ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​កម្ពុជា និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​សារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រយៈពេល​ ៥ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២០ ​ក្នុង​ការរួមចំណែក​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​វៀតណាម​នឹង​ជួយ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន និង​ជួយ​ឧបត្ថម្ភ​ឧបករណ៍ សម្ភារ ដល់​វិស័យ​កីឡា​កងទ័ព​កម្ពុជា​។

ពិធី​ចុះ​កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ទៅកាន់​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី​ ២០ ​ធ្នូ ហើយ​បាន​ជួបពិភាក្សា​ជាមួយ​លោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ភាគី​ទាំង​​ ២ ​បាន​ចុះហត្ថលេខា​លើ​សារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រយៈពេល​ ៥ ​ឆ្នាំ «២០២០-២០២៥» នៅ​ក្រសួង​ការពារ​ប្រទេស​ វៀតណាម​ ក្នុង​ទីក្រុង​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នា​ថ្ងៃទី​ ២០ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ​នេះ​។

បើ​យោងតាម​គេហទំព័រ​ក្រសួង​ការពារជាតិ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ២០ ​បាន​ឲ្យ​ដឹងថា​លោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រី ក្រសួង​ការពារ​ប្រទេស​វៀតណាម​បាន​ថ្លែង​អំណរគុណ​ដល់​សម្ដេច​ពិជ័យសេនា ទៀបាញ់ ដែល​បាន​ទទួល​ការអញ្ជើញ​របស់​ក្រសួង​ការពារ​ប្រទេស​វៀតណាម​មក​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី ៧៥ ​ឆ្នាំ​នៃ​ការបង្កើត​កងទ័ព​ប្រជាជន​វៀតណាម និង​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​ទាំង​ ៣ ​ប្រទេស កម្ពុជា វៀតណាម ឡាវ​។

យោងតាម​គេហទំព័រ​ដដែល​នេះ​លោក ស៊ុនលិច្ស បាន​ឲ្យ​ដឹងថា​៖ «​ដំណើរ​ទស្សនកិច្ច​​របស់​គណៈប្រតិភូ​ក្រសួង​ការពារជាតិ​កម្ពុជា​នៅ​វៀតណាម​លើក​នេះ​គឺមាន​អត្ថន័យ​យ៉ាងសំខាន់​ដើម្បី​វាយតម្លៃ​ពី​លទ្ធផល​អនុវត្ត​ពិធីសារ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង​ ២ ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ ២០១៩ និង​ទិសដៅ ៥ ​ឆ្នាំ ទៅមុខទៀត​។ កិច្ចសហការ​រវាង​កងទ័ព​ទាំង​ ២ ​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​ការរួមចំណែក​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កងទ័ព​ទាំង​ ២ ​ប្រទេស​កម្ពុជា-វៀតណាម​»​។

លោក ទៀ បាញ់ បាន​ថ្លែង​ដោយ​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​រដ្ឋាភិបាល ក្រសួង​ការពារ​ប្រទេស​វៀតណាម​ដែល​ជា​និច្ចកាល​បាន​ជួយ​គាំទ្រ​ដល់​ក្រសួងការពារជាតិ​កម្ពុជា ដើម្បី​លើកកម្ពស់​សមត្ថភាព​យល់​ដឹង​លើ​គ្រប់​វិស័យ​ដល់​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ព្រមទាំង​បាន​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត រួមចំណែក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ការជឿ​ទុកចិត្ត​គ្នា កិច្ចសហប្រតិបត្តិការ និង​ការយោគយល់​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ ២ ហើយ​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រយៈពេល​ ៥ ​ឆ្នាំ “២០១៥-២០១៩” និង​កិច្ចសហប្រតិបត្តិការ​ប្រចាំឆ្នាំ​ ២០១៩ ក្រសួង​ការពារជាតិ​ប្រទេស​ទាំង​ ២ ​កម្ពុជា-វៀតណាម​។

លោក ទៀ បាញ់ ​បាន​ថ្លែងថា​៖ «(​យើង​) ​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​តាម​ផែនការ​កំណត់​ធ្វើ​ឲ្យ​កងទ័ព​ប្រទេស​ទាំង​ ២ ​មានការ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​កាន់តែ​ល្អប្រសើរ​លើ​គ្រប់​វិស័យ​សម្រាប់​កសាង និង​អភិវឌ្ឍ​ប្រទេស​ព្រមទាំង​បាន​បង្កើន និង​ពង្រីក​ចំណង ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព លើ​គ្រប់​វិស័យ​គួរកត់សម្គាល់​»​។

លោក ទៀ បាញ់ ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​ការពារជាតិ​មាន​ភារកិច្ច​ចូលរួម​ចំណែក​ក្នុង​ការរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ​នៅ​កម្ពុជា​ដោយ​បាន​ស្នើ​ដល់​ភាគី​វៀតណាម​ជួយ​ពិនិត្យ​លទ្ធភាព​ដល់​កម្ពុជា​លើ​វិស័យ​កីឡា​កងទ័ព​ដូចជា​ការជួយ​បណ្តុះបណ្តាល និង​ហ្វឹកហាត់ និង​ជួយឧបត្ថម្ភ​ឧបករណ៍ សម្ភារ និង​មធ្យោបាយ​សម្រាប់​ហ្វឹកហាត់​ដល់​​កីឡា​កម្ពុជា​។ លោក ង៉ូ ស៊ុនលិច្ស បាន​ឯក​ភាពជា​គោលការណ៍ និង​ឲ្យ​ស្ថាប័ន​ជំនាញ​ធ្វើការ​ជាមួយ​គ្នា និង​ដាក់​ចូលក្នុង​ផែនការ​កិច្ចសហប្រតិបត្តិការ​ដើម្បី​អនុវត្ត​៕