ភ្នំពេញ៖​ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ​២០២០ កម្ពុជា​មាន​សំណុំ​​រឿង​សម្អាត​​ប្រាក់​ចំនួន ​១៤០ ​ដែល​បាន​និង​កំពុង​ស៊ើប​អង្កេត ខណៈ​សំណុំ​រឿង​ចំនួន ​២២ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ​ដោយ​មាន​ការ​ឃាត់​ទុក​និង​បង្កក​ទ្រព្យ​មួយ​ចំនួន​ក្នុង​នោះ​មាន សំណុំ​រឿង​ចំនួន ​៥ ត្រូវ​បាន​ជំនុំ​ជម្រះ​រួច​ហើយ។ នេះ​បើ​តាម​ការ​ផ្សាយ​​របស់​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃទី ​៨ ​ខែ​តុលា​​។

បើ​តាម​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ ដែល​បាន​ដក​ស្រង់​សម្តី លោក ​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​កំណត់​ឱ្យ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​គ្រប់គ្រង​ចាត់ចែង និង​រឹបអូស​ផល​នៃ​បទល្មើស​ឱ្យ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធ​ភាព ដើម្បី​ឆ្លើយ​តប​តាម​សំណើ​របស់​អង្គការ​សហប្រជាជាតិ ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុម​អង្គការ​អាស៊ី-ប៉ាស៊ីហ្វិក ​(APG)។ ​បើ​តាម​លោក យ៊ិនទៀង ​ក្រុម​អង្គការ​អាស៊ី-ប៉ាស៊ីហ្វិក បា​ន​តម្រូវ​ឱ្យ​កម្ពុជា​អនុវត្ដនូវ ​២ ​ចំណុច​ ដែល​ទី​១ គឺការ​ពង្រឹង​សមត្ថភាព​មន្រ្ដី​នគរបាល​យុត្ដិធម៌ ការ​កំណត់​អត្ដសញ្ញាណ​ទ្រព្យ​ពាក់ព័ន្ធ​បទ​ល្មើស ការ​គ្រប់គ្រង​ចាត់​ចែង និង​រឹបអូស​ផល​នៃ​បទល្មើស និង​ទី​២ បង្ហាញ​កំណើន​នៃ​ការ​ឃាត់​ទុក ការ​បង្កក​ និង​រឹប​អូស​ផល​នៃ​បទ​ល្មើស មធ្យោបាយ​ប្រព្រឹត្ដ​បទល្មើស ឬ​ទ្រព្យ​សម្បត្ដិ​ដែល​មាន​តម្លៃ​ស្មើ ដើម្បី​ឱ្យ​កម្ពុជា​ចេញ​ពី​បញ្ជី​ប្រផេះ។ ចំណុច​ទាំង ​២ ​នេះ លោក​ យ៊ិនទៀង ​បញ្ជាក់​ថា កម្ពុជា​បាន​ខិតខំ​អនុវត្ដ​ តាមរយៈ​ការ​បង្កើន​សមត្ថភាព​ឃាត់​ទុក បង្កក និង​រឹប​អូស​ទ្រព្យ​សម្បត្ដិ​នៃ​បទ​ល្មើស​ ទោះបី​ជា​នៅ​មាន​ការ​ខ្វះខាត​យន្តការ​មួយ​ចំនួន​ក៏​ដោយ​​។

លោក​ថ្លែង​ថា៖ «រាជ​រដ្ឋាភិបាល​បាន​ដាក់​ជូន​ទៅ​រដ្ឋសភា​អនុម័ត​ជា​បន្ដ​បន្ទាប់។ អ៊ីចឹង​គិត​មក​ដល់​ថ្ងៃ​នេះ យើង​មាន​ច្បាប់​មូលដ្ឋា​ន​សឹង​តែ​គ្រប់​ហើយ ដែល​តម្រូវ​ឱ្យ​យើង​ដំណើរការ និង​ទិដ្ឋភាព​កិច្ចការ​ច្បាប់​បាន​បំពេញ​អស់​ហើយ អត់​មាន​នៅ​សល់​ទេ​ប៉ុន្មាន​ចំណុច​ដែល​គេ​បាន​តម្រូវ​ ហើយ​ថ្ងៃ​នេះ​ យើង​បាន​រៀន​សូត្រ​អំពី​យន្ដការ​ថ្មីទី ​២ ការ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ចូល​រួម​ចំណែក​ជាមួយ​អន្ដរជាតិ ​​និង​សកល​លោក​ទាំង​មូល​ក្នុង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»។

ចំពោះ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម (AML/CFT) កម្ពុជា​ត្រូវ​ទទួល​រង​ការ​ត្រួត​ពិនិត្យ ការ​អនុវត្ត​ពី​ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF) តាមរយៈ​ក្រុម​អាស៊ី-ប៉ាស៊ីហ្វិក (APG) នៅ​ឆ្នាំ ​២០១៧​។

លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ទាំង ​២ (ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ UNCAC និង​ AML/CFT) ​បង្ហាញ​ថា ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង ការ​ចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​នៅ​កម្ពុជា​ មាន​ការ​ខ្វះខាត​មួយ​ចំនួន​ទាក់ទង​នឹង​នីតិវិធី​ការ​យល់​ដឹង ​និង​ការ​អនុវត្ត​ការ​ឃាត់​ទុក ការ​បង្កក និង​ការ​រឹប​អូស​ផល​នៃ​បទ​ល្មើស​នៅ​មាន​កម្រិត។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ freshnews។

ថ្លែង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​ម្សិលមិញ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន​ ម៉ាលីន ​បញ្ជាក់​ថា ​ការ​គ្រប់គ្រង​ការ​ចាត់​ចែង ការ​រឹបអូស​ផល​នៃ​បទ​ល្មើស​ក្នុង​ពេល​កន្លង​មក ជាទូទៅ​កម្ពុជា​ធ្វើ​ទៅ​តាម​បញ្ញត្តិ​ច្បាប់​ដែល​មាន​នៅ​តាម​វិស័យ​នីមួយៗ​។

លោក ម៉ាលីន ថ្លែង​ថា​៖ «បើ​បទ​ល្មើស​ក្រម​ព្រហ្មទណ្ឌ​ទូទៅ អាហ្នឹង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ បទល្មើស​ព្រហ្មទណ្ឌ​ពិសេស គឺ​ធ្វើ​តាម​ច្បាប់​ព្រហ្មទណ្ឌ​ពិសេស​ទៅ​តាម​វិស័យ​នីមួយៗ យើង​មាន​បញ្ញត្តិ​ច្បាប់​របស់​យើង​ គ្រប់​វិស័យ​ទាំង​អស់ ប៉ុន្តែ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ទំនើបកម្ម អាច​មាន​ការ​ធ្វើវិ​សោធនកម្ម ​ឬ​ក៏​រៀបចំ​ច្បាប់​ថ្មី​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង ការ​វិវឌ្ឍ​នៃ​សង្គម​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​»។

លោក ​សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​យល់​ឃើញ​ថា ការ​គ្រប់គ្រង​ចាត់ចែង រឹប​អូស​ផល​នៃ​បទល្មើស​នៅ​កម្ពុជា ហាក់​ដូច​ជា​នៅ​មិន​ទាន់​មាន​យន្តការ​ណាមួយ​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ជាពិសេស​គឺ​និរន្តរភាព​នៃ​មធ្យោបាយ​ដែល​រឹបអូស​បាន​។

លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​ចង់​ឱ្យ​មាន​គោលការណ៍​ណា​មួយ​ ដែល​អាច​កំណត់​នូវ​មធ្យោបាយ​នៃ​ការ​ធ្វើ​បទល្មើស​យក​មក​ជា​របស់​រដ្ឋ​ប្រើប្រាស់​ឱ្យ​មាន​និរន្តរភាព​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ការ​ប្រើប្រាស់​​ទៅ​ប្រកប​ដោយ​ប្រយោជន៍​ដល់​សង្គម​​​»​។

លោក ជ័យ ​ចង់​ឱ្យ​​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​សម្ភារ​ វត្ថុ ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​ ដែល​រឹប​អូស​បាន​ពី​បទល្មើស ដែល​មិន​ត្រូវ​ដុត​បំផ្លាញ​ចោល​នូវ​របស់​ណា​ដែល​អាច​ប្រើ​ជា​ប្រយោជន៍​បាន​សម្រាប់​សង្គម​គួរ​យក​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ និង​មាន​តម្លាភាព​៕