
ព្រៃសហគមន៍ដែលជាព្រៃកាបូន នៅក្នុងស្រុកសណ្តាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបថត រដ្ឋបាលព្រៃឈើ
ភ្នំពេញៈ កម្ពុជា និងកូរ៉េប្រកាសដាក់លក់កាបូនរេដបូករបស់កម្ពុជានៃគម្រោងរេដបូកកូរ៉េ-កម្ពុជា ឬ គម្រោងរេដបូកទំរីងចំនួន ៦៤៥ ៤១០ តោននៅលើទីផ្សារកាបូនអន្តរជាតិស្ម័គ្រចិត្ត ដើម្បីយកមូលនិធិទៅអភិវឌ្ឍសហគមន៍មូលដ្ឋាន អភិរក្ស និងការការពារព្រៃឈើដែលគ្របដណ្តប់លើផ្ទៃដី ៦៧ ៧៩១,១៧ ហិកតាបន្តទៀត។
លោក ឈុន ឌឺលុច ប្រធានគម្រោងរេដបូកទំរីងនៃរដ្ឋបាលព្រៃឈើកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កម្ពុជាកំពុងធ្វើកិច្ចការនេះជាមួយក្រុមហ៊ុនមួយនៅក្នុងទីផ្សារកាបូនអន្តរជាតិ ដើម្បីទាក់ទងទៅក្រុមហ៊ុនធំៗដែលមានកញ្ចប់ថវិកាសម្រាប់ការពារបរិស្ថាន និងអភិវឌ្ឍសហគមន៍ដើម្បីឱ្យជួយទិញកាបូនពីកម្ពុជា។ នៅពេលទទួលមូលនិធិពីការលក់កាបូននេះនឹងយកទៅអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការពារព្រៃឈើបន្តទៀត។
លោកថ្លែងថា៖ «ឥណទានកាបូនរេដបូកនេះត្រូវបានទទួលស្គាល់ដោយស្តង់ដាអន្តរជាតិកាបូនស្ម័គ្រចិត្ត និងស្តង់ដាអាកាសធាតុ សហគមន៍ និងជីវចម្រុះ»។
លោក ឈុន ឌឺលុច បន្ថែមថា គម្រោងរេដបូកដែលប្រកាសដាក់លក់នេះគឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េពាក់ព័ន្ធទៅនឹងការអភិរក្ស ព្រៃឈើក្នុងតំបន់សហគមន៍ព្រៃឈើចំនួន ១៤ ដោយក្នុងសហគមន៍នីមួយៗមានគម្របព្រៃឈើចាប់ពី ២ ០០០ ទៅ ៤ ០០០ ហិកតា។ ព្រៃឈើដែលសហគមន៍អភិរក្ស និងការពារអស់រយៈពេល ១២ ឆ្នាំកន្លងមកនេះត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ។ ភាគីកូរ៉េបានជួយវាស់វែងកាបូនក្នុងព្រៃឈើ ហើយបានរកឃើញកាបូនផ្ទុកក្នុងព្រៃដែលការពារ ដោយសហគមន៍នេះមានចំនួន ៦៤៥ ៤១០ តោនចាប់តាំងពីខែមករា ឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩។
បើតាមលោក ឈុន ឌឺលុច គម្រោងនេះក៏ត្រូវបានគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយអនុញ្ញាតឱ្យមានការលក់កាបូនពីសហគមន៍ការពារព្រៃឈើនេះនៅលើទីផ្សារកាបូនអន្តរជាតិ។ ដូច្នេះនៅពេលនេះក៏ចាប់ផ្តើមផ្សព្វផ្សាយ និងចុះបញ្ជីនៅក្នុងទីផ្សារកាបូនអន្តរជាតិ។
លោកបានបន្តថា៖ «សម្រាប់ទីផ្សារកាបូនអន្តរជាតិ ត្រូវបានគេដាក់លក់ចាប់ពី ៤ ទៅ ៦ ដុល្លារអាមេរិកក្នុង ១ តោន ហើយសម្រាប់កម្ពុជានឹងត្រូវដាក់លក់ចាប់ពី ៥ ដុល្លារអាមេរិកឡើងក្នុង ១ តោន ខណៈបច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនហើយដែលបានចរចាក្នុងការបញ្ជាទិញ»។
នៅប្រទេសកម្ពុជាក៏ធ្លាប់មានគម្រោងកាបូនបែបនេះដាក់លក់នៅលើទីផ្សារអន្តរជាតិផងដែរ រួមមានគម្រោងកាបូនព្រៃឈើនៅភ្នំក្រវាញភាគខាងត្បូង (នៅតំបន់ការពារ) និងមួយទៀតគម្រោងកាបូនព្រៃឈើនៅតំបន់ការពារធម្មជាតិដែនសីមានៃខេត្តមណ្ឌលគិរី (តំបន់ការពារ និងអភិរក្សសត្វព្រៃ ដែលមានលក្ខណៈទ្រង់ទ្រាយធំ) ដែលជាគម្រោងគ្រប់គ្រងដោយក្រសួងបរិស្ថាន។
តាមសេចក្តីប្រកាសព័ត៌មានរួមរវាងរដ្ឋបាលព្រៃឈើកម្ពុជា និងសេវាកម្មព្រៃឈើកូរ៉េពីម្សិលមិញ ភាគីទាំង ២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៤ ក្នុងការបង្កើតគម្រោងរួមគ្នាមួយដែលហៅថា គម្រោងរេដបូកកូរ៉េ-កម្ពុជា ឬគម្រោងរេដបូកទំរីង។ គម្រោងនេះធ្វើការអនុវត្តនៅសហគមន៍ព្រៃឈើចំនួន ១៤ ស្ថិតក្នុងស្រុកសណ្តាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំគ្របដណ្តប់លើផ្ទៃដី ៦៧ ៧៩១,១៧ ហិកតា ក្នុងគោលបំណង ដើម្បីរួមចំណែកដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីព្រៃឈើរពេលវែង និងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដែលពឹងផ្អែកលើធនធានព្រៃឈើ។
លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើឱ្យដឹងថានេះគឺជាគម្រោងដែលទទួលបានជោគជ័យ និង លេចធ្លោជាងគេបំផុតក្នុងកម្មវិធីរេដបូក។ ព្រោះគម្រោងនេះកើតឡើងដោយបណ្តុំសហគមន៍ព្រៃឈើចំនួន ១៤ ដែលប្រជាសហគមន៍រួមសហការគ្នាអនុវត្តសកម្មភាពការពារ និងគ្រប់គ្រងព្រៃឈើហើយពួកគាត់នឹងទទួលបានផលប្រយោជន៍ពីកិច្ចការងារគ្រប់គ្រងព្រៃឈើទាំងនេះ។
លោកបន្តថា៖ «ម្យ៉ាងទៀតដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយសេវាកម្មព្រៃឈើកូរ៉េ និងការគាំទ្រផ្នែកបច្ចេកទេសពី Wildlife Works Carbon រដ្ឋបាលព្រៃឈើនឹងពង្រីកគម្រោងឥណទានកាបូន សហគមន៍ព្រៃឈើក្នុងទ្រង់ទ្រាយធំដោយបន្ថែមសកម្មភាពជាច្រើនទៀតរួមទាំងការដាំ ស្តារព្រៃឈើឡើងវិញ ដើម្បីជំរុញការគ្រប់គ្រងព្រៃឈើឱ្យកាន់តែប្រសើរថែមទៀត»។
រីឯលោក Kiyeon Ko អគ្គនាយកនៃសេវាកម្មព្រៃឈើកូរ៉េ ឱ្យដឹងថា ប្រទេសកូរ៉េមានសេចក្តីសោមនស្សរីករាយដែលគម្រោងរេដបូកទំរីងបានទទួលជោគជ័យក្នុងការផលិតឥណទានកាបូនសហគមន៍ព្រៃឈើតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងសេវាកម្មព្រៃឈើកូរ៉េ និងរដ្ឋបាលព្រៃឈើកម្ពុជា ។
លោកបន្តថា៖ «ការផលិតឥណទានការបូននេះ បង្ហាញថា ព្រៃឈើនៅក្នុងតំបន់គម្រោងត្រូវបានគ្រប់គ្រង និងការពារបានយ៉ាងល្អ។ ម៉្យាងទៀតការផលិតឥណទានកាបូនក៏ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការរាតត្បាតជំងឺថ្មីៗ ដែលមានប្រភពពីសត្វព្រៃ (ឧទាហរណ៍ កូវីដ១៩)»៕