ភ្នំពេញៈ កម្ពុជាសម្រេចមិនទទួលយកអនុសាសន៍ចំនួន ២៥ ក្នុងចំណោម ១៩៨ ចំណុច ដែលទទួលបានពីប្រទេសចំនួន ៧៣ ដោយមន្ត្រីបានសំអាងថា ដោយសារតែអនុសាសន៍ទាំងនេះ មានរបៀបវារៈនយោបាយ ពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កម្ពុជាសម្រេចមិនទទួលយក ឬភាសាការទូតថា «កត់សម្គាល់» អនុសាសន៍ចំនួន ២៥ ក្នុងចំណោមអនុសាសន៍ទាំង ១៩៨ ដែលលើកឡើងដោយប្រទេសចំនួន ៧៣ ក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមកាលកំណត់ដែលហៅកាត់ថា UPR ធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ មករា កន្លងទៅ។
ការសម្រេចនេះ ធ្វើឡើងក្រោយពេលគណៈកម្មាធិការសិទ្ធិមនុស្ស បានប្រជុំជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការពិភាក្សាផ្ទៃក្នុង ដើម្បីសម្រេច។ គណៈកម្មាធិការសិទ្ធិមនុស្សបញ្ជាក់ថា ការទទួលយកអនុសាសន៍រហូតដល់ ១៧៣ ចំណុចដោយសារតែអនុសាសន៍ទាំងនេះ ស្របទៅនឹងឆន្ទៈក៏ដូចជាគោលនយោបាយនិងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ក្នុងការការពារជាតិនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្តថា៖ «ចំណែកឯអនុសាសន៍ទាំង ២៥ ដែលត្រូវធ្វើការកត់សម្គាល់វិញដោយហេតុថា អនុសាសន៍ទាំងនោះ មិនបានឆ្លើយតប ទៅនឹងស្ថានភាពពិតជាក់ស្ដែងនៃការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា ហើយក៏មិនបានឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសអនុសាសន៍ទាំងនោះ មិនអាចអនុវត្តបាន ដោយផ្ទុយទៅនឹងក្របខ័ណ្ឌច្បាប់ រួមមានរដ្ឋធម្មនុញ្ញនិងបទដ្ឋានគតិយុត្តផ្សេងៗទៀតដែលមានជាធរមាននៅកម្ពុជា ហើយត្រូវបានលើកឡើង ក្រោមរូបភាពនិងរបៀបវារៈនយោបាយជាជាងទិដ្ឋភាពបច្ចេកទេសនិងគោលការណ៍គ្រឹះ នៃការអនុវត្តសិទ្ធិសេរីភាព ក្នុងសង្គមប្រជាធិបតេយ្យ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា អនុសាសន៍ទាំង ២៥ មិនលើកឡើងពីទិដ្ឋភាពបច្ចេកទេសប៉ុន្តែបានលើកយកករណីជាក់ស្ដែង ទាក់ទងនឹងស្ថានភាពនយោបាយដូចជាការរំលាយគណបក្សសង្រ្គោះជាតិ ការឃុំខ្លួនមេបក្សប្រឆាំង (កឹម សុខា) ការបិទសិទ្ធិធ្វើនយោបាយ សាលដីការបស់តុលាការកំពូល ពាក់ព័ន្ធនឹងសិទ្ធិធ្វើនយោបាយ របស់ថ្នាក់ដឹកនាំ ១១៨ រូបរបស់អតីតគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា៖ «អនុសាសន៍ទាំងអស់នេះ យើងទទួលអត់បានទេដោយសារតែអ្វីដែលកើតឡើងពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំ សមាជិកនាពេលកន្លងមកជាយន្តការនៃការអនុវត្តច្បាប់ នៅក្នុងសង្គមប្រជាធិបតេយ្យ។ យើងទទួលយកអនុសាសន៍ទាំងនោះអត់កើតហើយយកមកអនុវត្តក៏អត់កើតដែរ ព្រោះផ្ទុយនឹងច្បាប់កម្ពុជា និងរំលោភបំពានលើអំណាចតុលាការ។ អនុសាសន៍ខ្លះឲ្យដោះលែងមេបក្សប្រឆាំងខ្លះឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ខ្លះឲ្យ ១១៨ នាក់ចូលធ្វើនយោបាយឡើងវិញជាដើម»។
លោកបញ្ជាក់ថា មានប្រទេសតិចតួចប៉ុណ្ណោះ ដែលលើកឡើងអនុសាសន៍ទាំង ២៥ ដែលនាំមុខដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានអង់គ្លេសជាដើម។ លោកពន្យល់ថា អនុសាសន៍ដែលលើកឡើងពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិមានប្រមាណ ២០ អនុសាសន៍ ដោយប្រទេសទាំងនោះ លើកឡើងប្រហាក់ប្រហែលគ្នា ប៉ុន្តែទោះជាដូចគ្នាក៏ដោយ ក៏ត្រូវរាប់បញ្ចូលដែរ។
លោក ជិន ម៉ាលីន បន្ថែមថា ក្រៅពីការលើកឡើងពាក់ព័ន្ធអតីតបក្សសង្គ្រោះជាតិ មានអនុសាសន៍មួយចំនួនលើកឡើងរឿងច្បាប់ស្ដីពីគណបក្សនយោបាយដែលជាប់ពាក់ព័ន្ធដល់ការរំលាយគណបក្សសង្គ្រោះជាតិ។
ការសម្រេចបែបនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជូនចម្លើយតបទៅកាន់អង្គការសហប្រជាជាតិរួចហើយ ដើម្បីអនុម័តជាផ្លូការ ក្នុងសម័យប្រជុំពេញអង្គលើទី៤១ របស់ខ្លួនដែលនឹងធ្វើឡើងនៅខែកក្កដាខាងមុខនេះ។ ដោយឡែកនៅកម្ពុជាវិញ ការរៀបចំផ្សព្វផ្សាយ ពិភាក្សា និងពិគ្រោះយោបល់ អំពីការអនុវត្តអនុសាសន៍ទាំង ១៧៣ ដែលទទួលយកនឹងត្រូវធ្វើឡើង ជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងកាលពីម្សិលមិញថា លោកស្រីបានដឹងថា អនុសាសន៍ ២៥ ចំណុចត្រូវបានកត់សម្គាល់ ប៉ុន្តែលោកស្រីមិនបានដឹងថា តើអនុសាសន៍ទាំងនោះ រួមមានលើបញ្ហាសិទ្ធិមនុស្សអ្វីខ្លះទេ។
ទោះយ៉ាងណា លោកស្រីថ្លែងថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកទឹកចិត្តដល់រាជរដ្ឋាភិបាល ឲ្យពិចារណាលើអនុសាសន៍ដែលធ្វើការកត់សម្គាល់ ហើយអាចចាត់វិធានការអនុវត្ត ដើម្បីធ្វើឲ្យស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើង។
លោកស្រីថ្លែងថា៖ «យើងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃអនុសាសន៍ទាំងនោះ នៅក្នុងអំឡុងឆ្នាំខាងមុខ ដើម្បីធានាបាននូវការការពារសិទ្ធិមនុស្សពេញលេញនៅទូទាំងប្រទេសកម្ពុជា»។
លោកស្រីបន្តថា៖ «នៅដំណាក់កាលនេះនៃកិច្ចប្រជុំពិនិត្យជាសកលតាមកាលកំណត់ដែលហៅកាត់ថា UPR សង្គមស៊ីវិលអាចចូលរួមដើម្បីពិគ្រោះយោបល់ និងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីធានានូវការអនុវត្តអនុសាសន៍ទាំងនោះ ក៏ដូចជាការឃ្លាំមើលការអនុវត្តអនុសាសន៍ទាំងនោះ»៕