ភ្នំពេញៈ ទំហំ​ហិរញ្ញប្បទាន កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​សម្រាប់​រយៈពេល​ ៧ ​ឆ្នាំ​នឹង​មាន​ទឹកប្រាក់​ប្រមាណ ៥០០ លាន​ដុល្លារ ហើយ​មន្ត្រី​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រំពឹង​ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​នឹង​កាន់តែ​ល្អប្រសើរ​។

ការលើកឡើង​ពី​ក្ដី​រំពឹង​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាមួយ​លោកស្រី ខាមិន ម៉ូរិណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ៣ ខែមីនា​។

ជំនួប​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​អំពី​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​រវាង​ភាគី​ទាំង​ ២ សម្រាប់​រយៈពេល ៧ ​ឆ្នាំ​ពី​ឆ្នាំ​ ២០២១ ​ដល់​ ២០២៧​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទំហំ​ហិរញ្ញប្បទាន កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​សម្រាប់​រយៈពេល​ ៧ ឆ្នាំ​នៅ​កម្ពុជា​នឹងមាន​ទំហំ​ប្រហាក់ប្រហែល​ទំហំ​ហិរញ្ញប្បទាន​ឆ្នាំ​ ២០១៤-២០២០ ដែល​ពេលនោះ​មាន​ទំហំ ៤១០ ​លាន​អឺរ៉ូ ឬ​ប្រមាណ​ជិត ៥០០ ​លាន​ដុល្លារ​។

លោក យ៉ាណារ៉ា បាន​ថ្លែងថា ការអនុវត្ត​យុទ្ធសាស្ត្រ​រួម​របស់​សហភាព​អឺរ៉ុប​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ឆ្នាំ​ ២០១៤ និង​ ២០២០ និង​កម្មវិធី​ណែនាំ​ពហុឆ្នាំ​របស់​សហភាព​អឺរ៉ុប​ឆ្នាំ ២០១៤-២០២០ បាន​ពង្រឹង​ភាពជា​ដៃគូ និង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព និង​បរិយាប័ន្ន​នៅ​កម្ពុជា​។

លោកស្រី ខាមិន ម៉ូរិណូ ថ្លែងថា សេចក្ដីព្រាង​បឋម​នៃ​យុទ្ធសាស្ត្រ​រួម​របស់​សហភាព​អឺរ៉ុប​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា ឆ្នាំ​ ២០២១-២០២៧ និង​កម្មវិធី​ណែនាំ​ពហុឆ្នាំ​របស់​សហភាព​អឺរ៉ុប​ ២០២១-២០២៧ ត្រូវ​បានរៀបចំ​រួចរាល់ ហើយ​ត្រៀម​ដាក់​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល ក្នុង​កិច្ចពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា និង​ដៃគូ បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​អនុម័ត​។

កម្មវិធី​ណែនាំ​ពហុឆ្នាំ​របស់​សហភាព​អឺរ៉ុប ​២០២១-២០២៧ គឺជា​ឧបករណ៍​ប្រតិបត្តិ​រវាង​សហភាព-អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​។ កម្មវិធី​ណែនាំ​នេះ​ផ្ដោតលើ​វិស័យ​អាទិភាព​៣ រួមមាន​កំណើន​បៃតង និង​ការងារ វិស័យ​អប់រំ និង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​វិស័យ​អភិបាលកិច្ច​។

យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​ស្រប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ ៤ ​ចំណុច​របស់​រដ្ឋាភិបាល​កម្ពុជា រួមមាន ការអភិវឌ្ឍ​ធនធាន​មនុស្ស ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ការលើកស្ទួយ​វិស័យ​ឯកជន និង​ការងារ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​បរិយាប័ន្ន​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​។

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «​ចុងក្រោយ ភាគី​ទាំង​ ២ សង្ឃឹម​ជឿជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​សហភាព​អឺរ៉ុប​នឹង​ត្រូវ​បាន​បន្ត​ពង្រឹង និង​ពង្រីក​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត​នាពេល​អនាគត​»​។

ក្រៅពី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​លោក ឈៀង យ៉ាណារ៉ា ក៏បាន​ថ្លែង​អំណរគុណ​ដល់​សហភាព​អឺរ៉ុប​ និង​ដៃគូ​ដែល​បានរួម​ចំណែក​ដល់​កម្ពុជា​ក្នុង​ការឆ្លើយតប​ទៅនឹង​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ដែល​ការចូលរួម​នោះ​ផ្ដោតលើ​សុខភាព​សាធារណៈ ការលើកកម្ពស់​ជីវភាព និង​សន្តិសុខ​ស្បៀង​ និង​ការស្ដារ​សេដ្ឋកិច្ច និង​បង្កើត​ការងារ​។ បើតាម​សហភាព​អឺរ៉ុប​ជំនួយ​មូលនិធិ​ចំនួន ៣,៤ ​លាន​ដុល្លារ​ត្រូវ​បាន​ផ្ដល់​ដល់​ប្រទេស​កម្ពុជា​សម្រាប់​គាំទ្រ​ប្រព័ន្ធ​សុខាភិបាល​៕