
អគារព្យាបាលជំងឺមហារីកដែលទើបបើកសម្ពោធ។ ហេង ជីវ័ន
ភ្នំពេញៈ អគារមជ្ឈមណ្ឌលជាតិជំងឺមហារីកដំបូងបំផុតរបស់កម្ពុជាដែលមានតម្លៃជាង ២៣ លានដុល្លារត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ ប៉ុន្តែទោះបីជាយ៉ាងណាក៏ប្រធានមជ្ឈមណ្ឌល និងក្រុមអ្នកជំនាញបានទទួលស្គាល់ថាសេវាកម្មព្យាបាលជំងឺមហារីកនៅតែស្ថិតនៅក្រោមតម្រូវការរបស់ប្រទេសនេះនៅឡើយ។
នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃទី ១៥ ខែមករាលោកវេជ្ជបណ្ឌិត អ៊ីវ សុខា ប្រធានមជ្ឈមណ្ឌលជាតិជំងឺមហារីកបានថ្លែងថាកម្ពុជាមានអ្នកឯកទេសព្យាបាលជំងឺមហារីកតែ ២៦ នាក់ប៉ុណ្ណោះសម្រាប់ប្រជាពលរដ្ឋជាង ១៥ លាននាក់។
ក្នុងចំណោមអ្នកទាំងនោះមាន ២០ នាក់នឹងធ្វើការនៅឯមជ្ឈមណ្ឌលនេះហើយ ៦ នាក់ផ្សេងទៀតកំពុងធ្វើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្នែកជំងឺមហារីកដែលជាទីតាំងតែ ២ គត់របស់រដ្ឋនៅក្នុងប្រទេសដែលផ្តល់សេវាកម្មបែបនេះ។
មូលនិធិភាគច្រើនសម្រាប់មជ្ឈមណ្ឌលថ្មីនេះគឺបានមកពីរដ្ឋាភិបាល ដោយមានការចូលរួមពីប្រទេសបារាំង និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ មជ្ឈមណ្ឌលនេះនឹងផ្តល់នូវការព្យាបាលដ៏ទំនើបដូចជាវេជ្ជសាស្ត្រនុយក្លេអ៊ែរសម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាល ព្យាបាលដោយកោសិកាពូជទំនើប (Stem cell) ការព្យាបាលដោយវិទ្យុសកម្ម, ការព្យាបាលដោយថ្នាំគីមី និងព្យាបាលជំងឺមហារីកកុមារជាដើម។
មជ្ឈមណ្ឌលនេះនឹងចាប់ផ្តើមព្យាបាលអ្នកជំងឺនៅ ២ សប្តាហ៍ខាងមុខ។
លោកវេជ្ជបណ្ឌិត សុខា ថ្លែងថាមជ្ឈមណ្ឌលនេះក៏នឹងផ្តល់ការព្យាបាលដល់អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយផងដែរ ដែលពួកគេមានពេលតិចតួចនៅសល់ដើម្បីរស់។ មជ្ឈមណ្ឌលនេះក៏នឹងក្លាយជាកន្លែងបណ្តុះបណ្តាលផងដែរដោយដំបូងមានអ្នករៀនឯកទេសព្យាបាលជំងឺមហារីកចំនួន ៥ នាក់ដែលនឹងចាប់ផ្តើមនៅរដូវក្តៅនេះហើយមជ្ឈមណ្ឌលនេះនឹងទទួល ៥ នាក់ជារៀងរាល់ឆ្នាំ។
លោកបញ្ជាក់ថាបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជានៅតែស្ថិតនៅដាច់ឆ្ងាយពីតម្រូវការពិតប្រាកដសម្រាប់សេវាកម្មព្យាបាលជំងឺមហារីកដោយលោកពន្យល់ថាមណ្ឌលនេះមានបំណងពង្រីកលទ្ធភាពនៃការព្យាបាល។
លោកថ្លែងថា៖ «យើងនឹងបណ្ដុះបណ្ដាលធនធានមនុស្សឲ្យកាន់តែច្រើនឡើងៗក្នុងមួយឆ្នាំៗដើម្បីពង្រីកគម្រោងរបស់យើង។ នៅទីនេះក្នុងប្រទេសកម្ពុជា យើងសង្ឃឹមថាក្នុងរយៈពេល ១០ ឆ្នាំយើងនឹងមានអ្នកឯកទេសព្យាបាលជំងឺមហារីកចំនួនពី ៧០ ទៅ ១០០ នាក់»។
លោកវេជ្ជបណ្ឌិត សុខា បានបន្ថែមទៀតថា ៩០ % នៃអ្នកឯកទេសព្យាបាលជំងឺមហារីក ២០ នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពីភ្នាក់ងារ IAEA រួចហើយ រីឯអ្នកដែលនៅសល់ ២ នាក់ទៀតរំពឹងថានឹងបញ្ចប់ការបណ្តុះបណ្តាលរបស់ពួកគេនៅត្រឹមចុងឆ្នាំនេះ។
ភ្នាក់ងារ IAEA មិនបានឆ្លើយតបទៅនឹងសំណើសុំអធិប្បាយទេ។ កម្ពុជាមានគម្រោងកសាងមជ្ឈមណ្ឌលជាតិព្យាបាលជំងឺមហារីកចំនួន ២ បន្ថែមទៀត ដើម្បីបង្កើនសេវាកម្មព្យាបាល ប៉ុន្តែលោក សុខា បានទទួលស្គាល់ថាលោកមិនដឹងថា តើគោលដៅនេះអាចនឹងសម្រេចបានឬក៏អត់នោះទេ។
លោកវេជ្ជបណ្ឌិត ឃីម សំអាត មន្ត្រីបច្ចេកទេស ជំងឺមិនឆ្លង និងជាមន្ត្រីលើកកម្ពស់សុខភាពរបស់អង្គការសុខភាពពិភពលោក WHO ប្រចាំកម្ពុជាថ្លែងថា ការបើកមជ្ឈមណ្ឌលជាតិនេះគឺជា «ចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជាក្នុងការជំរុញការព្យាបាលជំងឺមហារីកឲ្យបានកាន់តែល្អប្រសើរ»។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះនៅពេលដែលយើងនិយាយអំពីការគ្រប់គ្រងជំងឺមហារីកនេះគឺជាពេលវេលាដ៏ល្អមួយសម្រាប់កម្ពុជាក្នុងការចាប់ផ្តើម»។
លោកបន្ថែមថា ប៉ុន្តែបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជានៅតែមានទោះបីជាមានអគារថ្មីដ៏ទំនើបនេះបានដំណើរការពេញលេញក្តី។ ប្រទេសកម្ពុជាត្រូវការកែលម្អការត្រួតពិនិត្យ និងរកឲ្យឃើញឲ្យបានឆាប់រហ័សក៏ដូចជាពង្រីកសេវាកម្មព្យាបាលសម្រាប់ទីតាំងភូមិសាស្ត្រផ្សេងៗផងដែរ។
លោក សំអាត បានថ្លែងថាវាលំបាកសម្រាប់ប្រជាពលរដ្ឋដែលមកពីតាមបណ្តាខេត្តនានា ឱ្យមកទទួលការព្យាបាលនៅភ្នំពេញ ហើយជាញឹកញាប់ពួកគេតែងតែមកដល់ជាមួយនឹងជំងឺមហារីកក្នុងដំណាក់កាលចុងក្រោយ។
លោកបន្តថា៖ «វាពិបាកណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅឆ្ងាយពីភ្នំពេញ។ ពួកគេពិបាកទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវណាស់»។
លោកវេជ្ជបណ្ឌិតសញ្ជាតិខ្មែរអាមេរិកាំង គួច ម៉េងលី បានថ្លែងថា មជ្ឈមណ្ឌលថ្មីនេះគឺជាការចាប់ផ្តើមដ៏ល្អមួយប៉ុន្តែសំណួរសួរថា តើការបំពាក់ឧបករណ៍ និងការបណ្តុះបណ្តាលបុគ្គលិកបានល្អកម្រិតណាហើយលទ្ធភាពនៃការទទួលបានការព្យាបាលនឹងអាស្រ័យទៅលើតម្លៃនៃការព្យាបាលនោះ ឬយ៉ាងណា។
លោកថ្លែងថា៖ «មនុស្សជាច្រើនមិនមានលទ្ធភាពបង់ថ្លៃការព្យាបាលទេដូច្នេះហើយពួកគេត្រូវត្រឡប់ទៅផ្ទះវិញ»។ លោកបន្តថាមានមនុស្សជាច្រើននៅតែប្រើប្រាស់ឱសថបុរាណជំនួសដដែល៕ NS