ភ្នំពេញៈ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង​​ និង​នាយសេនាធិការ​ចម្រុះ​នៃកងយោធពល​ខេមរភូមិន្ទ​កាលពី​ម្សិលមិញ​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ប្រចាំ​ភាគខាងត្បូង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ពិសេស ចាង យ័ន សុង ចូលជួប​ពិភាក្សា​ពី​ការរៀបចំ​ធ្វើ​សមយុទ្ធ​នាគមាស​សម្រាប់​ឆ្នាំ ​២០២០ ខាងមុខ​។

ក្នុង​ជំនួប​នោះ​លោក​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែល​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សមយុទ្ធ​នាគមាស​ឆ្នាំ​ ២០២០ ​កម្ពុជា-ចិន​ផង​នោះ​ បាន​ប្រាប់​ទៅ​ភាគី​ក្រុមការងារ​រៀបចំ​សមយុទ្ធ​នាគមាស​ឆ្នាំ​ ២០២០ របស់​ភាគី​កងទ័ព​ចិន​ថា​៖ «​ជាការ​ល្អ​គួរ​ជ្រើសរើស​យក​ទីលាន​បាញ់​គ្រាប់​ពិត​តេជោ​សែន​ក្នុង​ស្រុក​ជុំគិរី​ខេត្ត​កំពត​របស់​កងពលតូច​លេខ​ ៧០ ដូចដែល​យើង​បាន​រួម​គ្នា​ធ្វើ​ពី​ឆ្នាំមុនៗ​ព្រោះ​ទីតាំង​នោះ​មាន​ទីលាន​ស្រាប់​ និង​កន្លែង​ស្នាក់នៅ​ស្រាប់​»​។

លោកនាយ​ឧត្តមសេនីយ៍​បាន​បន្តថា​៖ «​ដោយឡែក​ទីលាន​ថ្មី​របស់​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​លេខ​ ៩១១ ដែល​ក្រុមការងារ​ជំនាញ​ទាំង​ ២ ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​នោះ យើង​នឹង​រួមគ្នា​បន្ត​សិក្សា​ស្រាវជ្រាវ និង​កសាង​ទីតាំង​ថ្មី​នោះ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​ទៀត ព្រោះ​ទីតាំង​ថ្មី​នេះ​ក៏​ពុំទាន់​បាន​កសាង​អ្វី​នៅឡើយ​ទេ​»​។

នាឱកាស​នោះ​ដែរ​លោក​វរសេនីយ៍ឯក​ពិសេស ចាង យ័នសុង បាន​ថ្លែង​អំណរគុណ​ចំពោះ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុង​ការអនុញ្ញាត​ឱ្យ​​ក្រុមការងារ​របស់​លោក​បាន​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​អំពី​របៀប​រៀបចំ​នៃ​សមយុទ្ធ​នាគមាស​សម្រាប់​ឆ្នាំ​ ២០២០ ​ខាងមុខ​នេះ​ដើម្បី​ឱ្យ​មាន​ភាពរលូន និង​ទទួល​បាន​ជោគជ័យ​ដូច​បណ្ដា​ឆ្នាំ​កន្លងទៅ​។

លោក​ ចាង បាន​បន្តថា​ក្នុង​ពេល​ស្នាក់នៅ​ និង​ធ្វើ​ទស្សនកិច្ច​សិក្សា​នេះ ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ពី​ភាគី​កម្ពុជា ក្រុមការងារ​ត្រូវ​ចុះទៅ​សិក្សា​ឱ្យ​កាន់តែ​ច្បាស់លាស់​ថែម​ទៀត​​នៅ​ទីតាំង​ធ្លាប់ធ្វើ​សមយុទ្ធ​នាគមាស​នៅ​ឆ្នាំ​ ២០១៩ ​នេះ​ដែល​កងទ័ព​នៃ​ប្រទេស​ទាំង​ ២ ​ធ្លាប់​បានធ្វើ​ម្ដង​រួចមកហើយ​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​បន្ត​ប្រជុំ​រួម​ពិភាក្សា​គ្នា​នា​ថ្ងៃនេះ​បន្ថែម​ទៀត​រវាង​ក្រុមការងារ​ទាំង​ ២ ​ភាគី​ដើម្បី​កំណត់​ទីតាំង​ឲ្យ​ជាក់លាក់​ដែល​ត្រូវធ្វើ​សមយុទ្ធ​រួមគ្នា​​រវាង​កងទ័ព​ចិន​ជាមួយ​នឹង​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២០ ​ខាងមុខ​»​។

លោកនាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏​បាន​លើកឡើង​ដែរ​ថា កន្លង​មក​កងទ័ព​កម្ពុជា និង​ចិន​ធ្លាប់​បាន​ហ្វឹកហ្វឺន​រួមគ្នា​រហូត​ឈាន​ដល់​ការធ្វើ​សមយុទ្ធ​រួមមួយ​ដើម្បី​លើកកម្ពស់​សមត្ថភាព​ជំនាញ​ប្រយុទ្ធ​បម្រើឱ្យ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម និង​មនុស្សធម៌​ដែល​គិត​មកទល់​ឆ្នាំ​ ២០២០ ​ខាងមុខ​នេះ​មាន​ចំនួន​ ៤ ​លើក​ដោយ​ធ្លាប់​សម្រេច​បាន​ជោគជ័យ និង​បទពិសោធ​ល្អៗ​ពី​គ្នា​ទៅវិញ​ទៅមក​។

លោក​ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​​បាន​ថ្លែងថា សមយុទ្ធ​នាគមាស​សម្រាប់​ឆ្នាំ​ ២០២០ អាច​ធ្វើ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​សាលា​ហ្វឹកហ្វឺន​តេជោសែន​ជុំគិរី​ក្នុង​ខែមីនា​ដោយ​មាន​កងទ័ព​ចិន​ចូលរួម​ជាង​ ២០០ ​នាក់ និង​កងទ័ព​កម្ពុជា​ជាង ២ ០០០ ​នាក់​។

លោក​បាន​បន្តថា​វិញ្ញាសា​អាច​ផ្តោត​សំខាន់​លើ​ការប្រឆាំង​ភេរវកម្ម ការរំដោះ​ចំណាប់ខ្មាំង ការសង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ ការបំពេញភារកិច្ច​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ និង​វិស្វកម្ម​ជាដើម ។

លោក​ថា​៖ «​យើង​អាច​ធ្វើ​សមយុទ្ធ​នាគមាស​សម្រាប់​ឆ្នាំ​ ២០២០ ​នៅ​ចន្លោះ​ខែមីនា ហើយ​កម្លាំង​​ចូលរួម​ក៏​មិន​មាន​អ្វី​ប្រែប្រួល​ខ្លាំង​ដែរ​ គឺ​ខាង​កម្ពុជា​មាន​ជាង​ ២ ០០០ ហើយ​ខាង​ចិន​មាន​ជាង​​ ២០០ ​នាក់ ហើយ​សម្ភារ​ហ្វឹកហ្វឺន​ហ្នឹង​មាន​រថពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើងត្បាល់​ និង​ឧទ្ធម្ភាគចក្រ អាវុធ​គាំទ្រ​ពី​អាកាស​»​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីតគណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន បាន​ស្វាគមន៍​សមយុទ្ធ​នាគមាស​ឆ្នាំ​ ២០២០ ខាងមុខ​ដោយ​លោក​ថា​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ ២​។

ម្យ៉ាង​កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ដោយសារ​អាមេរិក​​នឹង​ចាប់ផ្តើម​យកចិត្ត​ទុកដាក់ ព្រោះ​ខ្លួន​មិន​ចង់​បាត់បង់​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​មិន​មាន​អ្វី​ប្លែក​ទេ ការធ្វើ​សមយុទ្ធ​ជាមួយ​ចិន​ក៏ដូចជា​មួយ​អាមេរិក​។

ចិន​ចង់បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។ ​យើង​ឃើញថា​ក្រសួង​ការពារ​ជាតិ​យើង​ទើប​ទទួល​ជំនួយ​ពី​ក្រសួង​ការពារ​ជាតិ​​ចិន​ថ្មីៗ​នេះ​។ ពេល​យើង​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​ធ្វើឲ្យ​អាមេរិក​កាន់តែ​យកចិត្ត​ទុកដាក់​»​។

ទន្ទឹម​នឹង​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ២១-២២ ខែ​តុលា​បាន​ទៅ​ចូលរួម​ក្នុង​វេទិកា​ស៊ាងសាន​លើក​ទី​​ ៩ ​នៅ​ទីក្រុង​ប៉េកាំង​ដោយ​បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​អន្តរជាតិ​។

តាមរយៈ​វេទិកា​លោក ទៀ បាញ់ បាន​ថ្លែងថា គេ​ច្រើន​មើល​រំលង​ពី​ប្រយោជន៍ និង​សំណូមពរ​របស់​ប្រទេស​តូច និង​មធ្យម ហើយ​យ៉ាង​ច្រើន​គេ​បាន​ត្រឹម​តែ​បង្ហាញ​ការអាណិត​ចំពោះ​ប្រទេស​តូច និង​មធ្យម​ប៉ុណ្ណោះ​។

ប៉ុន្តែ​ជាទូទៅ​ប្រទេស​តូច​ និង​មធ្យម​ត្រូវគេ​បង្ខំ​ឱ្យ​លះបង់​ប្រយោជន៍​ជាតិ​ខ្លួន​ដើម្បី​បុព្វហេតុ​សន្តិភាព​រវាង​ប្រទេស​មហាអំណាច​។

លោក​បញ្ជាក់ថា​៖ «​ផ្អែក​តាម​ប្រវត្តិសាស្ត្រ យើង​បានដឹង​ហើយ​ថា​ពេល​ប្រទេស​មហាអំណាច​មាន​ទំនាស់​គ្នា ប្រទេស​តូច​ និង​មធ្យម​ត្រូវ​បាន​គេ​ចាប់បង្ខំ​ឱ្យ​ជ្រើសរើស​ភាគី​ជម្លោះ​ណាមួយ ឬ​ពេល​ខ្លះ​​ទៀត គឺ​មហាអំណាច​ជា​អ្នកកំណត់​ជំនួស​តែម្តង ហើយ​នៅពេល​ប្រទេស​មហាអំណាច​ត្រូវ​គ្នា ប្រទេស​តូច​ និង​មធ្យម​បែរជា​ក្លាយ​ទៅ​ជា​របស់​សម្រាប់​ប្រទេស​មហាអំណាច​ដោះដូរ​គ្នា​ទៅវិញ​»​។

លោក​បន្តថា គ្មាន​ប្រទេស​ណា​ដែល​អាច​រស់នៅ​ម្នាក់ឯង​ដោយ​គ្មាន​ការទាក់ទង​ជាមួយ​ពិភពលោក​នោះទេ ពីព្រោះ​ការរស់នៅ​បែប​នេះ​ជា​ការលំបាក​ណាស់​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​ដែល​យើង​បើកចំហ​ទៅកាន់​ពិភពលោក យើង​ច្បាស់​​ជា​នឹងត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្នា​​ហើយ​រង​នូវ​ឥទ្ធិពល​ពី​ទង្វើ​នៃ​ប្រទេស​ដទៃ​គ្រាន់តែ​តិច​ ឬ​ច្រើន​ប៉ុណ្ណោះ​»៕