ភ្នំពេញៈ នាយក​រដ្ឋ​មន្រ្ដី​កម្ពុជា ​លោក ​ហ៊ុន សែន​ បាន​ថ្លែងថា ​បញ្ហា​ប្រ​​ឈម​ទាំង​ឡាយក្នុង​តំបន់ ​និង​ពិភព​លោក ​ដែលកំពុង​ជួប​ប្រទះ​គឺ ​កម្ពុជា​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការចូល​រួម​ចំណែក​ និង​បង្កើន​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ជា​មួយ​ដៃ​គូ​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​បរិការណ៍​ពិភព​លោក​ពហុប៉ូល​ថ្មី។

ការ​បង្ហាញ​ជំហរ​បែបនេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្ដី​កម្ពុជា​លើក​ឡើង​ ក្នុង​សន្និសីទ​ជាតិ​លើក​ទី​២៥ ​ស្ដីពី​អនាគត​របស់​អាស៊ី ​ក្រោម​ប្រធាន​បទ ​«ការ​ស្វែង​រក​សណ្ដាប់​ធ្នាប់​ពិភពលោក​ថ្មីៈ ​ការ​ជម្នះ​លើ​ភាព​វឹក​វរ​» នៅ​ក្នុង​ទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី ​៣០-៣១ ខែ​ ឧសភា ​នេះ​។ ជាមួយគ្នានេះ​ លោកក៏​បាន​ចែក​រំលែក​ទស្សនៈ ​ពី​អនាគត​របស់​អាស៊ី​ផងដែរ។

លោក​ ហ៊ុន សែន​ បាន​ចាត់​ទុក​ប្រធាន​បទ​សន្និ​សីទ​ឆ្នាំ​នេះថា ​មាន​សារៈ​​សំខាន់ និង​សម​ស្រប​បំផុត​នៅ​ក្នុង​បរិ​ការណ៍​បច្ចុប្បន្ន ​និងសម្រាប់​អនាគត​តំបន់​ ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រ​ឈម​ស្មុគ​ស្មាញ​ និង​និន្នា​ការ​វិវឌ្ឍន៍​ទៅ​មុខ​មិន​ប្រាកដ​ប្រជា ដោយ​សារ​ការ​គំរាម​ផ្សេងៗ​។

លោកថ្លែងថា​៖ «ខ្ញុំ​សូម​សម្ដែង​នូវ​ក្ដីសង្ឃឹម​យ៉ាង​មុត​មាំ​ថា សន្និសីទ​នេះ នឹង​ចូល​រួម​វិ​ភាគ​ទាន​ដ៏​សំខាន់​ ដល់​ការពង្រឹង​សុ​ឆន្ទៈ និង​សាមគ្គីភាព​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ និង​ប្រ​ជា​ជាតិ​ក្នុង​តំបន់​ ដើម្បី​ឆ្លើយ​តប​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​ ចំពោះ​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​តំបន់​ និង​សកល​លោក​យើង​កំពុង​តែ​ជួប​ប្រទះ»។

លោក​នាយក​រដ្ឋ​មន្រ្ដី​បាន​បញ្ជាក់ថា​៖ ​«កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ សម្រាប់​ការ​រួម​ចំណែក​ និង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្ដិ​ការ​ជា​មួយ​ដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​បរិការណ៍​ពិភពលោក​ពហុ​ប៉ូលថ្មី ​សំដៅ​លើក​កម្ពស់​សកលភា​វូបនីយ​កម្ម​ ស្មារតី​ពហុ​និយម​ និង​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​សេរី​ ដោយ​ផ្អែក​លើ​វិ​ធាន​នៃ​ច្បាប់​ ដែល​ផ្ដល់​ផល​ប្រ​យោជន៍​ប្រកប​ដោយ​សម​ធម៌ និង​យុត្តិធម៌​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ»។

ទាក់ទង​នឹង​ប្រធានបទ​សន្និ​សីទ​ឆ្នាំ​នេះ​ លោក​ ហ៊ុន សែន បាន​ចែក​រំលែក​នូវ​ទស្សនៈ​មួយ​ចំនួន​ ដោយ​ផ្ដោត​លើ​ការរៀប​ចំ​ដំណើរ​ការ​ស្ថាប័ន​ និង​វិធាន​គ្រប់​គ្រង​សកល​ឡើងវិញ ​ដោយ​ផ្អែក​លើគោល​ការ​ណ៍​ស្នូល ​និង​តម្លៃ​សកល​ជាសារវន្ត ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិការ​ក្នុង​ក្រប​ខ័ណ្ឌ​សកល​ភាវូ​បនីយ​កម្ម ការ​គោរព​អធិប​តេយ្យ​ភាព និង​ជម្រើស​ផ្លូវ​ដើរ​របស់​ប្រទេស​នីមួយៗ ​ការ​កសាង​ និង​ថែរក្សា​សន្ដិភាព​ និង​សន្ដិសុខ​ផងដែរ។

លោក​នាយក​រដ្ឋមន្រ្ដី​ បានបង្ហាញ​នូវ​ភាព​ជឿជាក់ក្នុង​សន្និ​សីទ​នេះ​ទៀត​ថា​៖ ​«យើង​ទាំង​អស់​គ្នា ​ពិត​ជា​ចង់​បាន​នូវ​ ពិភព​លោក​មួយ​ ដែល​ប្រ​ទេស​ និង​ប្រជា​ជាតិ​ទាំង​អស់​ អាច​រួម​រស់​ជាមួយ​គ្នា​ក្នុង​សុខ​សន្ដិ​ភាព​ ស្ថិរភាព​ និង​ភាពសុខ​ដុម​រមនា​ គោរព​អធិ​ប​តេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដី​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ប្ដេជ្ញា​រួម​គ្នា​លើ​កកម្ពស់​កិច្ច​សហប្រ​តិ​បត្ដិ​ការ​ដែល​ចែក​រំ​លែក​នូវ​ «ស្ថានភាព​ឈ្នះ​ឈ្នះ»​ ជាមួយ​គ្នា»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគនយោ​បាយ ​មើល​ឃើញថា លោក ហ៊ុន សែន​ ដូច​ជា​ចង់​ឲ្យ​ប្រទេស​ឯទៀត​ទទួល​ស្គាល់​ថា ​នៅ​ក្នុង​ពិភពលោក ​អាមេរិក​មិន​មែន​ជា​មហា​អំណាច​កំពូល​ប៉ូល​តែ​មួយ​ទេ ​គឺ​មាន​មហា​អំណាច​កំពូល​ប៉ូល​ឯទៀត​ ដែល​កំ​ពុង​លេច​ឡើងដែរ​បច្ចុប្បន្ន​នេះ​ ជា​អាទិ៍​ចិន​តែម្តង។

លោកថា​៖ «ការ​ប្រកាស​អះអាង​របស់​គាត់ ​[លោកហ៊ុន សែន] ​ប្រហែល​ជា​គាំទ្រ​ចិន​ និង​អំពាវនាវ​ឲ្យ​មាន​ការ​គាំ​ទ្រ​ និង​ទទួល​ស្គាល់​ជា​មហា​អំណាច​កំពូល ជា​ប៉ូល​មួយ​ស្មើ​នឹង​មហា​អំណាច​កំពូល​ប៉ូល​អាមេរិក​ដែរ»។

លោក​បន្ថែម ​ការប្រ​កាស​នេះ​បង្ហាញ​ថា ​កម្ពុជា​បោះ​បង់​ចោល​គោល​នយោ​បាយ​បរទេស​អព្យា​ក្រឹត​មិន​ចូល​បក្ស​សម្ព័ន្ធ​ដែល​មាន​កំណត់​​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​ខ្មែរ​ឆ្នាំ​ ១៩៩៣ និង​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ ១៩៩១។ ជំហរ​នេះ​គឺធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ត្រជាក់​បច្ចុប្បន្ន​រវាង​ចិន​ និង​អាមេរិក​សព្វថ្ងៃ។

កម្ពុជា​ត្រូវ​វិល​មក​គោល​នយោ​បាយ​អព្យា​ក្រឹត​វិញ ​ហើយ​ទទូច​សុំឲ្យ​មហា​អំណាច​ទាំង ​២ ​នេះ​ និង​ប្រទេស​ហត្ថលេខី​​ឯទៀត​នៃកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ គោរព​ និង​ពង្រឹង​អព្យា​ក្រឹត​ខ្មែរ ដូច​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នោះ។

លោក​ ឈាង វណ្ណារិទ្ធិ​ អ្នក​វិភាគ និង​ជា​អ្នក​ស្រាវជ្រាវ​កិច្ចការ​តំបន់​​មើលឃើញ​ថា​ ការ​ដឹក​នាំ​លំដាប់​ពិភពលោក​ថ្មី​នេះ​កំពុង​ និង​បាន​បង្កើត​ឡើង​ដោយ​អ្នក​ដើរ​តួជា​ច្រើន​នាក់ ​នេះ​ជា​និន្នា​ការ​ថ្មី​មួយ​ក្នុង​តំបន់​ និង​ពិភពលោក។

លោក​ថា​៖ «ប្រទេស​ កម្ពុជា​ ​ជា​ប្រទេស​មួយ​ដ៏តូច​ ហើយ​អាច​ដោះស្រាយ​វិវាទ​ទៅ​តាម​តែ​បទដ្ឋាន​អន្ដរជាតិ ដូច​ជាការ​ដោះស្រាយ​ផ្អែក​លើ​ច្បាប់ ការ​បើក​ចំហ​និង​ពហុភាព​និយម​ជាដើម»៕