ព្រះវិហារៈ កម្ពុជា និង​អង្គការ USAID របស់​អាមេរិក​បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ទីបញ្ជាការ​ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់​ការពារ​ធម្មជាតិ​ជា​លើកដំបូង​នៅក្នុង​ខេត្ត​ព្រះវិហារ ដើម្បី​តាមដាន​សកម្មភាព​បទល្មើស​ព្រៃឈើ ការកាប់​រានទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ និង​ការ​បរបាញ់​សត្វ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ការពារធម្មជាតិ​។

នៅក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ៣១ ខែ មករា ឆ្នាំ ២០២១ នៅ​ខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ឱ្យ​ដឹងថា ដោយមាន​ការគាំទ្រ​ពី USAID តាមរយៈ​គម្រោង Green Preylang កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​នូវ​ទីបញ្ជាការ​ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់​ការពារ​ធម្មជាតិ​ជា​លើក​ទី​១ ​នៅក្នុង​ខេត្ត​ព្រះវិហារ និង​ជា​ជំហាន​ថ្មី​មួយទៀត​នៅក្នុង​កិច្ចការពារបរិស្ថាន និង​ធនធាន​ធម្មជាតិ និង​លើកកម្ពស់​សមត្ថភាព​របស់​មន្ត្រី​អនុរក្ស​ក៏ដូចជា​ការគ្រប់គ្រង​ទិន្នន័យ​ឱ្យ​​បាន​គ្រប់​ជ្រុងជ្រោយ​។

លោក​ពន្យល់ថា ទីបញ្ជាការ​ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់​ការពារ​ធម្មជាតិ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ ព្រោះ​វា​នឹង​ផ្តល់ជំនួយ​បន្ថែម​ដល់​មន្ត្រី​ឧទ្យានុរក្ស​ដែល​កាលពីមុន​កម្ពុជា​មិន​ដែលមាន​ប្រព័ន្ធ​រួមមួយ​បែបនេះ​នោះទេ និង​ជា​កិច្ចការ​ចាំបាច់​ក្នុងការ​ចាត់វិធានការ​លើ​ការអនុវត្ត​ច្បាប់ និង​ចុះទៅ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ការពារធម្មជាតិ​។

បើតាម​លោក ភក្ត្រា ទីបញ្ជាការ​ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់​ការពារ​ធម្មជាតិ​នឹងចូលរួម​ផ្តល់នូវ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាន់កាប់​ទន្ទ្រាន​រាន​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ការកាប់​ឈើ ឬ​ក៏​ដឹង​ពី​ភាព​សម្បូរបែប​នៃ​ជីវចម្រុះ​នៅក្នុង​តំបន់​ការពារ​។ គម្រោង​តទៅ​មុខទៀត​នឹង​ត្រូវ​ពង្រីក​ទៅកាន់​តំបន់​ការពារ​ធម្មជាតិ​ផ្សេងៗ​ទៀត​។ តាម​ផែនការ​របស់​ក្រសួងបរិស្ថាន​នឹង​បង្កើត​ទីបញ្ជាការ​បែបនេះ​នៅក្នុង​ខេត្ត​ចំនួន ២០ ដែល​មាន​តំបន់​ការពារ​ចំនួន ៧០ ​ដែលមាន​ផ្ទៃដី​ប្រមាណ​ជាង ៧​ លាន​ហិកតា​។

លោក​បាន​ថ្លែងថា​៖ «​កម្ពុជា​មានតែ​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១ ២០០ ​នាក់​ប៉ុណ្ណោះ​ដែល​បាននិង​កំពុង​ការពារ និង​អភិរក្ស​ទៅលើ​ផ្ទៃដី​ប្រមាណ​ជាង ៧ លាន​ហិកតា​ដែល​ក្នុង​ ១ ​នាក់​ត្រូវការពារ​ និង​អភិរក្ស​ជាង ១ ​ម៉ឺន​ហិកតា​ពោលគឺ​ក្នុង​ម្នាក់​មិន​អាច​ដើរល្បាត​គ្រប់​នោះទេ​។ ដូច្នេះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ពី​ទីបញ្ជាការ​ត្រួតពិនិត្យ​ទៅលើ​ប្រព័ន្ធ​ធម្មជាតិ​ (​ជា​ប្រព័ន្ធ​ទិន្នន័យ​រួមមួយ​) ​អាច​នឹង​កត់ត្រា​រាល់​ទិន្នន័យ​នានា​ និង​ក្តាប់បាន​នូវ​ស្ថានភាព​ទូទៅ​ព្រមទាំង​ចាត់វិធានការ​បន្ទាន់​ទៅលើ​បទល្មើស​ផ្សេងៗ​»​។

លោក​បន្តថា​៖ «​កិច្ចការ​នេះ គឺជា​កិច្ចការងារ​ចាំបាច់​បំផុត​សម្រាប់​យើង​ពីព្រោះ​ថា​ប្រសិនបើ​យើង​មិនមាន​បច្ចេកវិទ្យា​ទំនើប​ស្រប​ទៅ​នឹង​ការរីកចម្រើន​បច្ចេកវិទ្យា​របស់​ពិភពលោក​ទេ​នោះ​យើង​ប្រាកដ​ជា​មិនអាច​ដើរ​តាម​ទាន់​គ្រប់​ជនល្មើស​នោះទេ ពីព្រោះ​ជនល្មើស​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ផងដែរ​ក្នុង​ការផ្តល់​ព័ត៌មាន​ទៅវិញ​ទៅមក​ដើម្បី​គេចចេញ​ពី​សំណាញ់​ច្បាប់​របស់​មន្ត្រី​ឧទ្យានុរក្ស និង​ដៃ​របស់​យើង​»​។

លោក Carlos Lamadrid ប្រធានការិយាល័យ​កម្មវិធី​នៃ​អង្គការ USAID បានឱ្យ​ដឹងថា ទីបញ្ជាការ​ប្រព័ន្ធ​ត្រួតពិនិត្យ​ការពារ​ធម្មជាតិ (PAMP) ត្រូវបាន​បង្កើតឡើង ដោយ​ផ្អែក​ទៅ​លើ​វិធីសាស្ត្រ​ដែល​មាន​ស្រាប់​នៅក្នុង​ប្រទេស​កម្ពុជា ដូច​ជាមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ និង ឧបករណ៍​រាយការណ៍​តាម​ផ្លូវ​អាកាស ដោយ​ប្រើប្រាស់​រូបភាព​តាម​ផ្កាយរណប​។

លោក Carlos បញ្ជាក់ថា PAMP នឹង​ជួយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដែល​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ផ្សេងៗ និង​ជួយ​ដល់​អ្នក​ដែល​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​តំបន់​ជីវចម្រុះ​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ល្អប្រសើរ​។ ប្រព័ន្ធ​នេះ​ក៏​នឹង​លើកកម្ពស់​តម្លាភាព គណនេយ្យភាព​ទៅដល់​ការទាក់ទាញ​វិនិយោគ ហិរញ្ញប្បទាន​ដើម្បី​ប្រើប្រាស់​ដោយ​ចីរភាព​សម្រាប់​វិស័យ​អភិរក្ស​។

លោក​ថ្លែងថា​៖ «​កម្មវិធី​នេះ គឺជា​ទីបញ្ជាការ​គ្រប់គ្រង​តំបន់​ការពារធម្មជាតិ​ដំបូងបង្អស់​ដែល​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​នឹង​ធ្វើជា​គំរូ​សម្រាប់​ការសិក្សា និង​ការធ្វើឱ្យ​ប្រសើរ​ឡើង​ក្នុង​ការដាក់​ឱ្យ​អនុវត្ត​នូវ​ទូទាំង​ប្រទេស​។ កម្មវិធី​នេះ​ក៏​នឹង​ជួយ​ធ្វើឱ្យ​ការគ្រប់គ្រង​បណ្តាញ​ការពារ​ធម្មជាតិ​មាន​ភាពរហ័ស​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព និង​តម្លាភាព​»​។

លោក​បន្តថា​៖ «​គម្រោង​ព្រៃឡង់​បៃតង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ក្នុង​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​ដើម្បី​កំណត់​គោលដៅ​សម្រាប់​អន្តរាគមន៍​ការល្បាតព្រៃ​ជា​អាទិភាព​ និង​ការឆ្លើយតប​យ៉ាង​រហ័ស ក៏ដូចជា​ការផ្តល់​ទិន្នន័យ​សំខាន់ៗ ជូនដំណឹង​អំពី​តំបន់​ការពារ​ធម្មជាតិ​ និង​ប្រជាសាស្ត្រ​ផ្នែក​អភិរក្ស​»​។

បើតាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​នៅក្នុង​ខេត្តព្រះវិហារ មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ១០ ដែល​មាន​ផ្ទៃដី​ប្រមាណ​ ៩៦៥ ០០០ ​ហិកតា​ ដោយ​ក្នុងនោះ​មាន​ដែនជម្រក​សត្វព្រៃ​ចំនួន​ ៦ និង​តំបន់​ទេសភាព​ចំនួន​ ២ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន​ ១ និង​ច្រករបៀង​អភិរក្ស​ជីវចម្រុះ​ចំនួន ១ ​ដែល​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន​ ៨៨ ​នាក់​៕

វីដេអូ៖