
ស្ត្រីម្នាក់មកពិនិត្យឈាម នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ រូបថត Scott Howes
ភ្នំពេញៈ ក្រុមអ្នកជំនាញបានថ្លែងថា កម្ពុជាកំពុងប្រឈមនឹងបន្ទុកទ្វេដងនៃជំងឺឆ្លង និងជំងឺមិនឆ្លង ប៉ុន្តែប្រទេសនេះនៅតែអាចការពារមិនឲ្យបញ្ហានេះក្លាយជា «មហន្តរាយ» ដោយអនុវត្តវិធានការគ្រប់គ្រាន់ និងផ្តល់ថវិកាសមស្របដើម្បីដោះស្រាយជំងឺរុំារ៉ៃ។
លោកស្រី Vicky Houssiere ជាមន្ត្រីទំនាក់ទំនងនៅអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងថា ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមមហារីក និងជំងឺទឹកនោមផ្អែមគឺជា «បញ្ហាធំបាននិងកំពុងកើនឡើងនៅក្នុងប្រទេស»។
លោកស្រីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយសារភាពផ្លាស់ប្តូរនៃការឆ្លងរាតត្បាតកម្ពុជាកំពុងប្រឈមនឹងបន្ទុកទ្វេនៃជំងឺឆ្លង និងជំងឺមិនឆ្លង»។ លោកស្រីថ្លែងថា របាយការណ៍ស្តីពីការតាមដានវឌ្ឍនភាពនៃជំងឺមិនឆ្លងឆ្នាំ ២០១៧ របស់អង្គការសុខភាពពិភពលោកបង្ហាញថា ជំងឺមិនឆ្លងមានចំនួន ៦១ ភាគរយនៃករណីស្លាប់សរុបក្នុងប្រទេសកម្ពុជា។
ចំនួនអ្នកជំងឺដែលទទួលបានការព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យសាធារណៈបានកើនឡើងដល់ ៨៣៦០ នាក់ក្នុងឆ្នាំ ២០១៧ ដែលកើនឡើងពីចំនួនអ្នកជំងឺ ៦៦៨៥ នាក់ក្នុងឆ្នាំ ២០១៦។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំពីក្រសួងសុខាភិបាលដែលចេញកាលពីសប្តាហ៍មុន។ ចំនួនអ្នកដែលទទួលបានការព្យាបាលជំងឺមហារីកក្នុងឆ្នាំ ២០១៥ គឺ ៣៥៦០ នាក់ និង ៥៨១៤ នាក់ក្នុងឆ្នាំ ២០១៤។
វេជ្ជបណ្ឌិត អៀវ សុខា នាយកនៃមជ្ឈមណ្ឌលជំងឺមហារីកជាតិនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលទើបបង្កើតកាលពីពេលថ្មីៗបានថ្លែងថាចំនួនអ្នកជំងឺដែលស្វែងរកការព្យាបាលជំងឺមហារីកមានការកើនឡើង ខណៈសាធារណជនមានការយល់ដឹងច្រើនជាងមុនអំពីជំងឺនេះព្រមទាំងការពង្រីកសេវា។
ទោះបីយ៉ាងណាក្តីមានតែអគារសុខភាពសាធារណៈតែ ២ ប៉ុណ្ណោះក្នុងរាជធានីភ្នំពេញដែលផ្តល់ការព្យាបាលជំងឺមហារីក។ ចំនួនអ្នកជំងឺដែលស្វែងរកការព្យាបាលជំងឺលើសឈាម និងទឹកនោមផ្អែមក៏កើនឡើងផងដែរក្នុងឆ្នាំ ២០១៧ ជាពិសេសជំងឺទឹកនោមផ្អែកបានកើតឡើងទៅលើស្ត្រីច្រើនជាងបុរស។ អ្នកជំងឺសរុប ៥៦១៥២ នាក់បានប្រើប្រាស់សេវាសុខាភិបាលសាធារណៈនៅក្នុងឆ្នាំ ២០១៧ សម្រាប់សេវាពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម ដែលកើនពី ៤១៩៥៨ នាក់ក្នុងឆ្នាំ ២០១៦។ នេះបើតាមរបាយការណ៍។ ទោះយ៉ាងណាក្តីមានតែ ៧៤៤៨ នាក់ប៉ុណ្ណោះបានទទួលការព្យាបាល ហើយអ្នកដទៃទៀតទទួលបានការប្រឹក្សាយោបល់។
វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អ្នកជំនាញខាងសុខភាពសាធារណៈបានថ្លែងថា ទិន្នន័យបច្ចុប្បន្នគឺភាគច្រើនបានមកពីអ្នកដែលស្វែងរកសេវាគាំពារ ហើយការស្រាវជ្រាវ និងការសិក្សាវាស់ស្ទង់ដែលមានលក្ខណៈរឹងមាំជាងមុន គឺត្រូវការធ្វើឡើង «ដើម្បីកំណត់អត្តសញ្ញាណវិសាលភាពពិតប្រាកដនៃបន្ទុកនៃជំងឺរុំារ៉ៃ»។
លោកថ្លែងថា ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជានៅខ្វះខាតចំណេះដឹងនៅឡើយស្តីពីជំងឺរុំារ៉ៃ។ ពួកគេមិនទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យជាទៀងទាត់ទេ គឺជួបគ្រូពេទ្យលុះត្រាតែពេលពួកគេបានធ្លាក់ខ្លួនឈឺទៅហើយ។ «យើងខកដានដំណាក់កាលដំបូងនៃជំងឺរុំារ៉ៃ»។ «ពេលពួកគេស្វែងរកការព្យាបាល ពួកគេស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ»។ លោកជឿថាតួលេខស្តីពីជំងឺរុំារ៉ៃអាចត្រូវបាន «ប៉ាន់ប្រមាណទាបជាងជាក់ស្តែង»៕ PS