ភ្នំពេញៈ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការខកចិត្តយ៉ាងខ្លាំង និងបានចាត់ទុកសមាជិកសភាសហភាពអឺរ៉ុបមួយចំនួនដែលមានបំណងចង់ហែហម លោកសម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិវិលមកកម្ពុជាថា ជាទង្វើគ្មានលក្ខណៈការទូត មិនគោរព អធិបតេយ្យភាព និងនីតិរដ្ឋកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលចេញកាលពីថ្ងៃទី ៦ ខែកក្កដានេះ ធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗ នេះលោក សម រង្ស៊ី បានប្រកាសថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញក្នុងខែកញ្ញាខាងមុខ ដោយមានសមាជិកសភាសហភាពអឺរ៉ុបមួយចំនួនចូលរួមអមដំណើររូបលោកជាអ្វីដែលក្រសួងការបរទេសបានរំឭកថា «ទណ្ឌិត សម រង្ស៊ី ត្រូវបានទទួលការចោទប្រកាន់ និងកាត់ទោសឲ្យជាប់ពន្ធនាគារ ជាច្រើនករណី ដែលមានជាអាទិ៍ អំពើក្បត់ជាតិ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទប្រមាថចំពោះអង្គព្រះមហាក្សត្រ នរោត្តម សីហមុនី បទញុះញង់មិនឲ្យយោធិនស្តាប់បញ្ជា។ល។»។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «នៅក្នុងបរិបទនេះ បើសិនជាមានការអនុវត្តបែបនេះ ពីសំណាក់ សមាជិក សភាសហភាពអឺរ៉ុបមួយចំនួនតូចអស់ទាំងនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងនិងចាត់ទុកទង្វើអស់ទាំងនេះ ជាទង្វើគ្មានលក្ខណៈការទូត មិនគោរព អធិបតេយ្យភាពនិងនីតិរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា»។
លើសពីនេះក្រសួងការបរទេសបានរំឭកសមាជិកសភាសហភាពអឺរ៉ុបទាំងអស់នោះពី «មាត្រា ៤១» នៃសន្ធិសញ្ញាទីក្រុងវីយែន ឆ្នាំ ១៩៦១ ស្ដីពីទំនាក់ទំនងការទូតដែលតម្រូវឲ្យបុគ្គលទាំងអស់ «ដែលទទួលបានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិត្រូវគោរពច្បាប់និងបទប្បញ្ញត្តិ របស់រដ្ឋម្ចាស់ផ្ទះ។ បុគ្គលទាំងនោះក៏មានកាតព្វកិច្ចមិនត្រូវជ្រៀតជ្រែកចូលកិច្ការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះផងដែរ»។
ក្រសួងការបរទេសក៏បានព្រមាននិងស្នើយ៉ាងទទូចដល់អ្នកនយោបាយបរទេសខាងលើអស់ទាំងនោះពិចារណាឡើងវិញជាបន្ទាន់នូវ «ទង្វើដែលបង្កប់ដោយឧបាយកលនយោបាយ និងគ្មានលក្ខណៈការទូត» ហើយនិងបានអះអាងថា ក្រសួង «ប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់នីតិរដ្ឋ និងក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់សាធារណៈដែលប្រជាជនកម្ពុជាកំពុងទទួលបានសព្វថ្ងៃនេះ»។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស មិនអាចទាក់ទងសុំអធិប្បាយបន្ថែមលើបញ្ហានេះបានទេកាលពីម្សិលមិញ ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋភិបាល កម្ពុជា មិនស្វាគមន៍ចំពោះបុគ្គល (សមាជិក សភាសហភាពអឺរ៉ុបមួយចំនួន) ដែលមកបំផុសបំផុល បង្កឲ្យមានកុបកម្មចលាចលនោះទេហើយរាជរដ្ឋាភិបាល កម្ពុជា នឹងចាត់វិធានការផ្សេងៗ ដើម្បីទប់ស្កាត់ទង្វើបែបនេះ។
លោកស៊ីផាន បញ្ជាក់ដូច្នេះថា៖ «បើគាត់ (សមាជិក សភាសហភាពអឺរ៉ុបមួយចំនួន) ចូលក្នុងទិសដៅសម្រាប់បំផុសបំផុល ធ្វើឲ្យមានកុបកម្ម ឬចលាចល យើងនឹងមិនអនុញ្ញាតឲ្យចូលទេ។ យើងអាចចាត់វិធានការទី ១ មិនឲ្យចូល។ វិធានការទី ២ ពេលគាត់ចូលមកយើងអាចដេញគាត់ចេញទៅវិញ ពីព្រោះនេះ វាជាសិទ្ធិសេរីភាព និងនីត្យាកុលភាពរបស់រដ្ឋាភិបាលកម្ពុជា»។
យ៉ាងណាក្តីអង្គការសេរីភាពអន្តរជាតិ ដែលមានមូលដ្ឋាន នៅក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ បានធ្វើការអំពាវនាវជាថ្មីឲ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ភ្លាមៗរាល់បទចោទប្រកាន់ប្រឆាំងនឹងលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយ គណបក្សប្រឆាំង រួមទាំងលោក សម រង្ស៊ី។
អង្គការនោះបញ្ជាក់ថា៖ «សម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានរត់គេចខ្លួន នឹងវិលត្រឡប់របស់ពួកគេមកកម្ពុជាវិញដើម្បីស្វែងរកដំណោះស្រាយ ដោះលែងលោក កឹម សុខា និងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសមាជិកសភាសហភាពអឺរ៉ុបមួយចំនួន ដែលមានបំណងចង់ហែហម លោក សម រង្ស៊ី វិលចូលកម្ពុជាវិញដោយលោកថ្លែងថា ទង្វើបែបនេះ រំលោភអធិបតេយ្យភាព និងច្បាប់ប្រទេសកម្ពុជា ដោយសារតែលោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសជាច្រើន ករណីហើយមានបណ្តឹងជាច្រើនករណីនៅតុលាការ។
លោកគិន ភា បញ្ជាក់ថា៖«ប្រសិនបើពួកគាត់ មកជាមួយលោក សម រង្ស៊ី ចូលស្រុក វាគឺជាការរំលោភយ៉ាងច្បាស់ ដូច្នេះហើយកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់»៕