ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក​ ងី ច័ន្ទ្រផល បាន​ថ្លែង​ថា ការងារ​រៀបចំ​តាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំងនឹង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​ប្រល័យ​លោក​ (​អាវុធ​មហាប្រល័យ​)​ ដើម្បី​អនុវត្តតាម​សេចក្តីសម្រេច​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​ក្រុមការងារ​ពិភាក្សា និង​ពិនិត្យ​លើ​ខ្លឹមសារ​រួចហើយ​។

លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៥ មករា​ ​ថា កិច្ចប្រជុំ​កាលពី​ថ្ងៃ ទី​ ១៤ ខែ​មករា ក្រុមការងារ​បាន​ពិភាក្សា និង​ពិនិត្យ​ទៅលើ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​ប្រល័យ​លោក​រួចរាល់​ហើយ​។ ការពិភាក្សា​នេះ​មាន​ការចូលរួម​ពី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ ស្ថាប័ន​នានា អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នានា ប្រធាន​អគ្គស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ព្រមទាំង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ជាច្រើន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នា​រសៀល​នេះ​គឺ​ដើម្បី​ពិនិត្យ កែសម្រួល និង​ស្រង់​មតិយោបល់​ពាក់ព័ន្ធ​នានា​ពី​បណ្តា​ក្រុម​ការងារ និង​អង្គប្រជុំ​ទាំងមូល​សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​ តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​ប្រល័យ​លោក​នេះ ហើយ​ក៏​នឹង​រៀបចំ​ការងារ​មួយ​ចំនួន​ដើម្បី​ដាក់ជូន​ក្រុមការងារ​ធ្វើការ​សិក្សា​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ច្បាប់​មួយ​នេះ​សមស្រប​លើ​ការអនុវត្ត​»​។

លោក​បន្តថា​៖ «​កិច្ចការងារ​នេះ គឺ​ដោយសារ​តែ​ប្រទេស​យើង​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​។ ទី​ ២ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តី​សម្រេច​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ប្រទេសមួយ​ចំនួន​ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម​។ ដូច្នេះ​ជាគោលការណ៍​ច្បាប់ ប្រទេស​ណា​ដែលជា​សមាជិក ត្រូវ​អនុវត្តតាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​។ ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​នេះ យើង​ត្រូវតែ​ធ្វើ​ច្បាប់​»​។

លោក​បាន​បន្ថែមថា ក្រុម​ការងារ​នឹងធ្វើ​យ៉ាងណា​ជំរុញ​ហើយ ខិតខំ​ពន្លឿន​ការរៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ចប់​យ៉ាង​ឆាប់​បំផុត​នាពេល​ខាង​មុខ​ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល និង​រដ្ឋសភា ដើម្បី​សភា​អនុម័ត​។

លោក​បាន​បញ្ជាក់ទៀត​ថា​៖ «​យើង​បានធ្វើ​ច្រើន​ដោយ​បាន​ធ្វើ​សេចក្តីព្រាង​ហើយ និង​បាន​ពិនិត្យ​ក្របខ័ណ្ឌ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ យើង​នឹង​ជំរុញ​ធ្វើឲ្យ​បាន​លឿន​»​។

ថ្មីៗ​នេះ​រដ្ឋសភា​បាន​អនុម័ត​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ​ដែល​យល់​ព្រមឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង និង​ការអភិរក្ស​ផលស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ឆ្ងាយ​ផងដែរ​។

អនុសញ្ញា​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​នេះ​មាន ១៣ ​ផ្នែក និង ៥០ ​មាត្រា​មាន​គោលបំណង​ធានា​នូវ​ការប្រើប្រាស់ និង​អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​ប្រកប​ដោយ​ចីរភាព​ដោយ​ផ្អែកលើ​អភិក្រម​ប្រុងប្រយ័ត្ន​ជាមុន និង​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ល្អ​បំផុត​ដែល​អាច​រកបាន​៕