
កម្ពុជា-កូរ៉េ គ្រោងចុះអនុស្សរណៈយោគយល់លើគម្រោងអភិវឌ្ឍន៍កសិដ្ឋានវៃឆ្លាត ដែលជាគម្រោងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសម្រាប់អនុវត្តនៅក្នុងប្រទេសកម្ពុជា។ រូបថត អគ្គនាយកដ្ឋានកសិកម្ម
ភ្នំពេញៈ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ (CKEF) គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីគម្រោងអភិវឌ្ឍន៍កសិដ្ឋានវៃឆ្លាត (Smart Farm Project) ដែលជាគម្រោងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសម្រាប់អនុវត្តនៅក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំជាមួយលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មពីថ្ងៃទី ១ កុម្ភៈ លោក Harry Hwang នាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ឱ្យដឹងថា វិស័យកសិកម្មនៅប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសគឺអនុវិស័យដំណាំកសិកម្ម ដែលជាអនុវិស័យធំជាងគេក្នុងចំណោមអនុវិស័យចំនួន ៤ ស្ថិតក្រោមក្រសួងកសិកម្ម។
លោកបន្តថា ទន្ទឹមនឹងនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលរាំងស្ទះដល់ការអភិវឌ្ឍអនុវិស័យដំណាំកសិកម្ម រួមមាន បច្ចេកវិទ្យាក្នុងផលិតកម្មមានកម្រិតទាប កសិផលផលិតសល់លើសពីតម្រូវការ និងទីផ្សារកសិផលកម្ពុជានៅតូចចង្អៀត។ល។
លោក Harry Hwang ថ្លែងថា៖ «ដោយបានមើលឃើញពីភាពរីកចម្រើននៃវិស័យកសិកម្ម និងសក្តានុពលក្នុងការអភិវឌ្ឍអនុវិស័យដំណាំកសិកម្មតំណាង CKEF មានការចាប់អារម្មណ៍ និងមានបំណងចុះអនុស្សរណៈនៃការយោគយល់ស្តីពីគម្រោងអភិវឌ្ឍន៍កសិដ្ឋានឆ្លាតវៃរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយសាកលវិទ្យាល័យ Konkuk (Konkuk University) នៃសាធារណរដ្ឋកូរ៉េ»។
តាមរយៈកិច្ចសហប្រតិបត្តិការនេះគម្រោងនឹងមានដូចជា ១. បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសថ្នាក់ជាតិ ២. ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនានាជូនមន្ត្រីបច្ចេកទេស និងកសិករនៅតាមបណ្តារាជធានី-ខេត្តទាំង ២៥។ ៣. អភិវឌ្ឍដំណាំលើផ្ទៃដីទំហំប្រមាណ ១០០ ហិកតា ដែលមានសក្តានុពលសម្រាប់ការដាំដុះ ដំណាំ និង ៤. ស្រាវជ្រាវរកប្រភេទដំណាំដែលមានសក្តានុពលសម្រាប់ផលិតកម្ម និងទីផ្សារ។
បើតាមលោក Harry Hwang ទោះជាយ៉ាងណាមានការងារជាច្រើនដែលត្រូវរៀបចំមុនការចុះអនុស្សរណៈនៃការយោគយល់។
លោក និងក្រុមការងារនៃ CKEF ត្រូវការពេលវេលាយ៉ាងឆាប់បំផុតចំនួន ១ ខែកន្លះ មុនពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់អាចដំណើរការបានដោយសារក្រុមការងារត្រូវចំណាយពេលដើម្បីពិភាក្សាយោបល់ជាមួយជំនាញការនៃសាកលវិទ្យាល័យ Konkuk ការធ្វើដំណើររបស់គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលតម្រូវឱ្យមានការធ្វើចត្តាឡីស័កនៃប្រទេសទាំង ២។
លោកបញ្ជាក់ថា៖ «ប្រសិនបើមិនមានបញ្ហារាំងស្ទះណាមួយ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នឹងត្រូវរៀបចំឡើងយ៉ាងឆាប់បំផុតគឺនៅពាក់កណ្តាលខែមីនាខាងមុខនេះ»។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឯកភាពលើសំណើពេលវេលានៃការចុះអនុស្សរណៈនៃការយោគយល់របស់តំណាង CKEF។ លោកបានស្នើឱ្យក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្មត្រូវសហការ រក្សាទំនាក់ទំនង ផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានជាមួយតំណាង CKEF ដើម្បីឱ្យការចុះអនុស្សរណៈអាចរៀបចំបានឆាប់តាមការរំពឹងទុក។
លោក ងិន ឆាយ ថ្លែងថា៖ «យើងបានជួបពិភាក្សា និងគេចង់មក MOU ជាមួយក្រសួងកសិកម្មក្នុងការនាំចូលនូវបច្ចេកវិទ្យាទំនើបៗដូចជាដាំដុះនៅលើផ្ទះសំណាញ់ជាដើម។ គំនិតរបស់គាត់គឺចង់បង្កើតមជ្ឈមណ្ឌលកសិកម្មមួយធំនៅក្នុងប្រទេសកម្ពុជា ដែលគាត់ត្រូវការដីនោះគឺ ១០០ ហិកតា ក្នុងការសាងសង់ទីតាំងមួយ»។
លោកបន្តថា៖ «បើយើងឯកភាព គេមានអ្នកជំនាញមកពីសាកលវិទ្យាល័យ សហការជាមួយវិស័យឯកជនមកសិក្សានៅក្នុងប្រទេសកម្ពុជា ដើម្បីកំណត់ទីតាំងទៅលើខេត្តណា តំបន់ណាវាសមស្រប»។
លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រាប់ពីម្សិលមិញថា តាមអ្វីដែលលោកបានចរចាកន្លងមក ក្រសួងបានធ្វើកិច្ចការនេះរយៈពេលជិត ២ ខែហើយក្នុងការរៀបចំធ្វើសេចក្តីព្រាងលើការសិក្សាគម្រោងនេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺក្រសួងចង់ប្រមូលផ្តុំការផ្សព្វផ្សាយនូវបច្ចេកវិទ្យាថ្មីដល់ប្រជាកសិករ ព្រោះភាគច្រើនកសិករនៅកម្ពុជាមិនទាន់បានដឹងពីការធ្វើកសិកម្មប្រកបដោយភាពវៃឆ្លាត។
បើតាមលោករដ្ឋមន្ត្រី ខេត្តមណ្ឌលគិរីនឹងត្រូវបានជ្រើសរើសយកមកអនុវត្តគម្រោងនេះនាពេលខាងមុខ ព្រោះខេត្តមួយនេះមានស្ថានភាពអាកាសធាតុត្រជាក់ល្អ និងអាចដាំផលិតផលដែលជារបស់ពលរដ្ឋនៅទីនោះបាន។ ភូមិភាគកណ្តាល និងខេត្តដទៃទៀតមិនអាចធ្វើបានដូច្នេះក្រសួងខិតខំធ្វើកិច្ចការងារនេះឱ្យចេញជារូបរាងនាពេលខាងមុខតាមរយៈគម្រោងនេះ។
លោករដ្ឋមន្ត្រីថ្លែងថា៖ «ខ្ញុំបានធ្វើដំណើរទៅពិនិត្យមើលនៅទីតាំងនោះកាលពីប៉ុន្មានសប្តាហ៍មុន។ យើងអាចកំណត់ទីតាំងនោះ សម្រាប់ធ្វើការអភិវឌ្ឍ និងជម្រើស ទី២ យើងនឹងត្រូវជ្រើសរើសខេត្តស្ទឹងត្រែងដែលមានដីរួចហើយ គឺនៅជាប់នឹងទំនប់សេសាន ២។ ប៉ុន្តែអ្វីដែលសំខាន់គឺខេត្តមណ្ឌលគិរីដែលប្រែក្លាយទីតាំងនោះជាមជ្ឈមណ្ឌលស្រាវជ្រាវផលិតពូជដំឡូងបារាំង ក៏ដូចជាដំណាំផ្សេងៗដែលពាក់ព័ន្ធទៅដល់ដំណាំដីខ្ពស់ និងតំបន់ត្រជាក់ដើម្បីឈានដល់ផ្គត់ផ្គង់ផលិតផលកសិកម្មជំនួសដល់ការនាំចូលពីក្រៅប្រទេស»៕