ភ្នំពេញៈ កម្ពុជា-រុស្ស៊ី នឹង​ចុះអនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​សប្ដាហ៍​នេះ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ និង​រៀនសូត្រ​នូវ​ការអនុវត្ត​ល្អ​ពីគ្នា​ទៅវិញ​ទៅមក​ពាក់ព័ន្ធ​នឹង​ការការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​ការពារ​គ្នា​នៅលើ​វេទិកា​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​។

លោក​ ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកនាំពាក្យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នេះ​ធ្វើឡើង​រវាង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ឧត្តមស្នងការ​សិទ្ធិមនុស្ស​នៃ​សហព័ន្ធ​រុស្ស៊ី​នៅ​រដ្ឋធានី​ម៉ូស្គូ ប្រទេស​រុស្ស៊ី​នា​ថ្ងៃទី​ ១៨ ខែ​ឆ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ​។

លោក​បាន​ពន្យល់ថា​៖ «​អនុស្សរណៈ​នេះ​ផ្ដោត​ទៅលើ​កិច្ចសហប្រតិបត្តិការ​ទូទៅ​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្ដូរ​បទពិសោធ​។ ការអនុវត្ត​ល្អៗ​។ ការរៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក​អំពី​ការការពារ​សិទ្ធិ​សេរីភារព​របស់​ប្រជាពលរដ្ឋ​។ ការលើកស្ទួយ​សិទ្ធិមនុស្ស​។ ក្នុង​ហ្នឹង​ក៏មាន​ការជួយ​គ្នា​ក្នុង​ការចែករំលែក​ព័ត៌មាន​ក៏ដូចជា​ឯកសារ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា​៖ «​ក្រៅពីនេះ​ក៏​មាន​ការជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក និង​ការពារ​គ្នា​នៅក្នុង​វេទិកា​តំបន់​ក៏ដូចជា​វេទិកា​អន្តរជាតិ​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិមនុស្ស​។ យើង​ក៏មាន​ការជួយ​គ្នា​ទៅវិញ​ទៅមក​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ រួមមាន​ពលរដ្ឋ​រុស្ស៊ី​នៅ​កម្ពុជា និង​ពលរដ្ឋ​កម្ពុជា​នៅ​រុស្ស៊ី ដែល​ទទួលរង​នូវ​ការរំលោភបំពាន​សិទ្ធិ​តាមរយៈ​ការជួយ​ការពារ និង​ការ​ផ្ដល់ជំនួយ​ផ្នែក​ច្បាប់​ផ្សេងៗ​»​។

លោក​បញ្ជាក់ថា អនុស្សរណៈ​នៃ​ការយោគយល់​ផ្នែក​សិទ្ធិមនុស្ស​បែបនេះ​នឹង​បន្តធ្វើ​ដោយ​ភាពច្បាស់លាស់​ជាមួយ​ប្រទេស​ផ្សេងទៀត​។ កម្ពុជា​តែងតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិទ្ធិមនុស្ស​នេះ​ជាមួយ​សង្គម​ស៊ីវិល និង​បណ្ដា​ប្រទេស​នៅ​តំបន់​នានា​ទាំង​អាស៊ី និង​អឺរ៉ុប​។ ជាក់ស្ដែង​កម្ពុជា​តែង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ជប៉ុន​ដែល​ធ្វើ​ឡើង​ជា​ប្រចាំ​ជាមួយ​ជប៉ុន និង​ ២ ​ឆ្នាំ​ម្ដង​ជាមួយ​ស៊ុយអែត​។ ក្រៅពីនេះ​ក៏មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​អន្តរជាតិ​រួមមាន អាស៊ាន សហភាព​អឺរ៉ុប ជាមួយ​អង្គការ​សហប្រជាជាតិ ពិសេស​ទាក់ទង​នឹង​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។

លោក​ ម៉ាលីន ​បន្តថា​៖ «​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​នេះ កម្ពុជា​ប្រកាន់​យក​គោលការណ៍​សន្តិសហវិជ្ជមាន គឺ​យើង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់ភាគី​ទាំងអស់ មិន​ថា​ប្រទេស​តូច ប្រទេស​ធំ សេរី មិន​សេរី លោក​ខាងលិច ខាងកើត ខាងជើង​ខាងត្បូង គឺ​យើង​មិន​ប្រកាន់​ទេ​។ សំខាន់​យើង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទាំងអស់​ដើម្បី​ផលប្រយោជន៍ ប្រជាពលរដ្ឋ សង្គមជាតិ និង​ប្រយោជន៍​ប្រជាជាតិ​ទាំងមូល​»​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ថ្លែងថា រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​។ ប៉ុន្តែ​លោក​ថា​នៅពេល​និយាយ​ដល់​បញ្ហា​សិទ្ធិមនុស្ស ហើយ​កម្ពុជា​ធ្វើ​សហប្រតិបត្តិការ​ជាមួយ រុស្ស៊ី ដែល​គេ​ដឹងថា ជា​ប្រទេស​មាន​ការដឹកនាំ​តាម​បែប​កុម្មុយនីស្ត វា​ជា​រឿង​មួយ​ចម្លែក​។

លោក​ថ្លែងថា បើ​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស គេ​តែង​រត់​ទៅ​រក​ប្រទេស​សេរី ដូចជា​ខាង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម​ដែល​គេ​យល់​ថា​ជា​ប្រទេស​ដែល​ផ្ដល់​តម្លៃ​ជា​លក្ខណៈ​អន្តរជាតិ​ថា​ជា​ប្រទេស​មាន​ការគោរព​សិទ្ធិមនុស្ស​បាន​ល្អ​ប្រសើរ​។

លោក​និយាយថា​៖ «​ការដែល​យើង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី​បែបនេះ ខ្ញុំ​គិតថា​នឹង​ធ្វើឲ្យ​មាន​ការយល់​ឃើញថា វា​មិនមែន​ធ្វើឡើង​ដើម្បី​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ទេ​។ ព្រោះ​រុស្ស៊ី​មិនមែន​ជា​ប្រទេស​មាន​ការគោរព​សិទ្ធិមនុស្ស​បាន​ត្រឹមត្រូវ​ទេ ព្រោះ​មាន​ការចាត់​វិធានការ​លើ​អ្នក​មានមតិ​ជំទាស់​ជាច្រើន​រឿង​។ អ៊ីចឹង​បើ​យើង​សហប្រតិបត្តិការ​ទៅលើ​បណ្ដា​ប្រទេស​កុម្មុយនីស្ត​បែបនេះ​វា​ធ្វើឲ្យ​មាន​ការវាយតម្លៃ ថា​កម្ពុជា​យើង​មិន​មាន​ឆន្ទៈ​ងាក​ទៅរក​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​ទេ គឺ​មាន​តែ​រូបភាព​»​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែល​ធ្លាប់​រស់នៅ និង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី យល់ឃើញ​ថា​បើទោះបី​ជា​មតិ​ខ្លះ​យល់ថា រុស្ស៊ី​ជា​ប្រទេស​កុម្មុយនីស្ត​ក៏ដោយ តែ​ធាតុពិត​ប្រទេស​រុស្ស៊ី​មាន​ការគោរព​សិទ្ធិមនុស្ស​បាន​ល្អ​។ លោក​ថា បញ្ញវន្ត នៅ​រុស្ស៊ី​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការបញ្ចេញមតិ និង​ការសិក្សា​ស្រាវជ្រាវ​។ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ព័ត៌មាន​វិញ លោក​ថា​សូម្បី​ក្នុង​បន្ទប់ទឹក​ក៏មាន​វិទ្យុ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​នៅពេល​យើង​ទៅ​ចាប់ដៃ​ជាមួយ​រុស្ស៊ី នៅពេល​ដែល​អឺរ៉ុប​គេ​អត់​ពេញចិត្ត វា​បង្កើត​រឿង​ទៅ​ជា​ថា​ប្រទេស កុម្មុយនីស្ត​អី​អ៊ីចឹងទៅ​។ ប៉ុន្តែ​ប្រទេស​រុស្ស៊ី​គេ​ទូលាយ​ណាស់ យើង​ដើរ​អត់​ដឹងថា​អ្នកធំ អ្នកតូច​ទេ ព្រោះ​ទាំងអស់​គ្នា​ជិះ​មេត្រូ និង​ឡានក្រុង​ដូចគ្នា​។ ខុសពី​យើង​នៅ​យើង​អ្នកមាន​ដឹង​អ្នកមាន អ្នកក្រ​ដឹង​អ្នកក្រ អ្នកតូច​ដឹង​អ្នកតូច​»៕