ភ្នំពេញៈ ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​បាន​សម្តែង​ការខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សេចក្ដី​ថ្លែងការណ៍​ស្តីពី​កម្ពុជា​របស់​ការិយាល័យ​ឧត្តមស្នងការ អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​បាន​ចោទ​អង្គការ​មួយ​នេះ​ថា​បាន​រំលោភ​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​ឧសភា​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​នាំពាក្យ​របស់​ឧត្តមស្នងការ អ.ស.ប ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​​ហ្សឺណែវ​កាលពី​ថ្ងៃទី​ ១១ ខែ​ឧសភា បាន​សម្តែង​ការខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​របស់​ប្រទេស​កម្ពុជា​ដែល​បាន​តម្កល់​សាលដីកា​សមាជិក និង​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១ រូប​ពី​បទ «​កុបកម្ម​» និង​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​និង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទមាត់​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នក​មានមតិ​ជំទាស់​នានា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​គូសបញ្ជាក់​ថា​៖ «​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា ទីក្រុង​ហ្សឺណែវ មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដោយ​សង្កេត​ឃើញ​ថា​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កំពុង​តែ​រំលោភ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដូច​ដែល​បាន​ចែង​នៅក្នុង​សេចក្តី​សម្រេច​ចិត្ត​របស់​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ​...»​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា OHCHR មាន​ភារកិច្ច​ផ្តល់​នូវ​ជំនួយ​បច្ចេកទេស​ដល់​ប្រទេស​កម្ពុជា​ហើយ​ «​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​អង្គការ​សហប្រជាជាតិ​ជាពិសេស​មាត្រា​ ២.៧ ​នៃ​ធម្មនុញ្ញ​របស់​ខ្លួន​ដែល​បាន​ចែង​ថា​ពុំ​មាន​ចំណុច​ណា​មួយ​នៅក្នុង​ធម្មនុញ្ញ​នេះ​ផ្តល់​សិទ្ធិ​ឲ្យ​អង្គការ​សហប្រជាជាតិ​ធ្វើការ​អន្តរាគមន៍​ទៅ​ក្នុង​បញ្ហា​ដែល​កើត​មាន​ឡើង នៅក្នុង​យុត្តាធិការ​ផ្ទៃក្នុង​របស់​រដ្ឋ​ណា​មួយ​នោះ​ឡើយ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​គូសបញ្ជាក់​ទៀត​ថា៖ «​ពុំ​មាន​បញ្ញត្តិ​ណា​មួយ ចាត់​តាំង​ឲ្យ​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដើរ​តួនាទី​ជា​អ្នក​ត្រួតពិនិត្យ​ក្នុង​ការ​ចង្អុល​ឈ្មោះ និង​បន្តុះ​បង្អាប់​ការអនុវត្ត​ការងារ​របស់​ស្ថាប័ន​កម្ពុជា​ណា​មួយ​ឡើយ​...​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​មិន​គ្រាន់​តែ​ធ្វើ​ព្រងើយ​កន្តើយ ចំពោះ​គោលការណ៍ និង​ ចំពោះ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ហើយ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រំលោភ​យ៉ាង​ច្បាស់​លើ​ដែន​អាណត្តិ​របស់​ខ្លួន តាមរយៈ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ពិសេស​ការរំលោភ​ដែន​អំណាច​តុលាការ និង​នីតិប្រតិបត្តិ​ដែល​ស្ថាប័ន​ទាំង​ ២ ​នេះ​គ្រាន់​តែ​អនុវត្ត​នូវ​ភារកិច្ច​ស្រប​ច្បាប់​របស់​ខ្លួន​ដើម្បី​ពង្រឹង​បន្ថែម​នូវ​នីតិរដ្ឋ​របស់​ប្រទេស​កម្ពុជា​»​។

យោង​តាម​កំណត់​ហេតុ​សង្ខេប​ស្តីពី​ប្រទេស​កម្ពុជា​ដោយ​អ្នក​នាំពាក្យ​របស់​ឧត្តមស្នងការ អ.ស.ប ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​ចេញ​កាលពី​ថ្ងៃទី​ ១១ ខែ​ឧសភា​ បាន​សម្តែង​ការខកចិត្ត ចំពោះ​សេចក្តី​សម្រេច​ផ្តន្ទាទោស សមាជិក​ និង​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​ចំនួន ១១ រូប​ពី​បទ​ «​កុបកម្ម​»​។

កំណត់​ហេតុ​សង្ខេប​នោះ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១ រូប​នេះ​ដែល​ត្រូវ​បាន​ជាប់ឃុំ​អស់​រយៈពេល​ជិត ៣ ឆ្នាំ​ទៅ​ហើយ​ហាក់​ត្រូវ​បាន​ផ្តន្ទាទោស ដោយសារ​តែ​ទស្សនៈ​នយោបាយ​របស់​ពួកគេ និង​ដោយសារ​តែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ខ្លួន​។ កន្លង​មក​យើង​បាន​លើក​ឡើង​ពី​កង្វល់​ដែល​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​មាត់​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នក​មាន​មតិ​ជំទាស់​នានា​»​។

កាលពី​ថ្ងៃទី​ ១០ ខែ​ឧសភា ឆ្នាំ​ ២០១៨ សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទាទោស​មន្ត្រី និង​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១ ​រូប​ពី​បទ​កុបកម្ម និង​ដឹកនាំ​ធ្វើ​កុបកម្ម​ពាក់ព័ន្ធ​នឹង​ការតវ៉ា​មួយ​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​អ្នក​តវ៉ា​ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​ ១៥ ខែ​កក្កដា ឆ្នាំ​ ២០១៤​។

លោក ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា​អង្គការ​សហប្រជាជាតិ​ជា​អង្គការ​កំពូល​នៅ​លើ​ពិភពលោក​ហើយ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ទទួល​យក​អនុស្សរណៈ និង​បទដ្ឋាន​អន្តរជាតិ​ជាច្រើន​តាំងពី​សិទិ្ធមនុស្ស និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដូច្នេះ​រដ្ឋាភិបាល​គួរតែ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នោះ​។

លោក ច័ន្ទនី បញ្ជាក់​​ថា​៖ «​ដូច្នេះ​អង្គការ​សហប្រជាជាតិ​ជា​ម៉ែ​ជា​ឪ ហើយ​នៅពេល​ដែល​យើង​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀង​ហ្នឹង​ហើយ ដូច្នេះ​គេ​ត្រូវ​រក​ខុស​រក​ត្រូវ​ហើយ​...​ការឆ្លើយ​របស់​គាត់​គឺជា​រឿង​ទាល់ច្រក​ទេ គាត់​ចេះ​តែ​ថា​តាម​មេ​របស់​គាត់​នៅ​ភ្នំពេញ ហើយ​អង្គការ​សហប្រជាជាតិ គេ​មាន​គោលការណ៍​របស់​គេ​ច្បាស់លាស់​ណាស់ មិន​រំលោភ​កិច្ចការ​ផ្ទៃក្នុង​ណា​ទេ តែ​គេ​ក៏​មិន​ទុក​ឲ្យ​ប្រទេស​មួយ​នោះ​ស្លាប់ ដោយ​ការរំលោភ​សិទ្ធិ​សម្លាប់​ប្រជាពលរដ្ឋ​ដែរ​»​។

លោក​គូសបញ្ជាក់​បន្ថែម​ថា៖ «​យើង​ប្រជារាស្ត្រ​នៅក្នុង​ប្រទេស​មួយ​ដែល​ទទួល​រង​ការគំរាម​កំហែង​រាល់​ថ្ងៃ រំលោភ​ដីធ្លី​សព្វ​គ្រប់​បែប​យ៉ាង រំលោភ​ឆន្ទៈ​ទាំង​នេះ​យើង​ទទួល​យក​មិន​បាន​ទេ​...​យើង​គាំទ្រ​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​គេ​ជួយ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​យើង​»​។

លោក Paul Chambers សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Naresuan បាន​ថ្លែង​ថា OHCHR មាន​ភារកិច្ច​ការពារ​សិទ្ធិ​ទាំងអស់​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​​ ច្បាប់​សិទ្ធិមនុស្ស​អន្ដរជាតិ​ដូច​គោលការណ៍​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​ផ្តល់​សច្ចាប័ន ដោយ​ប្រទេស​កម្ពុជា និង​ដោយ​ឆ្លុះ​បញ្ចាំង​ពី​អាណត្តិ​នេះ OHCHR បាន​អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា​ដោះលែង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែល​គេ​ឃុំ​ខ្លួន​ហើយ​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការតម្កល់​ទោស​របស់​សាលា​ឧទ្ធរណ៍​នៅ​កម្ពុជា​ដែល​សម្រេច​បន្ត​ឃុំ​ខ្លួន​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១១ រូប​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ២០ ឆ្នាំ​។

លោក​គូសបញ្ជាក់​ដូច្នេះ​ថា៖ «​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​មូលដ្ឋាន​ច្បាប់ ដើម្បី​អះអាង​ថា OHCHR បាន​រំលោភ​លើ​អាណត្តិ​របស់​ខ្លួន​ដោយ​គ្រាន់​តែ​បង្ហាញ​ពី​ការព្រួយបារម្ភ ចំពោះ​ការសម្រេច​ចិត្ត​របស់​សាលាឧទ្ធរណ៍ នៅពេល​ដែល​អាណត្តិ​របស់ OHCHR មាន​គោលបំណង​ច្បាស់លាស់​ដើម្បី​ការពារ​សិទ្ធិមនុស្ស​ដែល​មាន​ចែង​នៅក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ត្រូវ​បាន​ផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​កម្ពុជា​»៕