សៀមរាបៈ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីចំនួន ១០ ទៀត កំពុងស្ថិតក្នុងបញ្ជីត្រៀម ដើម្បីដាក់ស្នើសុំទៅអង្គការយូណេស្កូចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ខណៈដែលក្រុមសិល្បៈករចំនួន ២៨០ នាក់ បានរួមគ្នាសម្ដែងល្ខោនខោលទ្រង់ទ្រាយធំមួយនៅខេត្តសៀមរាបកាលពីយប់មិញ ដើម្បីអបអរខួប ១ ឆ្នាំដែលអង្គការយូណេស្កូ (UNESCO) បានអនុម័តដាក់ល្ខោនខោលចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ម្សិលមិញថា ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏ធំមិនធ្លាប់មានដែលគេហៅថា ជារាត្រីចងចាំដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍នៅព្រលានជល់ដំរីក្នុងខេត្តសៀមរាបនេះគឺដើម្បីរំឭកឡើងវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិទាំងអស់ដែលត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូនាពេលកន្លងមក។
លោកបន្តថា នៅក្នុងរាត្រីចងចាំនេះ គឺគណៈអធិបតី ក្រុមសិល្បៈករ និងអ្នកចូលរួមទាំងអស់ធ្វើពិធីស្មិងស្មាធិ៍ប្រហែល ១ នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះរាជបុត្រី នរោត្តម បុប្ផាទេវី មុននឹងការចាប់ផ្ដើមសម្ដែងរបាំអប្សរា ការប្រគំវង់ភ្លេងចម្រុះដោយឧបករណ៍តន្ត្រីបុរាណ ការសម្ដែងចាប៉ីដងវែង និងចុងក្រោយគឺកម្មវិធីសម្ដែងល្ខោនខោលទ្រង់ទ្រាយធំដោយក្រុមសិល្បករ ២៨០ នាក់ ដែលដកស្រង់ចេញពីរឿងរាមកេរ្តិ៍។
លោកថា៖ «សៀមរាប គឺជាខេត្តបេតិកភណ្ឌពិភពលោកដែលគេគោរពបូជាដ៏ធំមួយ។ អ៊ីចឹងយើងជ្រើសរើសយកកន្លែងហ្នឹងសម្រាប់ធ្វើពិធីហ្នឹង។ កម្មវិធីធំជាងគេនៅទីលានជល់ដំរីខេត្តសៀមរាបហើយវត្តស្វាយអណ្ដែតនៅខេត្តកណ្ដាល...ក៏គេបានរៀបចំប្រារព្ធកម្មវិធីដែរ»។
លោកបន្ថែមថាគោលបំណងសំខាន់នៃការរៀបចំកម្មវិធីដែលដាក់ឈ្មោះថា រាត្រីចងចាំគឺមានន័យថា សម្បត្តិបេតិកភណ្ឌអរូបីរបស់ខ្មែរយើងដែលត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលទាំងប៉ុន្មានហ្នឹងគឺយើងរំឭកឡើងវិញដើម្បីឱ្យសាធារណជន និងយុវជនជំនាន់ក្រោយចងចាំដូចជារបាំព្រះរាជទ្រព្យ របាំអប្សរា ចាប៉ីដងវែង និងល្ខោនខោលជាដើមដែលបានចូលជាសម្បត្តិមនុស្សជាតិនៅក្នុងអង្គការយូណេស្កូ។
ក្រសួងវប្បធម៌ឲ្យដឹងថាបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិ គឺរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែចូលរួមថែរក្សាការពារ និងលើកតម្កើងតម្លៃវប្បធម៌បេតិកភណ្ឌវប្បធម៌ជាតិ។
កម្ពុជាមានសម្បត្តិ បេតិកភណ្ឌវប្បធម៌រូបីចំនួន ៣ គឺប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក រួមទាំងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៥ ដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងល្ខោនខោលវត្តស្វាយអណ្ដែតដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិកាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌បានលើកឡើងដែរថា កម្ពុជាកំពុងមានសម្បត្តិ-បេតិកភណ្ឌវប្បធម៌អរូបីចំនួន ៣ ទៀតដូចជានំបញ្ចុក ល្បុក្កតោ និងតម្បាញសូត្ររួមទាំងសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីចំនួន ៧ ទៀតដូចជារមណីយដ្ឋានភ្នំគូលែន ប្រាសាទបេងមាលា ប្រាសាទបន្ទាយឆ្មារ ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ នគរបូរីភ្នំដា បន្ទាយព្រៃនគរ និង រមណីយដ្ឋានភ្នំឧដុង្គ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីត្រៀមរួចហើយ ដើម្បីដាក់ទៅអង្គការយូណេស្កូនាពេលខាងមុខក្នុងការស្នើសុំទទួលស្គាល់ជាសម្បត្តិ បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិបន្ថែមទៀត។
លោក សុណ្ណារ៉ា ថា៖ «ទាំងអស់ហ្នឹងគឺសុទ្ធតែនៅក្នុងបញ្ជីត្រៀម ហើយបើតាមខ្ញុំដឹងគេកំពុងតែពិចារណាបញ្ចូលទៅក្នុងបញ្ជីត្រៀមមួយចំនួនទៀតដូចជា អំបុក និងទូកង»។
កម្ពុជា គឺជាព្រះរាជាណាចក្រមួយដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលផ្នែករូបីគឺមានរាប់ពាន់ដូចជាប្រាសាទ រមណីយដ្ឋានវត្តអារាម ផ្ទះបុរាណ រមណីយដ្ឋានប្រវត្តិសាស្ដ្រ ខណៈអតីតប្រាសាទបុរាណខ្មែររាប់រយទៀត ស្ថិតក្នុងប្រទេសជិតខាង។
ក្រៅពីនោះកម្ពុជានៅមានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀតដែលខ្លះអាយុកាលរាប់ពាន់ឆ្នាំ ដូចជាល្ខោនមានជាងម្ភៃទម្រង់ របាំអប្សរា តន្ត្រី និងចម្រៀងខ្មែរបុរាណ តន្ត្រីអារក្ស ភ្លេងការ របៀបសរសេរកំណាព្យ បែបបទស្មូត្រកំណាព្យ អក្សរសាស្ដ្រខ្មែរ ល្បែងរបាំប្រជាប្រិយប្រពៃណី និងការនិទានរឿងជាដើម។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាបបញ្ជាក់ទៀតថានៅក្នុងការប្រារព្ធរាត្រីចងចាំនៅខេត្តសៀមរាបនេះគឺបានបើកឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរីហើយក៏មានការរៀបចំម្ហូបអាហារខ្មែរមួយចំនួនសម្រាប់ទទួលអ្នកចូលរួមដែរ ដូចជានំបញ្ចុកជាដើម៕