ១៩៤៩ ជា​ជាតិ​ខ្មែរ លំនៅ​បច្ចុប្បន្ន សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ចូល​ខ្លួន​ទៅ​ចំពោះមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២ ខែ តុលា ឆ្នាំ ២០១៩ វេលា​ម៉ោង​ ៨ ​ព្រឹក ទីកន្លែង​ជំនុំជម្រះ ដើម្បី​ឆ្លើយ​ដោះសា​ពី​ការចោទប្រកាន់​លើ​ខ្លួន​»​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​នគរបាល​ថៃ និង​នគរបាល​ខ្មែរ​ធ្លាប់​បាន​សហការ​គ្នា​នៅ​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨ ក្នុង​ការអនុវត្ត​តាម​សំណើ​របស់​ភាគី​កម្ពុជា​។ កាលនោះ ថៃ​បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ​ សម សុខា ដែល​បាន​រត់​ទៅ​ថៃ បញ្ជូន​ឲ្យ​មក​កម្ពុជា​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ក្រោយពី​បុគ្គល​រូប​នេះ​បាន​យក​ស្បែកជើង​គប់​រូប​មេដឹកនាំ​គណបក្ស​ប្រជាជន​។

លោក​ ឡៅ ម៉ុងហៃ បញ្ជាក់​​ថា​៖ «​ក្នុងករណី​ សម រង្ស៊ី ថៃ​អាច​ចាប់បញ្ជូន​តាម​ការស្នើសុំ​របស់​រដ្ឋាភិបាល​ខ្មែរ​។ ថៃ​អាច​ឃាឃាំង​ សម រង្ស៊ី មិន​ឲ្យ​ចូល ឬឆ្លងកាត់​ប្រទេស​គេ​ក៏​បាន​ដែរ​ដើម្បី​បញ្ចៀស​ការទិតៀន​ការចាប់​បញ្ជូន​​ សម រង្ស៊ី មក​ឲ្យ​អាជ្ញាធរ​ខ្មែរ​»​។

លោក​ គង់ ម៉ាស់ អតីត​សកម្មជន​ក្រុមប្រឆាំង​រស់នៅ​ភូមិ​ខ្លាលោត ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​ដែល​ជា​ជន​ត្រូវ​ចោទ​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ១៦ ខែ​មករា ឆ្នាំ​ ២០១៩ ហើយ​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ថ្ងៃ​ទី​ ១៩ ខែ​ មករា ឆ្នាំ​ ២០១៩ ក្រោម​ការចោទប្រកាន់​ពី​បទ​ប្រមាថ និង​បទ​ញុះញង់​ឲ្យ​បង្កចលាចល ខណៈ​ដែល​ជន​ត្រូវចោទ​ ៣ ​នាក់​ផ្សេងទៀត លោក​ សម រង្ស៊ី លោក​ ហូរ វ៉ាន់ និង​ កាក់ កុម្ភារ កំពុង​គេចខ្លួន​នៅ​ឡើយ​។

កាលពី​ខែ​ ឧសភា ឆ្នាំ​ ២០១៩ ក្នុង​សវនាការ​នៅ​តុលាការ​កំពូល​លោក​ គង់ ម៉ាស់ បាន​សន្យា​ឈប់​ប្រឆាំង​រាជរដ្ឋាភិបាល​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សន្យាថា បើ​បាន​នៅ​ក្រៅ​ឃុំ ខ្ញុំ​មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​ទៀត​ទេ​។ កាលពី​ខ្ញុំ​សរសេរ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ព្រោះ​កាលនោះ​គណបក្ស​សង្គ្រោះ​ជាតិ​ទើប​ត្រូវ​បាន​រំលាយ​ថ្មីៗ ណាមួយ​ខ្ញុំ​នៅ​ក្មេង​មាន​គំនិត​ឆេវឆាវ​។ ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​មិន​គេចខ្លួន​ពី​ប្រទេស​កម្ពុជា​របស់​ខ្ញុំ​ទេ​»​។

បទចោទប្រកាន់​ពី​បទប្រមាថ​តាម​បញ្ញត្តិ​មាត្រា​ ៥០២ នៃ​ក្រមព្រហ្មទណ្ឌ​មាត្រា​នេះ​ត្រូវ​ផ្តន្ទាទោស​ពី​ ១ ​ថ្ងៃ ទៅ ៦ ​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​ពាន់​រៀល​ទៅ ១ ​សែន​រៀល​។ រីឯ ១ ​ករណី​ទៀត​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​បញ្ញតិ្ត​មាត្រា​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ប្រឈម​នឹង​ការផ្តន្ទាទោស​ពី ៦ ​ខែ ទៅ ២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ​លាន​រៀល​ទៅ ៤ ​លាន​រៀល​៕