ជប៉ុនៈ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​និង​ក្រសួង​យុត្តិធម៌ ​នៃ​ប្រទេស​ ជប៉ុន ​បាន​ព្រម​ព្រៀង​គ្នា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​រវាង​ប្រទេស​ទាំង ២​ កាលពី​ថ្ងៃទី ២៥​ ខែ មីនា ​ស្តីពី​កិច្ចសហ​ប្រតិ​បតិ្ត​ការ ​ក្នុង​ការបញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ ជប៉ុន។

ការ​ចុះ​ហត្ថ​លេខា​នេះ ធ្វើ​ឡើង​នៅ​ក្រសួង​យុត្តិធម៌​ប្រទេស ​ជប៉ុន ​រវាង​លោក សេង សក្តា ​ប្រតិ​ភូរាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក ជាអគ្គ​នាយក ​នៃ​អគ្គ​នា​យក​ដ្ឋាន​ការងារ ​និងលោក​ស្រី ​Shoko SASAKI អគ្គ​នា​យក​អន្តោ​ប្រវេសន៍​ជប៉ុន​។ ពិធី​ចុះហត្ថ​លេខា នេះ ​មានការ​ចូលរួម​ជាអធិបតី ​ពី​លោក​ អិុត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ Takashi YAMASHITA រដ្ឋម​ន្ត្រី​​ក្រ​សួង​យុត្តិធម៌​ នៃ​ប្រទេស ​ជប៉ុន។

លោក Takashi YAMASHITA រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ ​នៃ​ប្រទេស ​ជប៉ុន ​បាន​លើក​ឡើង​ថា ​កាល​ពី​ឆ្នាំ​កន្លង​ទៅ ​កម្ពុ​ជា​-ជប៉ុន ​បាន​ប្រារព្ធ​ពិធី​អប​អរ​សាទរ​ខួប​លើក​ទី​៦៥ នៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា​-ជប៉ុន​ ហើយ​ការ​ចុះ​អនុស្សរ​ណៈ ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ ស្តី​ពី​ពល​ករ​ជំនាញ​នេះ​ ជា​ភ័ស្តុ​តាង​បញ្ជាក់​យ៉ាង​​ច្បាស់​ពី​ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​រវាង​ប្រទេស​ទាំង ​២ ​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។

លោក ​អិុត​ សំហេង ​បាន​កោត​សរសើរ ​ចំពោះ​ក្រុម​ការ​ងារ​បច្ចេក​ទេស​នៃ​ប្រទេស​ទាំង​ ២ ដែល​បាន​ខិត​ខំ​សហ​ការ​គ្នា ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ នា​ពេល​កន្លង​មក​ រហូត​ឈាន​ដល់​ការចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ។

លោក​ អុិត សំហេង ​ឲ្យដឹងថា​ បច្ចុប្បន្ន​នេះ ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ កំពុង​រស់​នៅ ​សិក្សា ​និង​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​ ១ ម៉ឺន ​១ ពាន់​នាក់ ​ក្នុង​នោះ​កម្ម​សិក្សា​ការី ​មាន​ប្រមាណ​ជិត​ ៧ ពាន់​នាក់។

តាម​រយៈ​អនុ​ស្ស​រណៈ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ ​លោក​ អិុត​ សំហេង ​បញ្ជាក់​ថា​៖ ​«ពល​ករ​ជំនាញ​កម្ពុជា​នឹង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចាប់​យក​ឱកាស​មាស​នេះ​ដើម្បី​ជា​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​ផង ​សម្រាប់​កម្ពុជា​ផង ​ក៏ដូច​ជា​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពល​កម្ម​របស់​ជប៉ុន​ ជា​ពិសេស​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុ​វិស័យ​គ្រប់​ជ្រុង​ជ្រោយ​ជា​យុទ្ធ​សាស្រ្ត​នៃ​ប្រទេស​ទាំង ២»។

បើតាម​លោក ​អិុត សំហេង ​រដ្ឋា​ភិបាល​ជប៉ុន​បាន​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពីការទទួល​ជន​ភៀស​ខ្លួន ​និង​ការ​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន៍ ​កាល​ពី​ថ្ងៃ​ទី ៨ ខែ​ ធ្នូ ​ឆ្នាំ​ ២០១៨ ដោយ​បង្កើត​ទិដ្ឋា​ការ ការងារ​ថ្មីចំនួន​២ប្រភេទ​គឺ «ពល​ករ​ជំនាញ ១​» និង «ពលករ​ជំនាញ​ ២»។

ច្បាប់​នេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី​ ១ ខែ​ មេសា ឆ្នាំ ២០១៩ ​ខាង​មុខ​​។ ដោយ​ឡែក​ប្រព័ន្ធ​បញ្ជូន​កម្ម​សិក្សា​ការី​នៅ​អនុវត្ត​ដដែល។

លោក​ សំហេង ​ឲ្យដឹង​ទៀត​ថា ​ជប៉ុន​គ្រោង​ទទួល​យក​ពលករ​ជំនាញ​ទាំង ​២ ​ប្រភេទ​ពីប្រទេស​ចំនួន​ ៨ រួម​មាន ​ប្រទេស​ កម្ពុជា ចិន ​វៀត​ណាម ​ហ្វី​លីពីន​ ឥណ្ឌូ​នេស៊ី ​ថៃ ​មីយ៉ាន់​ម៉ា ​និង​នេប៉ាល់​ ចំនួន​ ៣៤៥ ១៥០ នាក់​ ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ដំបូង។

លោក​បន្ថែមថា​ ក្នុង​នោះ​ពល​ករ​ជំនាញ​ សម្រាប់​ការងារ​ចំនួន ១៤ ​ប្រភេទ រួម​មាន​ផ្នែក​ថែ​ទាំម​នុស្ស​ចាស់ ការ​សម្អាត​អគារ ការ​​ផលិត​គ្រឿង​បន្លាស់ ​ការ​ផលិត​គ្រឿង​ម៉ាស៊ីន​ ការ​ផលិត​គ្រឿង​អគ្គិ​សនី​ និង​គ្រឿង​អេឡិច​ត្រូ​និក ​ការ​ងារ​សំណង់​ ការ​ផលិត​នាវា ​ការ​ជួស​ជុល​ និង​ដំឡើង​រថ​យន្ត​ ការងារ​អាកាស​ចរណ៍ ​ការរៀប​ចំបន្ទប់​ស្នាក់​នៅ ​កសិ​កម្ម ​នេសាទ​ និង​វារី​វប្ប​កម្ម ការ​ផលិត​អាហារ​ និង​ភេស​ជ្ជៈ ​និង​ការងារ​នៅ​ភោជ​នីយដ្ឋាន។

គួរ​បញ្ជាក់​ថា​ កម្ពុជា​ ជា​ប្រទេស​ទី ២ ដែល​បាន​ចុះ​អនុស្ស​រណៈ​នេះ​នៅ​ថ្ងៃទី​ ២៥ ខែ មីនា​ ឆ្នាំ​ ២០១៩ បន្ទាប់​ពី​ប្រទេស​ ហ្វីលី​ពីន ​ដែល​បាន​ចុះ​កាល​ពី​ថ្ងៃ​ទី ១៩​ ខែ ​មីនា​ ឆ្នាំ ២០១៩៕