ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាកម្ពុជាគ្រោងនឹងទិញយន្តហោះស៊ើបការណ៍ប្រភេទ L39 ចំនួន ៣-៤ គ្រឿងបន្ថែមទៀត និងសពា្វវុធមួយចំនួនពីប្រទេស ឆែក ដើម្បីពង្រឹងវិស័យយោធាឲ្យកាន់តែរឹងមាំថែមទៀត។ លោកក៏បានសម្តែងនូវក្តីសង្ឃឹមចំពោះរដ្ឋាភិបាលប្រទេសឆែក ដែលបន្តការគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីធានានូវដំណើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងជំហរគាំទ្រកម្ពុជានៅក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប។
ការប្រកាសទិញសព្វាវុធបន្ថែមបែបនេះរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលលោកធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Andrej Babis នាយករដ្ឋមន្ត្រីឆែក ក្រោយពីជំនួបទ្វេភាគីនៅទីក្រុងប្រាកនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩។ លោក ហ៊ុន សែន ថ្លែងថា៖ «នៅក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ថា កាលពីពេលមុនកម្ពុជាបានទិញយន្តហោះស៊ើបការណ៍ L39 ចំនួន ៦ គ្រឿង ទៅកម្ពុជារួចហើយ។ ឥឡូវនេះព្រឹកនេះខ្ញុំបានស្នើសុំពិភាក្សាអំពីលទ្ធភាពដែលកម្ពុជាអាចទិញនូវយន្តហោះស៊ើបការណ៍ L39 ស៊េរី ប្រភេទថ្មី ៣-៤ គ្រឿងបន្ថែមទៀត»។
លោកបន្ថែមថា កម្ពុជានឹងបន្តការពិភាក្សាអំពីបញ្ហានេះរួមទាំងអាវុធមួយចំនួន ដែលកម្ពុជាកំពុងនាំចូលអាចនឹងបន្ថែមនូវអាវុធធុនស្រាលមួយចំនួនទៀតក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិ។
លោកបញ្ជាក់ថា៖ «នៅក្នុងបរិបទកម្ពុជាសហភាពអឺរ៉ុប ខ្ញុំសង្ឃឹមថាប្រទេសឆែកដែលជាមិត្តចាស់ និងជាមិត្តជិតស្និទ្ធរបស់កម្ពុជានឹងបន្តគាំទ្រកម្ពុជា ដើម្បីធានាថាដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពនឹងបន្តទៅមុខទៀតដោយគ្មានការរាំងស្ទះ។ ខ្ញុំសូមអរគុណឆែកដែលបានអះអាងជាថ្មីនូវជំហរគាំទ្រកម្ពុជា ក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប។ ខ្ញុំសង្ឃឹមថា បណ្តាប្រទេសនៅអឺរ៉ុបនឹងប្រព្រឹត្តទៅដោយយុត្តិធម៌ចំពោះកម្ពុជាដូចដែលឯកឧត្តមនាយករដ្ឋមន្ត្រីបានលើកឡើង»។
ជាមួយគ្នានេះលោក ហ៊ុន សែន បានឲ្យដឹងដែរថាលោករីករាយក្នុងការត្រៀមទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឆែកដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្របដើម្បីបន្តផ្លាស់ប្តូរយោបល់ និងទស្សនវិស័យរបស់ប្រទេសទាំង ២ សំដៅពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឆែក ទៅដល់កម្រិតថ្មីមួយ។
នាយករដ្ឋមន្ត្រីឆែក លោក Andrej Babis បានស្វាគមន៍ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយបានសន្យាធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសពាណិជ្ជកម្ម និងការពារជាតិរវាងប្រទេសទាំង ២ កាន់តែល្អប្រសើរថែមទៀត។ លោកថាប្រទេសលោកបន្តគាំទ្រដល់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុបក្នុងការដោះស្រាយជាមួយសហភាពអឺរ៉ុបពាក់ព័ន្ធលើប្រព័ន្ធអនុគ្រោះពន្ធ EBA។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការដកចេញនូវ EBA ដោយគណៈកម្មការអឺរ៉ុប ចំពោះប្រទេសឆែកវា (EBA) គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ហើយកម្ពុជាមានជំហរ វិជ្ជមានពាក់ព័ន្ធទៅសិទ្ធិមនុស្ស។ យើងជឿថា គណៈកម្មការអឺរ៉ុបនឹងនិយាយអំពីបញ្ហានេះហើយយើងនឹងដោះស្រាយ»។
ទាក់ទិននឹងការប្រកាសគ្រោងទិញសព្វាវុធបន្ថែម លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថាយន្តហោះស៊ើបការណ៍ប្រភេទ L39 អាចត្រូវសម្រាប់ការស៊ើបការណ៍នៅតាមបណ្តោយព្រំដែន ប៉ុន្តែលោកមិនអាចធ្វើអត្ថាធិប្បាយអំពីតម្លៃនោះទេ។ លោកថ្លែងថាយន្តហោះនោះ គឺដើម្បីពង្រឹងវិស័យយោធារបស់កម្ពុជាឲ្យកាន់តែរឹងមាំ និង «សម្រាប់ការពារទឹកដី និងប្រទេសជាតិ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាចាត់ទុកការគ្រោងទិញយន្តហោះស៊ើបការណ៍ប្រភេទ L39 ចំនួន ៣-៤ គ្រឿង និងសពា្វវុធមួយចំនួនបន្ថែមទៀតថាជាផ្នែកនៃការពង្រឹងវិស័យយោធា ដោយសារតែស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «ខឿនការពារជាតិវាជារឿងសំខាន់ណាស់ ហើយយន្តហោះស៊ើបការណ៍ទាំងនេះបម្រើសម្រាប់វិស័យការពារជាតិ។ ប្រទេសជុំវិញយើងមានការរីកចម្រើនខ្លាំងលើវិស័យការពារជាតិ ដូច្នេះយើងត្រូវហ៊ានចំណាយថវិកាមួយចំនួន ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេរភូមិន្ទ និងការពារជាតិរបស់យើង។ វាគឺជារឿងចាំបាច់ ដោយសារតែស្ថានភាពតំបន់ និងពិភពលោកនាពេលបច្ចុប្បន្នដែលប្រទេសនីមួយៗយកចិត្តទុកដាក់ខ្លាំងទៅលើខឿនការពារជាតិរបស់ខ្លួន»។
លោកសង្ឃឹមថា ការគាំទ្ររបស់រដ្ឋាភិបាលប្រទេសឆែក អាចនឹងរួមចំណែកក្នុងការធ្វើឲ្យមានភាពប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុបពាក់ព័ន្ធនឹងបញ្ហាមិនយល់គ្នារវាងសហភាពអឺរ៉ុប និងកម្ពុជាលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយលោកថា ប្រទេសឆែកជាសមាជិករបស់សហភាពអឺរ៉ុប។
លោកថ្លែងថា៖ «ប្រទេស ឆែក នឹងនាំយករូបភាព និងសភាពការណ៍ពិតប្រាកដអំពីប្រទេស កម្ពុជា ទៅដល់សហភាពអឺរ៉ុប។ វាអាចជាមូលដ្ឋានសម្រាប់សហភាពអឺរ៉ុបធ្វើការសម្រេចចិត្តលើប្រព័ន្ធអនុគ្រោះពន្ធ EBA»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិស្វាគមន៍ការគ្រោងទិញគ្រឿងចម្បាំងនេះដោយសារតែវិស័យការពារជាតិនៅកម្ពុជានៅមានកម្រិត។ លោកថា វានឹងជួយលើកស្ទួយវិស័យការពារជាតិ និងទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ប៉ុន្តែថាប្រទេសឆែកនឹងពិបាកជួយកម្ពុជាឱ្យទទួលជោគជ័យក្នុងការដោះស្រាយបញ្ហា EBA ដោយសារប្រទេសនេះពុំសូវមានឥទ្ធិពលក្នុងសហភាពអឺរ៉ុប។
លោកថា៖ «ការទិញអាវុធ ដើម្បីរក្សាសន្តិសុខ និងបូរណភាពទឹកដី វាជារឿងធម្មតា ហើយវាជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំង ២។ ប្រទេសនៅក្នុងអឺរ៉ុបខាងកើតដែលជាមិត្តរបស់កម្ពុជាមិនមានលទ្ធភាពធ្វើឱ្យកម្ពុជាទទួលលទ្ធផលដុំកំភួនទេពីប្រទេសទាំងអស់ហ្នឹង។ ទាំងផ្នែក សេដ្ឋកិច្ច និងនយោបាយពុំសូវមានឥទ្ធិពលនៅក្នុងសហភាពអឺរ៉ុបនោះទេ»។
លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យបានចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ ចាប់ពីថ្ងៃទី ១៣-១៧ តុលាដើម្បីជួបពិភាក្សាពីបញ្ហាមួយចំនួនក្នុងនោះក៏មានបញ្ហាតំបន់ និងអន្តរជាតិ និងមានការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរួមគ្នាមួយចំនួនផងដែរ៕
វីដេអូ៖