ភ្នំពេញៈ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​​គ្រឿងញៀន​កម្ពុជា និង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ​បាន​សហការ​គ្នា​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ៣ ​ថ្ងៃ​ ស្តីពី​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ដល់​មន្ត្រី​ដែល​ត្រូវ​ទៅ​បម្រើការ​នៅ​មជ្ឈមណ្ឌល​ជាតិ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​គ្រោង​បើក​ដំណើរការ​នៅ​ខែវិច្ឆិកា​ឆ្នាំ​នេះ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​ ១១ សីហា បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី​ ១១ ដល់​ថ្ងៃទី​ ១៣ សីហា ដោយ​មាន​ការចែករំលែក​នូវ​បទពិសោធ​ផ្នែក​ច្បាប់ ទ្រឹស្តី និង​ការអនុវត្ត​ការងារ​ជាក់ស្តែង​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១១ សីហា​ ថា វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង ខណៈ​ដែល​កម្ពុជា​នឹង​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​នូវ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត​ដល់​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែកលើ​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ​នា​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ​ខាង​មុខ​ចំពេល​ខួប​ទី​ ៧០ ​ឆ្នាំ ​នៃ​ចំណង​សាមគ្គីភាព​មិត្តភាព​កម្ពុជា-ថៃ​។

លោក​ថា មន្ត្រី​ដែល​ទទួល​បាន​ការបណ្តុះបណ្តាល ហើយ​គ្រោង​ទៅ​បម្រើការ​នៅ​មជ្ឈមណ្ឌល​ជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​គឺមាន​ចំនួន​ ២០ ​រូប​ ដោយ​​ត្រូវអនុវត្ត​ការងារ​ជំហាន​ដំបូង​ក្នុង​ការគ្រប់គ្រង​មជ្ឈមណ្ឌល​ថ្មី​ដែល​អាច​ផ្ទុក​អ្នកញៀន​គ្រឿងញៀន​ជិត​ ៤០០ ​នាក់​។

ប៉ុន្តែ​ចំនួន​មន្ត្រី​នឹង​កើនឡើង​អាស្រ័យ​លើ​ទំហំ​ការងារ​នៅ​មណ្ឌល​នេះ​។

លោក​បញ្ជាក់ថា​៖ «​មណ្ឌល​នេះ​គឺ​ទទួល​អ្នកញៀន​ដែល​អាណាព្យាបាល​ខ្លះ គេ​ស្រឡាញ់​មណ្ឌល គេ​បញ្ជូន​ទៅ​មណ្ឌល​ទៅ ព្រោះ​ចង់​ឲ្យ​នៅ​រយៈពេល​វែង​។ អ្នកខ្លះ គេ​មិន​ស្រឡាញ់​កន្លែងហ្នឹង គេ​យក​ទៅ​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព អនុវត្តតាម​គ្រូពេទ្យ​បាន​ក៏​គេ​យក​ទៅ​ហ្នឹង​ទៅ ព្រោះ​អ្នកញៀន​ថ្នាំញៀន​ពិបាក​គ្រប់គ្រង​ណាស់​។

មជ្ឈមណ្ឌល​ជាតិ គឺជា​កន្លែង​ដែល​ផ្តល់​ការព្យាបាល​បាន​ត្រឹមត្រូវ ហើយ​មាន​សមត្ថភាព​ក្នុង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែម​»​។

លោក មាស វិរិទ្ធ បាន​លើកឡើង​ដែរ​​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក៏​បន្ត​ជំរុញ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី ខេត្ត​ឲ្យ​ពង្រឹង និង​បង្កើត​ការព្យាបាល អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែកលើ​សហគមន៍​នៅតាម​ឃុំ-សង្កាត់ ដើម្បី​គាំទ្រ​ឲ្យ​អ្នក​ប្រើប្រាស់ និង​អ្នកញៀន​គ្រឿងញៀន ងាយស្រួល​ទទួល​សេវា​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ចំនួន​ ៤៥០ ​កន្លែង​។ ​ក្នុង​នោះ​ក៏​បន្ត​លើក​កម្ពស់​ការថែទាំ​នៅតាម​សហគមន៍​ដោយ​រៀបចំ​ទិន្នន័យ​អ្នកប្រើប្រាស់ និង​អ្នកញៀន​គ្រឿងញៀន​ឲ្យ​ស៊ីចង្វាក់​គ្នា​រវាង​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​ស្ថាប័ន​ផ្តល់​សេវា​សុខភាព​សាធារណៈ​ផងដែរ​។

លោក​បន្ថែមថា​៖ «​សម្រាប់​ទិន្នន័យ​ដែល​យើង​មាន អ្នកញៀន​ដែល​ទទួល​បាន​ការ​ព្យាបាល ឬ​ស្តារនីតិសម្បទា​គឺ​​មិន​ទាន់​ច្បាស់លាស់​ទេ ព្រោះ​វា​អាច​ត្រួតគ្នា ឬ​ដោយ​ឡែក​ពីគ្នា​។ យើង​រៀបចំ​មជ្ឈមណ្ឌល​នេះ​គឺ​យើង​រៀបចំ​ទាំង​ការគ្រប់គ្រង​ទិន្នន័យ​ដើម្បី​ឲ្យ​មាន​ការកត់ត្រា​បាន​ឲ្យ​ត្រឹមត្រូវ កុំ​ឲ្យ​មាន​ការត្រួតគ្នា ហើយ​នៅពេល​គាត់​ចេញ​ពី​មណ្ឌល​ទៅ ហើយ​ត្រឡប់​មក​វិញ​គឺជា​ករណី​លាប់​ឡើងវិញ​ទេ​»​។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ១១ សីហា​ ថា នេះ​ជា​រឿង​ល្អ ដែល​មន្ត្រី​បម្រើការ​នៅតាម​មណ្ឌលព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​បាន​ទទួល​វគ្គបណ្តុះបណ្តាល​ទាំង​ផ្នែក​ទ្រឹស្តី​ច្បាប់ និង​ការអនុវត្ត​។ ​លោក​បន្តថា មន្ត្រី​ដែល​បម្រើការ​​នៅ​តាម​មណ្ឌល​ទាំងនេះ គឺ​ទាមទារ​ការអប់រំ​ចិត្ត​ខ្ពស់ ព្រោះ​អ្នក​ញៀន​គ្រឿងញៀន​ពិបាក​ក្នុង​ការគ្រប់គ្រង​។

លោក​បន្តថា​៖ «​ក្នុង​លក្ខណៈ​បច្ចេកទេស​នេះ​គឺ​អ្នកប្រើប្រាស់​គ្រឿងញៀន​នេះ គឺ​មិន​ងាយ​ក្នុង​ការព្យាបាល​ជាផ្តាច់​ទេ ហើយ​ច្រើនតែ​លាប់​មកវិញ​ព្រោះតែ​អាណាព្យាបាល​ភាគច្រើន​មិន​សហការ​ជាមួយ​មណ្ឌល​។ យកមក​ដាក់​ហើយ មិន​គោរព​តាម​នោះទេ ដូចជា​គាត់​ត្រូវ​សម្រាក​ព្យាបាល ហូបថ្នាំ ៦ ​ខែ ទៅ​ ១ ​ឆ្នាំ ឯណោះ​ទើប​បាន​ជា តែ​យក​កូន​របស់​ពួកគាត់​មក​ដាក់​នៅ​មណ្ឌល មិន​បាន​ ៣ ​ខែ​ស្រួលបួល​ផង ក៏​យក​ទៅ​វិញ​»​។

បើ​តាម​លោកស្រី ជ័យ បុប្ផា អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កម្ពុជា​តែង​ប្រកាន់ខ្ជាប់​ខ្ជួន​នូវ​វិធានការ​បង្ការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ​ ១៩ នៅក្នុង​មជ្ឈមណ្ឌល​បណ្តោះអាសន្ន​នានា​។ លោកស្រី បន្តថា​ក្នុង​រយៈពេល​ ៦ ​ខែ​ ដើម​ឆ្នាំ​ ២០២០ កម្ពុជា​គ្រប់គ្រង​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ១២ ៩៤២ ​នាក់​។

លោកស្រី​បញ្ជាក់ថា​៖ «​អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​គ្រឿងញៀន និង​ធ្វើ​សមាហរណកម្ម​ចេញពី​មណ្ឌល​មាន​ចំនួន ៤ ៨៣៩ ​នាក់​។ អ្នកញៀន​គ្រឿងញៀន​ដែល​បន្ត​ធ្វើការ​បន្សាប​ព្យាបាល​នៅតាម​មណ្ឌល​បណ្តោះអាសន្ន មាន​ចំនួន ៤ ០៦៣ ​នាក់​។ អ្នកញៀន​គ្រឿងញៀន​ដែល​បានមក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​ក្នុង​រាជធានី-ខេត្ត​មាន​ចំនួន ៣ ៣៨២ ​នាក់​»៕