ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានថ្លែងពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរង់ចាំការឯកភាព ពីប្រទេសឡាវ អំពីបញ្ហាព្រំដែន ដើម្បីបញ្ជូនលិខិតទៅលោកម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីស្នើសុំផែនទីមកដោះស្រាយបញ្ចប់បញ្ហាព្រំដែន ដែលនៅសេសសល់រវាងប្រទេសទាំង ២។
លោកកេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រី Francesca Erdelmann តំណាងថ្មីអង្គការស្បៀង អាហារ ពិភពលោក ប្រចាំកម្ពុជា (WFP) នាព្រឹកថ្ងៃទី ៨ មករានេះ ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឯកសារមួយចំនួន ពាក់ព័ន្ធបញ្ហាព្រំដែនរួចរាល់ និងបានផ្ញើទៅកាន់ភាគីឡាវ ហើយកម្ពុជាបាននិងកំពុងរង់ចាំតែការឯកភាពលើឯកសារទាំងនោះ ពីឡាវតែប៉ុណ្ណោះ ដើម្បីបញ្ជូនលិខិតទៅលោកម៉ាក្រុង។
លោកបញ្ជាក់ថា៖ «រឿងភាគីខ្មែរ និងឡាវ ដែលយើងបានឯកភាពគ្នាថា នឹងផ្ញើ TOR (Term Of Reference) ទៅស្នើសុំបារាំង រហូតមកដល់ពេលនេះ យើងបន្តការពិភាក្សាគ្នា ជាមួយភាគីឡាវ ដើម្បីបញ្ជូន TOR ទៅប្រទេសបារាំង។ រហូតមកដល់ពេលនេះ តាមដែលខ្ញុំទទួលបានព័ត៌មានមក គឺខាងគណៈកម្មការព្រំដែនយើង បានផ្ញើទៅខាងឡាវហើយ ដើម្បីមានការឯកភាពគ្នាលើ TOR ហ្នឹង។ អ៊ីចឹងយើងនៅរង់ចាំភាគីឡាវ ដើម្បីឲ្យគាត់ផ្ដល់មកយើងវិញ ឯកភាពលើ TOR ហ្នឹងបានយើងបញ្ជូនទៅបារាំង»។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៨ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និង លោកថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានយល់ព្រមប្រគល់ ភារកិច្ចឲ្យក្រសួងការបទេសទាំង ២ រៀបចំបែបបទបច្ចេកទេស ដើម្បីផ្ញើទៅប្រធានាធិបតីបារាំង ស្នើសុំឲ្យផ្ដល់ផែនទី បោនខ្នាត ១ លើ ១០០ ពាន់ មកផែនទីខ្នាត ១ លើ ៥០ ពាន់ ដើម្បីវាស់វែងព្រំដែន ដើម្បីបញ្ចប់បញ្ហាជម្លោះព្រំដែនហើយ។
គួរកត់សម្គាល់ផងដែរថាកាលពីខែកញ្ញា ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្ដ្រីនៃប្រទេសទាំង ២ បានឯកភាពគ្នាដាក់តំបន់អូរតាង៉ាវជាតំបន់គ្មានកងទ័ព តំបន់គ្មានប្រជាជនរស់នៅ និងធ្វើអាជីវកម្ម និងបង្កើតឲ្យមានការល្បាតរួមគ្នារវាងកងទ័ពនៃប្រទេសទាំង ២ នៅតំបន់នោះ ក្រោយពីមានការប្រឈមមុខដាក់គ្នា ដោយកម្លាំងប្រដាប់អាវុធនៅតំបន់ជាប់ព្រំដែន កាលពីខែសីហា ឆ្នាំ ២០១៧។
លោកវ៉ា គឺមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនបានបដិសេធឆ្លើយបំភ្លឺទាក់ទងការវិវឌ្ឍនៃការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសឡាវ។
នៅពេលទាក់ទង ពីម្សិលមិញ លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកស្រាវជ្រាវបញ្ហាព្រំដែន មិនធ្វើអត្ថាធិប្បាយលម្អិត ពីបញ្ហាបចេ្ចកទេស នៃការកំណត់ព្រំដែននោះទេ ដោយថាលោកមិនមែនជាអ្នកជំនាញ ប៉ុន្តែលោកថ្លែងថា៖ «បារាំងត្រូវតែផ្តល់ [ផែនទី] ពីព្រោះនេះជាកម្អែលរបស់បារាំង បើបារាំងមិនផ្តល់ តើបានផែនទីពីណាមកដោះស្រាយពីព្រោះប្រទេសបារាំងគឺជាអ្នកកាត់កងដីព្រំដែនហ្នឹង។ បារាំងនឹងផ្តល់នៅពេលដែលមានការឯកភាពរវាងប្រទេសទាំង ២»។
បញ្ហាព្រំដែនកម្ពុជា-ឡាវបានឡើងកម្ដៅកាលពីខែសីហា ឆ្នាំ ២០១៧ ដោយសារកងទ័ពឡាវបានចូលមកឈរជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយបើតាមមន្ដ្រីព្រំដែន គឺកម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០ គីឡូម៉ែត្រដោយត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥ បង្គោល។ ប៉ុន្តែមកទល់ពេលនេះភាគីទាំង ២ បានបោះរួចរាល់ចំនួន ១២១ បង្គោល នៅសល់ប្រមាណ ២៤ បង្គោលទៀត ខណៈដែលចំណុចនៅសេសសល់នោះគឺស្ថិតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕