
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតកាណាដាប្រចាំនៅកម្ពុជា និងតំណាងក្រសួងយុត្តិធម៌ប្រទេសកាណាដា តាមប្រព័ន្ធអនឡាញ កាលពីម្សិលមិញ។ រូបថត ក្រសួងយុត្តិធម៌
ភ្នំពេញ៖ ក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌កាណាដា បាននិងកំពុងពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យច្បាប់ និងយុត្តិធម៌ ខណៈបច្ចុប្បន្នភាគីទាំង ២ មិនទាន់មានកិច្ចសហប្រតិបត្តិការណាមួយជាផ្លូវការនៅឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែមេសានេះថា កន្លងមកនេះក្រសួងយុត្តិធម៌របស់កម្ពុជា មិនដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាណាដា លើវិស័យច្បាប់នោះទេ។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២១ នេះ រដ្ឋាភិបាលកាណាដាតាមរយៈក្រសួងការបរទេសរបស់ខ្លួន បានជូនដំណឹងមកកម្ពុជាក្នុងគោលបំណងរឹតបន្តឹងទំនាក់ទំនងជាមួយកម្ពុជាឲ្យកាន់តែរឹងមាំ និងច្រើនជាងមុន។
លោក ជិន ម៉ាលីន បញ្ជាក់ថា ក្នុងកិច្ចទំនាក់ទំនងនេះ មានវិស័យច្រើនដើម្បីជួយដល់កម្ពុជា។ ប៉ុន្តែក្នុងនោះក៏មានវិស័យច្បាប់ និងយុត្តិធម៌ផងដែរ។ ក្រសួងយុត្តិធម៌បានទាក់ទងជាមួយស្ថានទូតកាណាដានៅកម្ពុជា បានជជែកគ្នាជាច្រើនពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ ហើយក៏បានព្រមព្រៀងជាមួយគ្នាលើវិស័យមួយចំនួនដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។
លោក ម៉ាលីន ថ្លែងថា៖ «ដូច្នេះខ្ញុំក៏បានដឹកនាំក្រុមការងាររបស់ក្រសួង ដើម្បីពិភាក្សាបន្ថែមជាមួយក្រុមការងារស្ថានទូតកាណាដា និងក្រុមការងារក្រសួងយុត្តិធម៌កាណាដា កាលពីយប់មិញនេះ ដើម្បីពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាននៅពេលខាងមុខហ្នឹង»។
បើតាមលោក ជិន ម៉ាលីន ក្រុមការងារក្រសួងយុត្តិធម៌កម្ពុជា តំណាងស្ថានទូតកាណាដាប្រចាំកម្ពុជា និងតំណាងក្រសួងយុត្តិធម៌ប្រទេសកាណាដា បានបើកកិច្ចពិភាក្សាកាលពីយប់ម្សិលមិញ តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យច្បាប់ និងយុត្តិធម៌ រួមមានការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ការពង្រឹងសមត្ថភាពមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីនៅតាមសាលាជម្រះក្តី ការពង្រឹងស្ថាប័នបណ្តុះបណ្តាល និងស្រាវជ្រាវក្នុងវិស័យច្បាប់និងយុត្តិធម៌ និងការធ្វើទំនើបកម្មរដ្ឋបាលតុលាការ។
លោក ជិន ម៉ាលីន បន្តថា ក្រុមការងារ នឹងធ្វើការងារជាមួយគ្នាជាបន្តទៀត ដើម្បីពិភាក្សា និងផ្លាស់ប្តូរនូវឯកសារទៅវិញទៅមក ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗខាងមុខនេះ៕