កម្ពុជាអបអរសាទរថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ទទួលបានឯករាជ្យពីបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។
ព្រះមហាក្សត្រកម្ពុជា នាយករដ្ឋមន្ត្រី និង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋជាច្រើនពាន់នាក់ បានចូលរួមក្នុងកម្មវិធីថ្វាយភ្លើងជ័យនៅវិមានឯករាជ្យ នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីរំឭកថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ ក្រោយពេលទទួលឯករាជ្យពីបារាំង កាលពីថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣។
ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដែលយាងក្នុងព្រះរាជពិធីដុតទៀនជ័យ ដើម្បីរំឭកដល់វិញ្ញាណក្ខ័ន្ធបុព្វបុរសខ្មែរគ្រប់រូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុឯករាជ្យជាតិកម្ពុជា នាវិមានឯករាជ្យ បានមានព្រះរាជបន្ទូលរំឭកពីព្រះរាជបូនីយកិច្ចក្នុងការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជារបស់បិតារបស់ទ្រង់។
ព្រះអង្គមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «កូនចៅប្រជានុរាស្រ្តគ្រប់រូបសូមចងចាំ និង ដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា»។
សាធារណរដ្ឋបារាំង បានដាក់អាណានិគមលើកម្ពុជាអស់រយៈពេលជិតមួយសតវត្សរ៍ គឺចាប់ពី ថ្ងៃ ១១ សីហា ១៨៦៣ ដល់ថ្ងៃ ៩ វិច្ឆិកា ១៩៥៣។
តែយ៉ាងណាក៏ដោយ ក្រោមការគ្រប់គ្រងជិត ១ សតវត្សរ៍នេះ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ បានទាមទារឯករាជ្យនៅលើឆាកអន្តរជាតិ រហូតមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ ហ្សឺណែវ ពីការទទួលស្គាល់ឯករាជ្យរបស់កម្ពុជាពីបារាំង ក្នុងអំឡុងពេលនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាមទំព័រហ្វេសបុករបស់លោកនៅថ្ងៃសៅរិ៍នេះថា លោកនិងមន្រ្តីរាជការមកពីគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កូនក្មួយសិស្សានុសិស្ស បានដង្ហែរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ថ្វាយភ្លើងជ័យនៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ ស្របជាមួយនឹងខួបលើកទី ៦៦ ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា៖ «ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង។ ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនភាពជាតិ ដែលមិនត្រូវឲ្យមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។ ខ្ញុំសូមអរគុណដល់បងប្អូនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសយើងមកទល់សព្វថ្ងៃ»។
លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មិនបានភ្លេចប្រកាសដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមទទួលទានអំបុកដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរ នៅក្រោមពាក្យស្លោក «អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ»ផងដែរ។
ជាមួយនឹងការប្រារព្វទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ នេះ ប្រទេសមហាអំណាចមួយចំនួន ជាពិសេស សហរដ្ឋអាមេរិក បានថ្លែងសារចូលរួមអបអរសាទរដល់ប្រជាជនកម្ពុជា ហើយថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ ស្របពេលដែលកម្ពុជា ឆ្លើយតបយ៉ាងកក់ក្តៅ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានថ្លែងក្នុងលិខិតរបស់លោក ដែលផ្ញើជូនព្រះមហាក្សត្រខ្មែរ ថ្នាក់ដឹកនាំកម្ពុជា និងប្រជានុរាស្ត្រខ្មែរយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិក ស្ថិតនៅជាមួយប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយសុខសន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យភាព»។
ជាមួយនឹងលិខិតរបស់លោក ត្រាំ លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ក៏បានផ្ញើសារលិខិតមកកាន់រដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអបអរទិវាបុណ្យឯករាជ្យជាតិខ្មែរនេះផងដែរ។
លោក Pompeo បាននិយាយថា៖ «ដោយមើលឃើញគុណតម្លៃរួមគ្នារបស់ប្រជាជនកម្ពុជា និង ប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជាមួយ ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និង វិបុលភាពដែលកាន់តែប្រសើរឡើង»។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានផ្ញើលិខិតរបស់លោក ទៅកាន់លោក Mike Pompeo ស្របពេលព្រះមហាក្សត្រកម្ពុជា បានឆ្លើតបលិខិតរបស់ លោក Donald J. Trump ថា ដូចប្រទេសដទៃទៀតនៅលើពិភពលោកដែរ ដែលទិវាបុណ្យឯករាជ្យជាតិគឺជាថ្ងៃដ៏អស្ចារ្យ និងសំខាន់បំផុតនៃប្រវត្តិសាស្រ្តរបស់ប្រទេសខ្លួន។
លោក ប្រាក់ សុខុន បានសរសេរនៅក្នុងលិខិតនោះថា កម្ពុជា យល់ពីតម្លៃខ្ពស់ចំពោះមិត្តភាពរបស់សហរដ្ឋអាមេរិក និង សាររបស់ឯកឧត្តម Pompeo ដែលបានផ្ញើមកកម្ពុជា ដែលនេះជាក្ដីសង្ឃឹមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅនិងកាន់តែមានអត្ថន័យរវាងកម្ពុជានិងអាមេរិក អំពីឯករាជ្យនិងអធិបតេយ្យនៃប្រទេសនីមួយៗ ដោយក្ដីគោរពទៅវិញទៅមក។
លោកថ្លែងថា៖ «ក្នុងន័យនេះ ក្នុងនាមពលរដ្ឋកម្ពុជា និងក្នុងនាមរាជរដ្ឋាភិបាលកម្ពជា ខ្ញុំសូមឆ្លើយតបដោយកក់ក្ដៅនិងស្មោះត្រង់បំផុត និង សូមជូនពរឯកឧត្តម Pompeo និង ប្រជាពលដ្ឋអាមេរិកាំងទទួលបាននូវសន្តិភាព និងសេចក្ដីសុខ»។
ស្របពេលជាមួយគ្នានេះ លោក Xi Jinping ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិត ចិន លោក Li Keqiang នាយករដ្ឋមន្រ្តីចិន និងលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេស ចិន នៅថ្ងៃទី ៩ វិច្ឆិកានេះ ក៏ប្រកាសថ្វាយនិងជូនសារលិខិតអបអរសាទរខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា និង ដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិផងដែរ៕