ភ្នំពេញៈ បន្ទាប់ពី​កិច្ចប្រជុំ​រយៈពេល​ ៥ ​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍​មុន​ជាមួយ​សមភាគី​វៀតណាម​អំពី​ករណី​ជួញដូរ​ឈើ​ខុសច្បាប់ និង​បទល្មើស​សត្វព្រៃ​ដែល​នាំ​ចេញ​ពី​កម្ពុជា រដ្ឋបាល​ព្រៃឈើ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង ២ នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ទាំងនោះ​។

លោក ច័ន្ទ ប៉ូនីកា នាយករង​រដ្ឋបាល​ព្រៃឈើ ក្រសួង​កសិកម្ម​ថ្លែង​ថា​មាន​មន្ត្រី​គយ​មកពី​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​មន្ត្រី​នគរបាល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះ​។

លោក​ថ្លែង​ថា​៖​ «​យើង​បាន​ពិភាក្សា​អំពី​ការពង្រឹង​ការធ្វើ​ពាណិជ្ជកម្ម​ឈើ​ស្រប​ច្បាប់​រវាង​កម្ពុជា និង​វៀតណាម​ហើយ​ទី​ ២ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ សម្រាប់​ប្រទេស​នីមួយៗ​»​។

លោក​បន្ត​ថា​៖ «​យើង​បាន​ប្រាប់​ពួកគេ​អំពី​ឯកសារ​ដែល​បង្ហាញ​ថា ឈើ​ទាំងនោះ​ស្រប​ច្បាប់​ហើយ​ប្រសិន​បើ​គ្មាន​ឯកសារ​ទាំង​នោះ​ទេ នោះ​គឺ​វា​ខុស​ច្បាប់​។ យើង​បាន​ស្នើឱ្យ​ពួកគេ​អនុវត្ត​វា ហើយ​បើ​សិន​ពួកគេ​ឃើញ​អ្វី​ដែល​មិន​ប្រក្រតី​ពួកគេ​ត្រូវ​រាយការណ៍​មក​យើង​ភ្លាម​»​។

លោក​បន្ថែម​ថា​កម្ពុជា​ចង់​ពង្រឹង​ក្រុម​ការងារ​ផ្នែក​ទំនាក់​ទំនង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​មុន ប៉ុន្តែ​ក្រុម​នេះ​មិន​សូវ​សកម្ម​នោះ​ទេ ដែល​ត្រូវ​ពង្រឹង​វា​ឡើង​វិញ​។ «​ឥឡូវនេះ​យើង​ពន្យល់​អំពី​ច្បាប់​ក្នុង​ស្រុក​របស់​យើង​ដើម្បី​ឱ្យ​ពួកគេ​យល់​»​។

លោក​ ប៉ូនីកា ​បញ្ជាក់​ថា​មន្ត្រី​វៀតណាម​បាន​ជូន​ដំណឹង​ប្រាប់​មន្ត្រី​របស់​គេ​ចំនួន ២០ នាក់​មកពី គយ ទាហាន និង ប៉ូលិស ឱ្យ​ធ្វើការ​ឃ្លាំ​មើល​ឲ្យ​បាន​ដិត​ដល់​។

នៅពេល​ដែល​សួរ​ថា តើ​លោក​អាច​បញ្ជាក់​បាន​ទេ​ថា តើ​ធ្វើ​យ៉ាង​ដូចម្តេច​ទើប​ដឹង​ថា ភាគី​វៀតណាម​មិន​បន្ត​ទទួល​យក​ឈើ​ខុស​ច្បាប់​ដែល​នាំចេញ​ពី​កម្ពុជា​? លោក​ ប៉ូនីកា ​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​ដូចម្តេច​ទេ​ ប៉ុន្តែ​យើង​បាន​ពន្យល់​ពួកគេ​រួច​ហើយ​ថា ឈើ​ស្រប​ច្បាប់​មាន​លក្ខណៈ​ដូចម្តេច​។ យើង​សង្ឃឹម​ថា​បន្ទាប់ពី​វៀតណាម និង​សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​លើ VJA យើង​នឹង​មាន​ការគាំទ្រ​ច្រើន​ពី​វៀតណាម​។ វៀតណាម​សន្យា​ថា​នឹង​ជួយ​គាំទ្រ​គម្រោង​ដែល​យើង​បាន​ស្នើ​ឡើង​»​។

បើ​តាម​លោក​ ប៉ូនីកា វៀតណាម បាន​សន្យា​ថា​នឹង​គាំទ្រ​គម្រោង​ដែល​បាន​ស្នើ​ឡើង​ដោយ​មន្ត្រី​កម្ពុជា​ដើម្បី​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រំដែន​ប្រសើរ​ឡើង​ដែល​បាន​ធ្វើ​អាជីវកម្ម​ឈើ និង​សត្វព្រៃ​ខុស​ច្បាប់​។ ផែនការ​សកម្មភាព​បន្ទាប់​របស់​អាជ្ញាធរ​គឺ​នឹង​បង្កើត​គម្រោង​មួយ​ដើម្បី​ពង្រឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​លើ​ការកាប់​ឈើ និង​បរបាញ់​សត្វព្រៃ​ដោយ​បង្វែរ​ឲ្យ​ពួកគេ​ងាក​ទៅ​ដាំ​បន្លែ​ ឬ​ដំណាំ​ឈើ​ហូប​ផ្លែ​ជំនួស​វិញ ដែល​ជា​ជម្រើស​មួយ​ដ៏ល្អ​។

លោក ប៉ែន ប៊ុណ្ណា មន្ត្រី​ជាន់ខ្ពស់​អង្គការ​អាដហុក​ដែល​ជា​ញឹកញាប់​តែងតែ​ចូលរួម​ជាមួយ​សហគមន៍​ដើម្បី​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​បាន​ថ្លែង​ថា​៖ «​វា​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​ដែល​ទៅ​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ​ជាមួយ​បរទេស​ដែល​យើង​មាន​ច្បាប់​គ្រប់គ្រាន់​ហើយ​នោះ​ ប៉ុន្តែ​ដោយសារ​តែ​មន្ត្រី​មិន​មាន​ការប្តេជ្ញាចិត្ត​ក្នុង​ការ​អនុវត្ត​»​។ លោក​ថ្លែង​ថា​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​វា​មិន​ពិបាក​ដូច​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​នោះ​ទេ ពីព្រោះ​ថ្នាំញៀន​ងាយ​លាក់បាំង​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ឈើ​គឺ​ពិបាក​លាក់បាំង​ណាស់​។ គ្រាន់តែ​ថា មន្ត្រី​មិន​បាន​យក​ចិត្ត​ទុកដាក់ និង​គ្មាន​ការប្តេជ្ញាចិត្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ​។ ការអនុវត្ត​ច្បាប់​គឺ​មាន​អំពើ​ពុករលួយ ហើយ​មិន​បាន​ធ្វើការ​ចោទប្រកាន់​មន្ត្រី​ ឬ​ឈ្មួញ​ទាំងនោះ​ទេ​»៕ NS