ភ្នំពេញៈ កម្ពុជា និង​ថៃ រក្សា​ពន្លឿន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ចំនួន​ ៣ និង​បញ្ជូល​បន្ថែម​នូវ​វិស័យ​អាទិភាព​ចំនួន​ ៥ ​ទៀត​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ​បន្ទាប់​។ នេះ​បើតាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (DCD)​។

ការសម្រេច​លើ​កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ១៥ ស្ដីពី​កិច្ចសហប្រតិបត្ដិការ​បចេ្ចកទេស​កាលពី​ថ្ងៃទី​ ៣០ ខែ​ធ្នូ ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក អ៊ឹម សួរ អគ្គលេខាធិការរង​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ​លោកស្រី Pattarat Hongtong អគ្គនាយិកា​ទីភ្នាក់ងារ​សហប្រតិបត្តិការ អន្តរជាតិ​ថៃ​ហៅ​កាត់​ថា TICA​។

បើតាម CDC ភាគី​ទាំង​ ២ បាន​ពិភាក្សា និង​ឯកភាព​ការអនុវត្ត​គម្រោង​ដែលមាន​ស្រាប់​ចំនួន ៣ រួមមាន​ការសាងសង់​អគារ​ក្នុង​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា-ថៃ​ការសាងសង់​អគារ​កម្ពស់ ៣ ​ជាន់​សម្រាប់​ដេប៉ាតឺម៉ង់​ភាសា​ថៃ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ការសាងសង់​អគារ​ក្នុង​មណ្ឌល​សំចត និង​ទទួល​ជនរងគ្រោះ​ ដោយសារ​ការជួញដូរ​មនុស្ស​នៅ​ខេត្ត​បន្ទាយមានជ័យ​។

ភាគី​ទាំង​ ២ ក៏បាន​សម្រេច​បញ្ចូល​បន្ថែម​វិស័យ​អាទិភាព​ថ្មី​ចំនួន​ ៥ សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខ​រួមមាន ការអភិវឌ្ឍ​សេដ្ឋកិច្ច ការអភិវឌ្ឍ​សហគមន៍ និង​ជនបទ ការអភិវឌ្ឍ​សង្គម វិស័យ​បរិស្ថាន និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​។ ភាគី​ថៃ​បាន​ប្តេជ្ញា​បន្ត​ផ្តល់​អាហារូបករណ៍ និង​វគ្គបណ្តុះបណ្តាល​រយៈពេល​វែង និង​ខ្លី​សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដល់​កម្ពុជា​។

ក្រសួង​ការបរទេស​ថៃ​កាលពី​ថ្ងៃទី​ ៤ មករា ក៏​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែរ ដោយ​បញ្ជាក់​ថា ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ថៃ TICA បាន​យល់ព្រម​លើ​កិច្ចសហប្រតិបត្តិការ​ទាំង​ ៨ ​នេះ​ក្នុង​កម្មវិធី​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​ថៃ​ឆ្នាំ​ ២០២១ ដល់​ ២០២៣​។ ក្រសួងការបរទេស​ថៃ​ក៏បាន​បញ្ជាក់​ដែរ​ថា ភាគី​ទាំង​ ២ ​ក៏​បាន​ទទួលស្គាល់​នូវ​ការរីកចម្រើន​នៃ​ការអនុវត្ត​គម្រោង​សរុប​ចំនួន ​២០ ក្នុង​វិស័យ​ដែលមាន​ស្រាប់​ចំនួន​ ៣ រួមមាន​សុខភាព កសិកម្ម និង​អប់រំ​សម្រាប់​ឆ្នាំ​ ២០១៧ ដល់​ ២០២០​។

ក្រសួង​ការបរទេស​ថៃ​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​បានកត់សម្គាល់​ពី​ការពេញចិត្ត​លើ​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​លើ​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែល​ជា​ឆ្អឹងខ្នង​នៃ​កិច្ចសហប្រតិបត្តិការ​ថៃ-កម្ពុជា​»​។

ក្រសួង​ការបរទេស​ថៃ​បន្តថា​៖ «​ភាគី​ថៃ​ក៏​ចាប់អារម្មណ៍​ចែករំលែក​បទពិសោធ និង​ចំណេះដឹង​ក្នុង​ការលើកកម្ពស់​សន្តិសុខ និង​ភាពធន់​លើ​វិស័យ​សំខាន់ៗ​ចំនួន​ ៤ រួមមាន​សន្តិសុខ​សុខភាព សន្តិសុខ​ការងារ សន្តិសុខ​ចំណីអាហារ និង​សន្តិសុខ​ថាមពល​។ ចំណែក​កម្ពុជា​បង្ហាញ​ការកោតសរសើរ​ភាគី​ថៃ និង​ពេញចិត្ត​នឹង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​»​។

កិច្ចសហប្រតិបត្តិការ​ទាំងនេះ​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា និង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា​ជាពិសេស​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ប្រកបដោយ​ចីរភាព​នៅ​ខេត្តបន្ទាយមានជ័យ ការបង្កើត​មជ្ឈមណ្ឌល​លើកកម្ពស់​ភូមិ​ ១ ​ផលិតផល​ ១ ការគ្រប់គ្រង ការពារ និង​តាមដាន​ជំងឺឆ្លង​រួមមាន​ជំងឺ​ដែល​កំពុង​កើតឡើង និង​ជំងឺ​ដែល​កើត​ឡើងវិញ​។ នេះ​បើ​តាម​ក្រសួង​ការបរទេស​ថៃ​៕