ភ្នំពេញ: ក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃបានសហការជាមួយការិយាល័យសេដ្ឋកិច្ច និងត្រួតពិនិត្យការនាំចេញ (BAFA) នៃប្រទេសអាល្លឺម៉ង់ និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានរៀបចំបើកសិក្ខាសាលាអំពីគម្រោងផ្សព្វផ្សាយសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ (ATT) លើកទី ៣ ដើម្បីត្រួតពិនិត្យឡើងវិញនូវបញ្ហានៃការរីកសាយភាយអាវុធខុសច្បាប់នៅក្នុងតំបន់អាស៊ាន និងពិភពលោក។
កម្មវិធីនេះមានការចូលរួមពីលោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខ័ណ្ឌអាស៊ានលោកស្រី Camilla Lambard អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក Sascha Reebs លេខាទូតទី ១ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។
សិក្ខាសាលានេះក៏មានការចូលរួមពីវាគ្មិនជំនាញ និងអ្នកឯកទេសមកពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប និងវាគ្មិនកម្ពុជាមកពីក្រសួងការពារជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិរួមទាំងអ្នកតំណាងមកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូបដែលធ្វើឡើងរយៈពេល ២ ថ្ងៃគឺនៅថ្ងៃទី ២៦ និង ២៧ ខែកុម្ភៈ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា។
លោក មៀច សុផាន់ណា បានថ្លែងថា គ្រប់អាវុធដែលត្រូវបានផលិតទាំងអស់សុទ្ធតែធ្វើឲ្យអន្តរាយដល់រាងកាយ និងអាយុជីវិត ហើយមានជនប្រដាប់អាវុធជាច្រើននៅលើពិភពលោកបានប្រើប្រាស់បង្កជាជម្លោះ និងបានធ្វើឲ្យមនុស្សរាប់លាននាក់រងរបួស ខ្លះពិការ ខ្លះស្លាប់ បង្កឲ្យមានស្ត្រីមេម៉ាយ ក្មេងកំព្រា ជនភៀសខ្លួន ភាពអត់ឃ្លាន និងគ្មានផ្ទះសម្បែង។
លោកបន្តថា សន្ធិសញ្ញាពាណិជ្ជកម្មអាវុធគឺបានបង្ហាញពីឱកាសសម្រាប់សមាជិកសហគមន៍អាស៊ាន ដើម្បីឆ្លុះបញ្ចាំងពីការតាំងចិត្តរួមគ្នា ការផ្សារភ្ជាប់គ្នាទៅវិញទៅមករវាងការអភិវឌ្ឍ និងសន្តិសុខជាតិ និងដើម្បីបង្កើតកាតព្វកិច្ចដែលប្រឆាំងការផ្ទេរអាវុធដែលអាចបំផ្លាញដល់សន្តិសុខស៊ីវិល និងសន្តិសុខមនុស្សធម៌នៅក្នុងតំបន់។
លោក Benjamin Knoedler អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញកម្មវិធីនេះបានទេ។
លោក មៀច សុផាន់ណា បានថ្លែងថានៅពេលនេះប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតអាវុធទេ ហើយក៏មិនមែនជាអ្នកជួញដូរអាវុធដែរ តែជាប្រទេសដែលរងគ្រោះដោយសារអាវុធ។ ជាក់ស្តែងសន្តិភាពដែលបានវិលត្រឡប់មកកម្ពុជាវិញទាំងស្រុងវិញ គឺក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ។ ជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃនៅកម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ ក្រោមការគាំទ្រកម្មវិធីប្រមូល និងបំផ្លាញអាវុធរបស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងជប៉ុន។
តាមគេហទំព័រក្រសួងមហាផ្ទៃបង្ហាញពីម្សិលមិញឲ្យដឹងថា កន្លងមកការិយាល័យសេដ្ឋកិច្ច និងត្រួតពិនិត្យការនាំចេញ (BAFA) នៃប្រទេសអាល្លឺម៉ង់បានសហការជាមួយក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខ័ណ្ឌអាស៊ាន បានរៀបចំសិក្ខាសាលាចំនួន ២ លើកមកហើយ ដើម្បីសិក្សាពីការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពនៃបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្មអាវុធនៅក្នុងច្បាប់ជាតិ និងការអនុវត្តជាសកល ហើយបញ្ហានៃការជួញដូរអាវុធខុសច្បាប់សព្វថ្ងៃនេះ គឺជាបញ្ហាប្រឈមកំពុងជួបប្រទះទាំងក្នុងតំបន់ និងជាសកល។
កម្ពុជា គឺជាប្រទេសហត្ថលេខីលើសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ (ATT) រួចហើយចាប់តាំងពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៣ តាមរយៈអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ប៉ុន្តែនៅមិនទាន់បានបំពេញបែបបទសព្វគ្រប់សម្រាប់ផ្តល់សច្ចាប័ននៅឡើយ។ ដូច្នេះលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមការងារក្រសួងមហាផ្ទៃសហការរៀបចំសិក្ខាសាលានេះ ដើម្បីបន្តកិច្ចការងារនេះ៕