ភ្នំពេញៈ កម្ពុជា សិង្ហបុរី និងវៀតណាម បានព្រមព្រៀងជ្រើសរើសយកផ្លូវសហប្រតិបត្តិការ សន្ទនា និងមិត្តភាព ក្នុងការបញ្ចប់ភាពចម្រូងចម្រាសនៃការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ពាក់ព័ន្ធប្រវត្តិសាស្ត្រ។
រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជា សិង្ហបុរី និងវៀតណាម កាលពីថ្ងៃសុក្របាននិយាយទូរស័ព្ទក្នុងកិច្ចសន្ទនាដាច់ដោយឡែកពីគ្នាដើម្បីបញ្ចប់ភាពចម្រូងចម្រាសរឿងប្រវត្តិសាស្ត្រ ដែលលើកឡើងដោយនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong កាលពីចុងខែឧសភា ដែលបានធ្វើឲ្យមានការខឹងសម្បាពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា មន្ត្រីជាន់ខ្ពស់វៀតណាម ដោយសារតែលោកលើកឡើងថា វៀតណាមឈ្លានពានកម្ពុជា។
កាលពីថ្ងៃទី ៣១ ខែ ឧសភា លោក Lee Hsien Loong បានសរសេរនៅលើហ្វេសប៊ុករបស់លោកដើម្បីចូលរួមរំលែកទុក្ខដល់មរណភាពអតីតនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ Prem Tinsulanonda។
លោក Lee Hsien Loong សរសេរថា៖ «ប្រទេស (ថៃ) ជាអ្នកនៅខ្សែមុខ ដោយប្រឈមមុខនឹងកម្លាំងវៀតណាមដែលឆ្លងកាត់ព្រំដែនរបស់ខ្លួនជាប់កម្ពុជា។ ឧត្តមសេនីយ៍ Prem តាំងចិត្តមិនទទួលយកអ្នកជំនួសនេះហើយបានធ្វើការជាមួយដៃគូអាស៊ាននានាដើម្បីប្រឆាំងនឹងការកាន់កាប់របស់វៀតណាមនៅលើវេទិកាអន្តរជាតិ»។
លោកបន្តថា៖ «នេះបានរារាំងមិនឲ្យមានការចូលឈ្លានពានដោយយោធា និងការផ្លាស់ប្តូរនៅក្នុងតំបន់ពីភាពស្របច្បាប់។ វាបានការពារសន្តិសុខរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃៗទៀត ហើយជាការការពារតំបន់យ៉ាងមានប្រសិទ្ធភាព និងលឿន»។
ប៉ុន្តែកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំង ៣ បានថ្លែងតាមទូរស័ព្ទដើម្បីបញ្ចប់ជម្លោះប្រវត្តិសាស្ត្រនេះដែលកើតចេញពីការយល់ឃើញខុសគ្នាផ្នែកប្រវត្តិសាស្ត្រ និងថ្លែងថា នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយទុកបញ្ហាប្រវត្តិសាស្ត្រមួយឡែក។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានប្រាប់សមភាគីកម្ពុជា លោក ប្រាក់ សុខុន ថា លោក Lee Hsien Loong បានបញ្ជាក់ពីការយល់ដឹងអំពីការឈឺចាប់របស់ពលរដ្ឋកម្ពុជាក្នុងរបបខ្មែរក្រហម ហើយថា ការលើកឡើងនោះមិនមានចេតនាអាក្រក់ទេពីភាគីសិង្ហបុរី។
លោក Vivian Balakrishnan បន្តថា សារនាយករដ្ឋមន្ត្រីសិង្ហបុរី គ្រាន់តែជាការរំឭកស្ថានការណ៍ និងបញ្ហាប្រឈមនៅពេលនោះ ហើយសារបែបនេះត្រូវបានថ្លែងជាសាធារណៈរួចហើយកាលពីពេលមុន។
សេចក្តីប្រកាសព័ត៌មានដដែលសរសេរថា៖ «រដ្ឋមន្ត្រីទាំង ២ រូបយល់ថាទោះបីប្រទេសយើងទាំង ២ មានទស្សនវិស័យខុសគ្នាស្ដីពីប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ ក៏ប្រទេសទាំង ២ នៅបន្តជាអ្នកជិតខាងល្អ ជាមិត្តដ៏ល្អនឹងគ្នា ហើយខិតខំបំភ្លេចអតីតកាល ដើម្បីបន្តរក្សាការសន្ទនា និងទំនាក់ទំនងល្អជាមួយគ្នាតទៅទៀត»។
កាលពីថ្ងៃសុក្រ ក្រសួងការបរទេសសិង្ហបុរីក៏បានចេញសេចក្តីថ្លែងការណ៍មួយជាការឆ្លើយតបលើបញ្ហានេះដែរ ដោយបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស Vivian Balakrishnan ក៏បានទូរស័ព្ទទៅសមភាគីវៀតណាម។
សេចក្តីថ្លែងការណ៍ថា៖ «ខណៈសិង្ហបុរីនិងវៀតណាមស្ថិតនៅលើការប្រឆាំងគ្នាកាលពីអតីតកាល និងមានទស្សនៈយល់ឃើញផ្សេងគ្នារឿងប្រវត្តិសាស្ត្រ មេដឹកនាំរបស់យើងបានសម្រេចទុកភាពខុសគ្នានោះដោយឡែក ហើយធ្វើឲ្យមានការចម្រើនទៅមុខលើភាពជាដៃគូ ទាំងទ្វេភាគីនិងក្នុងក្របខ័ណ្ឌអាស៊ាន»។
សេចក្តីថ្លែងការណ៍ថា៖ «សិង្ហបុរីប្ដេជ្ញាកសាងទំនាក់ទំនងល្អរបស់យើងជាមួយវៀតណាម កម្ពុជា ហើយសង្ឃឹមថា ពួកគេនឹងបន្តរីកលូតលាស់ជោគជ័យកាន់តែខ្លាំងឡើងៗ ដោយផ្អែកលើភាពស្មោះត្រង់»។ និងការជឿទុកចិត្ត»។
លោក គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិថ្លែងថា ប្រវត្តិសាស្ត្រគួរត្រូវទុកដោយឡែកពីព្រោះវាមានភាពចម្រូងចម្រាស ហើយបង្កឲ្យមានអរិភាព និងការសង្ស័យក្នុងចំណោមប្រទេសក្នុងសហគមន៍អាស៊ាន។
លោកបានបន្តថា ប្រទេសក្នុងតំបន់អាស៊ានគឺជាជនរងគ្រោះនៃការប្រកួតប្រជែងមនោគមន៍វិជ្ជាដូចគ្នាក្នុងអំឡុងសង្គ្រាមត្រជាក់ ហើយរបួសចាស់នេះមិនគួរត្រូវបានចាក់អំបិលពីលើទេ។
លោកថ្លែងថា៖ «ទាំងអស់គ្នាគួរតែផ្ដោតលើការអភិវឌ្ឍ ថាតើសហគមន៍អាស៊ានមានអត្តសញ្ញាណតែមួយ និងមានជោគវាសនាតែមួយយ៉ាងណា ហើយគួរធ្វើការរួមគ្នាឆ្ពោះទៅកាន់សមាគមន៍មួយដែលមានវាសនារួមគ្នា»។
លោក គិន ភា លើកឡើងពីជម្លោះរវាងវៀតណាម និងអាមេរិក កាលពីអតីតកាល ប៉ុន្តែប្រទេសទាំង ២ នាពេលបច្ចុប្បន្នមានទំនាក់ទំនងល្អ។ ចំណែកបារាំងធ្លាប់ដាក់អាណានិគមលើកម្ពុជា ៩០ ឆ្នាំ ហើយកម្ពុជាធ្លាប់បាត់បង់ទឹកដី ១៩ ខេត្តទៅវៀតណាម រួមទាំងកោះមួយដែលមានទំហំប៉ុនប្រទេសសិង្ហបុរី។
លោកថា ការលើកយកប្រវត្តិសាស្ត្រមកជជែកគ្នាឡើងវិញរារាំងដល់ការអភិវឌ្ឍប្រទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកថ្លែងថា៖ «ប្រជាជនកម្ពុជា ក៏ដូចជាមេដឹកនាំនៅក្នុងសមាគមអាស៊ាន មិនគួរគាស់ខ្មោចដែលស្លាប់ទៅហើយយកមកហិតឡើងវិញទេ ព្រោះវាបានត្រឹមតែឈឺចាប់ហើយធ្វើឲ្យរាំងស្ទះដល់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់»។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ហៅកាត់ថា AVI បានថ្លែងកាលពីថ្ងៃម្សិលមិញថា អ្វីដែលអាចទៅរួចគឺការគិតពីអនាគតទៅមុខក្នុងសហគមន៍អាស៊ានដើម្បីរកដំណោះស្រាយរួមគ្នាក្នុងតំបន់ ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រទេសទាំង ៣ នេះ៕