ភ្នំពេញៈ រាជរដ្ឋាភិបាល​ជប៉ុន អង្គការ​យូអិនឌីភី ក្រសួងមហាផ្ទៃ​ និង​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ចាប់ផ្ដើម​អនុវត្ត​គម្រោង​មួយ​ឈ្មោះថា «​ការកសាង​សមត្ថភាព​សម្រាប់​ការចូលរួម​របស់​ពលរដ្ឋ ការកសាង​សន្តិភាព និង​កិច្ចសន្ទនា​ប្រកប​ដោយ​បរិយាប័ន្ន​៖ ដំណើរ​ឆ្ពោះ​ទៅ​កាន់​អភិបាលកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន និង​ការចូលរួម​»​។

គម្រោង​នេះ​ត្រូវបាន​ផ្ដួចផ្ដើម​ឡើង​កាលពី​ខែ​មីនា ប៉ុន្តែ​ត្រូវបាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៣ ​ធ្នូ ដែល​នឹងមាន​រយៈពេល​អនុវត្ត​សរុប​ ៤ ​ឆ្នាំ​។ គម្រោង​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​បរិកាស​មួយ​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​កិច្ចសន្ទនា​ប្រកប​ដោយ​បរិយាប័ន្ន និង​មាន​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​។ យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៣ ​ធ្នូ​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​មូលនិធិ​ចំនួន ២,១៦ លាន​ដុល្លារ ​សម្រាប់​ដំណើរការ​គម្រោង​នេះ​។ ក្រសួងមហាផ្ទៃ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ការអនុវត្ត​គម្រោង​នេះ និង​ប្ដេជ្ញា​ធ្វើឱ្យ​មាន​ការចូលរួម​ និង​កិច្ចសន្ទនា​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការធ្វើឱ្យ​ការចូលរួម និង​កិច្ចសន្ទនា​ប្រកប​ដោយ​ការចូលរួម និង​មានមតិ​ចម្រុះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរថា​៖ «​ដើម្បី​ស្ដារ​ឡើង​វិញ​ឱ្យ​ល្អ​ជាង​មុន វា​ត្រូវការ​កិច្ចសន្យា​សង្គម​ថ្មី​មួយ​ដែល​ទាញយក​ប្រយោជន៍​ពី​មតិយោបល់​ផ្សេងៗ​គ្នា និង​មាន​គំនិត​របស់​ស្ត្រី បុរស យុវជន ក្រុម​ភាគតិច ជាពិសេស​អ្នក​ដែល​ត្រូវបាន​គេ​ទុកចោល​»​។

នៅ​ឆ្នាំ​ ២០២១ គម្រោង​នេះ​នឹង​សម្របសម្រួល​ការសន្ទនា​សំខាន់ៗ​ជាច្រើន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​រវាង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ប្រទេស​។ ជាពិសេស​គម្រោង​នេះ​នឹង​រៀបចំ​វេទិកា​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​នៅ​ភ្នំពេញ ខេត្ត​កំពង់ចាម សៀមរាប រតនគិរី និង​កំពត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ការសម្របសម្រួល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ប្រកប​ដោយ​អត្ថន័យ ដោយមាន​ការយល់ព្រម​គ្នា​លើ​រចនាសម្ព័ន្ធ គោលនយោបាយ ដំណើរការ ដើម្បី​បង្កើត​បាន​ជា​ផែនការ​សកម្មភាព ការអនុវត្ត និង​ការត្រួត​ពិនិត្យ ជាក់លាក់ ផ្អែកលើ​តម្រូវការ​ដែល​បានកំណត់​»​។

លោក ប៊ុន ហុន រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «​ភាព​ជា​ដៃគូ​គឺជា​តម្រូវការ​មួយ​ក្នុង​ការចូលរួម​អភិវឌ្ឍ​កម្ពុជា​ដើម្បីឱ្យ​មាន​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព​។ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ធ្វើការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អ្នកពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​សម្រេច​បាន​ផែនការ​យុទ្ធសាស្ត្រ និង​គោលដៅ​អភិវឌ្ឍន៍​»​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក ម៉ូតិគិ តូស៊ីមិសុ (Motegi Toshimitsu) បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែ​សីហា​ដោយ​ពេល​នោះ​លោក​បាន​ថ្លែងថា ជប៉ុន​នឹង​បន្ត​គាំទ្រ​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក មិកាមិ បាន​ថ្លែង​ដូច្នេះ​ថា​៖ «​នេះ​សបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​ជប៉ុន ក្នុង​ការ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​នានា​លើ​វិស័យនេះ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​។ យើង​តែងតែ​សង្ឃឹមថា ប្រជាជន​កម្ពុជា​ទាំងអស់​មាន​ការរួបរួម​គ្នា​ដើម្បី​អភិវឌ្ឍ​ជាតិ តាមរយៈ​ដំណើរការ​តាមបែប​ប្រជាធិបតេយ្យ និង​ជឿ​ថា វា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ជួយ​ជំរុញ​ដល់​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​»​។

លោក និក បែរេសហ្វ៉ត (Nick Beresford) តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​យូអិនឌីភី បាន​ថ្លែងថា ប្រទេស​នេះ​ត្រូវការ​ស្ដារ​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​បន្ទាប់ពី​ជំងឺ​កូវីដ​ ១៩​។ ការចូលរួម​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​បរិយាប័ន្ន​ដែល​ទាញយក​ប្រយោជន៍​ពី​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា​កាន់តែ​មាន​សារៈសំខាន់​ជាង​មុន​។ យូអិនឌីភី គាំទ្រ​ដល់​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក្នុង​ការរៀបចំ​ឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​អត្ថន័យ ដោយ​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​ដែល​សំឡេង​របស់​ពួកគាត់​មិន​ត្រូវបាន​គេ​ឮ​នាពេល​បច្ចុប្បន្ន​។

លោក រស់ សុដ្ឋា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៦ ​ធ្នូ​ ថា សំឡេង​សង្គម​ស៊ីវិល​នាពេល​បច្ចុប្បន្ននេះ​ខ្សោយ​ខ្លាំង​ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​មិនសូវ​យកទៅ​ពិចារណា​។ មូលហេតុ​គឺ​ដោយសារ​តែ​មិនមាន​យន្តការ​មួយ​ដែល​ធានាថា សំឡេង​របស់​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​យក​។

លោក រស់ សុដ្ឋា បាន​ថ្លែង​ឱ្យដឹង​ទៀត​ថា គម្រោង​នេះ​​គឺ​នឹង​មក​បំពេញ​ចន្លោះ​ប្រហោង​នេះ​។

ទោះយ៉ាងណា​អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា គម្រោង​អភិបាលកិច្ច​ល្អ​ប្រហាក់ប្រហែល​គ្នា​ដែល​មាន​ពីមុន​ហាក់​ដូចជា​មិនបាន​ជោគជ័យ​ប៉ុន្មាន​ទេ​។ វា​ក៏​ជា​ចម្ងល់​ថា​តើ​គម្រោង​នេះ​នឹង​មាន​ភាពជោគជ័យ​ប៉ុនណា​។

លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ដូច្នេះ​ថា​៖ «​គោលបំណង​នេះ​អាច​នឹងត្រូវ​សម្រេចបាន​ប្រសិនបើ​ម្ចាស់ជំនួយ​ផ្ដល់​ជំនួយ​ដល់​គម្រោង​នានា​ដែល​កសាង​ស្ថាប័ន​នានា​ឱ្យ​ក្លាយជា​ស្ថាប័ន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ ផ្ដល់​សេវា​សង្គម​ប្រកប​ដោយ​ផ្លែផ្កា និង​ស្មោះត្រង់​ធ្វើឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​រដ្ឋសភា និង​មាន​នីតិរដ្ឋ រួមទាំង​ធ្វើឱ្យ​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​»៕